សម្ដេចតេជោ ៖ សូមមិត្តចិនកុំទុកឲ្យកម្ពុជាបញ្ជាទ័ព ដោយមិនបានផ្ដល់អាវុធ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្តាំផ្ញើទៅលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា កុំទុកឲ្យសម្តេចក្លាយជាមេបញ្ជាការ បញ្ជាកងទ័ព ដោយមិនផ្ដល់អាវុធ និងគ្រាប់រំសេវឲ្យកងទ័ព ។
ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ចង់មានន័យថា «កុំឲ្យសម្ដេច បញ្ជាក្រុមគ្រូពេទ្យ ទៅវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយគ្មានវ៉ាក់សាំង។ សម្ដេច ថា «បញ្ហាជំងឺកូវីដ-១៩ ដូចមានពេលសង្គ្រាម ឲ្យតែចិនមានវ៉ាក់សាំងលក់ប៉ុន្មាន កម្ពុជាបញ្ជាទិញប៉ុណ្ណឹង»។
ក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២ ដល់ក្រោម១៨ឆ្នាំ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងមកកម្ពុជា នូវវ៉ាក់សាំងកូវីដ-១៩ ជាង៣លានដូស ក្រៅពីនោះ កម្ពុជាបញ្ជាទិញពីចិន ជាង២០លានដូស។
សម្ដេចតេជោ មានប្រសាសន៍ថា «ឯកឧត្តម វង្សី វិស្សុត មានទំនាក់ទំនងល្អជាប់ជាប្រចាំជាមួយអគ្គរដ្ឋទូតចិន ហើយពាំនាំសម្ដីរបស់ខ្ញុំ ទៅប្រាប់អគ្គរដ្ឋទូតចិនថា សូមកុំទុកឲ្យខ្ញុំក្លាយទៅជា មេបញ្ជាការ បញ្ជាទ័ព ដោយមិនបានផ្ដល់អាវុធ និងគ្រាប់រំសេវទៅឲ្យកង ទ័ព»។
សម្ដេចតេជោបន្ដថា កម្ពុជានឹងមានវ៉ាក់សាំងជាង២៦លានដូស ទាំងជំនួយពីបណ្ដាប្រទេសដូចជា ៖ ចិន អង់គ្លេស ជប៉ុន និងអាមេរិក ព្រមទាំងបញ្ជាទិញផងដែរ។
ឆ្លើយទៅនឹងសម្ដេចតេជោ ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា ចិន-កម្ពុជា គឺជាបងប្អូនល្អប្រៀបដូច ដៃ និងជើង និងជាមិត្តភក្តិល្អក្នុងសហគមន៍វាសនារួម។
ស្ថានទូតបញ្ជាក់ថា ចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំង សម្រាប់កម្ពុជា និងគាំទ្រមិនងាករេ ដល់កិច្ចការងារប្រយុទ្ធប្រឆាំងជំងឺវីរុស នៅកម្ពុជា។ ទូត ក៏បានអះអាងថា ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស ចំនួន ៧,៣៨៥,០១៣នាក់ ហើយលទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៧៣.៤៨% ហើយ៕
លោកស្រី ឱ វណ្ណឌីន ៖ អ្នកឆ្លងជំងឺកូវីដ-១៩ បម្លែងថ្មី មួយចំនួនមិនដឹង ប្រភពមកពីណា ខណៈបច្ចុប្បន្នកម្ពុជា មានអ្នកឆ្លង២២៣នាក់
ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា បច្ចុប្បន្នអ្នកឆ្លងវិរុសជំងឺកូវីដ-១៩ បំប្លែងថ្មី (Delta) មួយចំនួនមិនដឹងប្រភទ ឆ្លងមកពីខាងណា ដូច្នេះ បុគ្គលគ្រប់រូបកុំចល័ត ទៅតំបន់ផ្សេងៗ ព្រោះជំងឺឆ្លងលឿន ។
ក្នុងឱកាសនាំយកថវិកា របស់សម្ដេចតេជោ ប្រគល់ជូនដល់លោកតា អាយុ១០២ឆ្នាំ ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ នៅក្រុងកំពត ខេត្តកំពត នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា រយៈពេល ៥ខែ កម្ពុជារកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន២២៣នាក់ ក្នុងនោះ ស្ដ្រី១០៧នាក់។
លោកស្រីបន្ដថា លើពិភពលោកមានការព្រួយបារម្ភខ្លាំងចំពោះ ប្រភេទ Delta ដោយសារស្ថានភាពរបស់វាមានភាពឆ្លងលឿន។ លោកស្រីថា បច្ចុប្បន្ននៅកម្ពុជាប្រភេទ Delta ឆ្លងក្នុងសហគមន៍ជាដុំៗ ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងជាប់ជានិច្ច ហើយអនុវត្តវិធានការរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
លោកស្រីបញ្ជាក់ថា «ការរកឃើញនៃបុគ្គល ដែលមានផ្ទុះនូវវិរុសប្រភេទ Delta នេះ នៅរាជធានីភ្នំពេញ គឺមានអ្នកឆ្លង និងមានអ្នកមក ពីក្រៅប្រទេស តាមជើងហោះហើរ ប៉ុន្ដែក៏មានបងប្អូនប្រជាពលរដ្ឋ យើងដែលគាត់ឆ្លង ហើយអត់ដឹងថា គាត់ឆ្លងពីណា ។ កន្លែងនេះដែលជាចំណុច សំខាន់ ប្រសិនបើដឹងច្បាស់ គាត់កន្លែងណា គឺយើងទៅចាត់ចែងវិធានការ ទៅរុករកឲ្យបានលឿន ហើយយើងរកអ្នកវិជ្ជមាន យកមកធ្វើការព្យាបាល ។ ចឹងយើងមានការឃុំគ្រប់គ្រងត្រឹមត្រូវ ក៏ប៉ុន្ដែនៅពេល ដែលយើងអត់ដឹង គាត់ឆ្លងមកពីណា នេះគឺជាបញ្ហាមួយដែលជាសញ្ញាមួយបញ្ជាក់ថា យើងទាំងអស់គ្នា ត្រូវតែប្រុងប្រយ័ត្ន ដោយសារជា សញ្ញាបញ្ជាក់ថា វិរុស Delta នេះ បានចរាចរណ៍ទៅហើយ តែចរាចរណ៍ នៅកន្លែងណា យើងអត់ដឹង តាមបុគ្គលដែលចល័ត»។
លោកស្រីរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋគ្រប់រូប កុំចល័ត ពីតំបន់មួយ ទៅតំបន់មួយទៀត ក្នុងដំណាក់កាលកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឹកូវីដ-១៩ នៅកម្ពុជា។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៨,៤៧៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៧១,៥១៧នាក់ និងស្លាប់ ចំនួន ១,៤៤២នាក់៕
លោក គង់ គាំ ហៅគម្រោងបង្កើត រដ្ឋាភិបាលរួបរួមជាតិរបស់ សម រង្ស៊ី ជាគម្រោងខ្មោច ឬខ្យល់
ភ្នំពេញ៖ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានវាយប្រហារលោក សម រង្ស៊ីចំពោះការប្រកូកប្រកាស គម្រោងបង្កើតរដ្ឋាភិបាលរួបរួមជាតិថា គឺជាគម្រោងខ្មោច ឬគម្រោងខ្យល់ ។
តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ២ សីហា លោក គង់ គាំបានថ្លែងថា យ៉ាងហោចណាស់អ្នកនយោបាយនៃអតីត CNRP ដែលជាប់បម្រាមចំនួនមួយភាគបី (អាចច្រើនឡើងៗ មុនឆ្នាំ២០២២/ឆ្នាំ២០២៣) បន្តសុំសិទ្ធិធ្វើនយោបាយ នៅកម្ពុជាឡើងវិញ ។
លោកបន្តថា “ដោយពួកគេឈប់រវើរវាយ ពិសេសមិនចង់ពាក់ព័ន្ធ គម្រោងរដ្ឋាភិបាលរួបរួមជាតិ (ខ្មោច/ខ្យល់)របស់សម រង្ស៊ី និងក្រុមក្រៅច្បាប់ ក្រៅប្រទេស ឬគម្រោង (សហគមន៍អាស៊ានស្រមោល) នៃក្រុមអ្នកនយោបាយមិនកាន់អំណាច របស់បណ្តាប្រទេសអាស៊ាន ដើម្បីសង្គ្រាមត្រជាក់ថ្មី រវាង(BRI/ចិន – B3Wសហរដ្ឋអាមេរិក/EU)” ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១៧ កក្កដា លោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា ចាប់ផ្តើមគិតគូរបង្កើត រដ្ឋាភិបាលរួបរួមជាតិនៅកម្ពុជា ដោយយកតាមគំរូប្រទេសភូមា ដើម្បីទាមទារឲ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រគល់អំណាចជូនពលរដ្ឋ ។ ក្រោយការប្រកាសរបស់បែបនេះ មានមន្រ្តីដែលជាអតីតមន្រ្តីនៃ អតីតគណបក្សសង្រ្គោះជាតិ សង្គមស៊ីវិល និងក្រុមបញ្ញវ័ន្តខ្មែរនៅក្រៅប្រទេស បានបញ្ចេញមតិស្រដៀងគ្នាថា ការប្រកាសរបស់លោក សម រង្ស៊ី ដើម្បីចង់ឲ្យឈ្មោះលោក ត្រូវបានគេចាប់អារម្មណ៍ឡើងវិញ បន្ទាប់ពីឈ្មោះលោកបានស្ងប់ស្ងាត់ ហើយថា គម្រោងនេះក៏មិនចេញជារូបរាងអ្វីដែរ ៕
អាណិតណាស់! ទារិកាអាយុ ២ខែម្នាក់ បានស្លាប់ដោយសារ ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញប្រកាសព័ត៌មាន ស្តីពីការស្លាប់ទារិកាឈ្មោះប៊ុន យូជិន អាយុ ២ខែ ដោយមានផ្ទុកវិជ្ជមានកូវីដ១៩ ខណៈសម្រាកព្យាបាល នៅមណ្ឌលព្យាបាលកំរិតស្រាល កងពលធំអន្តរាគមន៍លេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី០១ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៤:០០នាទីព្រឹក ។
រដ្ឋបាលខេត្តព្រះវិហារ សូមចូលរួមចំណែក សោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព ៕
លោក ពីន សំខុន អតីតមន្រ្តីសំខាន់អតីតCNRP និងធ្លាប់ជានិពន្ធនាយក វិទ្យុអាស៊ី មកចូលរួមជាមួយ បក្សកែទម្រង់កម្ពុជា
ភ្នំពេញ ៖ ក្នុងនាមជាអតីតមន្រ្តី សំខាន់មួយរូប របស់អតីតគណបក្សសង្រ្គោះជាតិ (CNRP)ប្រចាំអាមេរិក និងធ្លាប់ជានិពន្ធ នាយកវិទ្យុអាស៊ីសេរី ជាខេមរភាសាលោក ពីន សំខុន បានប្រកាសចូលរួមក្នុងជីវភាព នយោបាយ ជាមួយគណបក្សកែទម្រង់កម្ពុជា ដែលមានលោក អ៊ូ ច័ន្ទរ័ត្នជាស្ថាបនិក និងលោក ប៉ុល ហំម ជាប្រធាន ។
លោក ពីន សំខុន ក្រៅពីធ្លាប់កាន់តួនាទីដូចខាងលើនេះ លោកក៏ជាអ្នកសារព័ត៌មាន ហើយបានធ្វើជាប្រធាន សមាគមអ្នកកាសែតខ្មែរ កាលពីជាង៣០ឆ្នាំមុន ។ បច្ចុប្បន្នលោក ក៏បានបោះពុម្ភកាសែត ជាភាសាខ្មែរនៅអាមេរិកផងដែរ ។ នេះបើតាមលោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៤ សីហា ។
យោងតាមលិខិតរបស់លោក ពីន សំខុន នាថ្ងៃ៣ សីហា បានឲ្យដឹងថា “ខ្ញុំបានសម្រេចចិត្ត ដោយមិនរារែក ជ្រើសយកការគាំទ្រគណបក្សថ្មីមួយ ដែលមានឈ្មោះថា គណបកែទម្រង់កម្ពុជា ដែលមានរូបសញ្ញាក្បាលដំរី កាន់ផ្កាឈូក ដែលជាសញ្ញាខ្ញុំធ្លាប់ប្រកាន់យក តាំងពីឆ្នាំ១៩៩៣មក” ។
លោកថា កម្ពុជានឹងក្លាយជាប្រទេសប្រជាធិបតេយ្យ សេរី មានគណបក្សច្រើន តំណាងដោយអ្នកមាន កេរ្តិ៍ឈ្មោះឆ្នើម និងគួរឲ្យគោរពចេញ មកប្រឡូកចង់ឈ្នះ ក្នុងថ្នាលនយោបាយថ្មី នៅអាណត្តិឆ្នាំ២០២២-២០២៣ខាងមុខ ៕
លោកស្រី ឱ វណ្ណឌីន ៖ វីរុសកូវីដប្រភេទ Delta មិនឆ្លងតាមខ្យល់ទេ
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ៗ ដើម្បីកុំឲ្យមានការយល់ច្រឡំទៀតថា វិរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) មិនឆ្លងតាមខ្យល់នោះទេ ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្ដញសង្គមហ្វេសប៊ុក បាននាំគ្នាចែករំលែកនូវសារមួយតៗគ្នាថា វីរុសកូវីដ-១៩ ប្រភេទបំប្លែងថ្មី Delta អាចឆ្លងតាមខ្យល់ ។
ជាបន្តលោកស្រីបានពន្យល់ យ៉ាងក្បោះក្បាយថា វីរុសកូវីដ-១៩ ប្រភេទណាក៏ដោយ ការចម្លងនេះ មិនខុសគ្នានោះទេ ការចម្លងស្ថិតក្នុងរបៀបតែមួយ តាមរយៈដំណក់ទឹកមាត់តូចៗ ទោះបីជាប្រភេទ Alpha Beta Gama ឬ Delta នេះក្ដី ។ ការចម្លងគឺនៅពេលបុគ្គល ដែលផ្ទុកវីរុសកូវីដ និយាយ ឬក្អក កណ្ដាស ដំណក់ទឹកមាត់តូចៗនោះ នឹងខ្ទាតចេញមក ដូចនេះហើយទើបគេតម្រូវ ឲ្យត្រូវរក្សាគម្លាតយ៉ាង ហោចមួយម៉ែត្រកន្លះពីគ្នា ។
លោកស្រីបន្តថា មួយវិញទៀតការ សិក្សាស្រាវជ្រាវកន្លងទៅ ដំណក់ទឹកមាត់តូចៗ ដែលមិនមានទម្ងន់ធ្ងន់ វាអាចអណ្ដែត នៅក្នុងលំហ មិនមែនក្នុងខ្យល់ទេ គឺនៅកន្លែងដែលបិទជិត មិនមាន ខ្យល់ចេញ-ចូល ដូច្នេះនៅពេលដែលបុគ្គលដើរចូលទៅ ហើយប្រសិនបើមិន មានពាក់ម៉ាសទៀតនោះ វីរុសទាំងនោះ អាចឆ្លងនៅពេលដែលដកដង្ហើមចូល ។ ម្យ៉ាងទៀត ប្រសិនបើដំណក់ទឹកមាត់នោះ មានទម្ងន់ធ្ងន់ វានឹងធ្លាក់ទៅប៉ះ នឹងផ្ទៃអ្វីមួយ នៅក្នុងកន្លែងដែលបិទជិត កន្លែងម៉ាស៊ីនត្រជាក់ជាដើម នៅពេល ដែលបុគ្គលដើរចូលទៅ ហើយទៅប៉ះពាល់នឹងផ្ទៃ ដែលមានដំណក់ទឹកមាត់តូចៗ នោះនាំឲ្យមានការចម្លង ។
លោកស្រីវេជ្ជបណ្ឌិតថា “ដូច្នេះហើយទើបគេតម្រូវឲ្យ ឧស្សាហ៍លាងដៃ មុននឹងប៉ះពាល់មុខ ឬហូបចំណីអាហារ ។ ដូច្នេះមានន័យថា ការចម្លងវីរុសកូវីដ ប្រភេទណាក៏ដោយ គឺស្ថិតក្នុងរបៀប តែមួយតាម រយៈដំណក់ទឹកមាត់នេះ ។ វីរុសកូវីដ-១៩ មិនមែននៅក្នុងខ្យល់ អាកាសនៅខាងក្រៅនោះទេ សូមកុំយល់ច្រឡំឱ្យសោះ» ។
សូមបញ្ជាក់ថា នៅថ្ងៃ៣ សីហា ក្រសួងសុខាភិបាល បន្តរកឃើញ កូវីដបំប្លែងថ្មី Delta ចំនួន៣៦ករណីទៀត ។ ក្នុងចំណោម៣៦ នាក់ថ្មីនេះ មានបុគ្គលិកសុខាភិបាល ៨នាក់ អ្នកភូមិក្នុងសហគមន៍ចំនួន ២៨នាក់ ។ ចាប់តាំងពីថ្ងៃ៣១ មីនា ដល់៣សីហានេះ កម្ពុជាបានរកឃើញ អ្នកមានវិជ្ជមានវីរុសកូវីដ១៩ប្រភេទ ដែលតា លើពលករត្រឡប់មកពីថៃ អ្នកដំណើរតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិក្នុងសហគមន៍ ទាំងអស់២៦០នាក់ ៕
ដំណឹងល្អ ! មន្រ្តីទូតចិន សារទរកម្ពុជា ដោយ ឆ្នាំ២០២១ បរទេសនឹងបញ្ជាទិញ ផលិតផលខ្មែរច្រើន ក្រោយកម្មករ បានចាក់វ៉ាក់សាំងកូវីដ១៩ ស្ទើរតែគ្រប់គ្នា
ភ្នំពេញ ៖ មន្រ្តីទូតចិនប្រចាំកម្ពុជា បានបង្ហើបឲ្យដឹងថា នៅឆ្នាំ២០២១នេះ ផលិតផលរបស់កម្ពុជាជាច្រើនមុខ នឹងទទួលបានការបញ្ជាទិញពីបរទេស បន្ទាប់ពីកម្មករស្ទើរគ្រប់គ្នា បានចាក់វ៉ាក់សាំងកូវីដ១៩ ។
លោក Wang Dexin ប្រធានការិយាល័យនយោបាយ អមស្ថានទូតចិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ៥ សីហាថា នៅឆ្នាំ២០២១នេះ នឹងមានការបញ្ជាទិញ ពីអ្នកមកខាងក្រៅប្រទេស លើផលិតផលខ្មែរ ដែលផលិតចេញពីរោងចក្រ នៅកម្ពុជា ក្នុងរង្វង់យ៉ាងច្រើន ។
លោកថា ចំនួននៃការបញ្ជាទិញនេះ គឺស្ថិតក្នុងចំណាត់ថ្នាក់ល្អ និងអបអរសាទរចំពោះកម្ពុជា ដែលមានប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងច្រើន ក្នុងនោះកម្មករផងដែរ។ កម្មករបានទទួលវ៉ាក់សាំងនេះ នឹងមានសមត្ថភាព ផលិត ដើម្បីបំពេញតម្រូវការចំពោះអ្នកបញ្ជាទិញពីខាងក្រៅ ។
ប្រភពបន្តថា ការបញ្ជាទិញនេះ ដោយសារកម្មករ របស់ប្រទេសវៀតណាម បានចាក់វ៉ាក់សាំង មានចំនួនតិចតួចបំផុត ដូច្នេះការបញ្ជាទិញ បានបង្វែរគោលដៅ មកកម្ពុជាវិញ ។ ការបញ្ជាទិញនេះ មិនមែន មានតែមកពីចិនទេ សូម្បីទីផ្សារអឺរ៉ុប ក៏មានដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការបញ្ជាទិញ ផលិតផល ពីកម្ពុជានេះ លោក ជុំ សន្ទរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំអាមេរិក ក៏កំពុងបញ្ចុះបញ្ចូល ឲ្យមន្រ្តីពាណិជ្ជកម្ម និងសភាអាមេរិក ឲ្យបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ។ ដូចនេះ យុទ្ធនាការ ចាក់វ៉ាក់សាំងផ្ការីករបស់សម្តេចតេជោ ធ្វើឱ្យកម្មករ និងពលរដ្ឋមានភាពស៊ាំ ក្នុងការផលិតទៅ តាមការបញ្ជាទិញពីបរទេស៕
លោក សយ សុភាព ឲ្យកូនខ្មែរស្វែងយល់ ពីភូមិសាស្រ្តនយោបាយ ក្រោយ អាមេរិក-វៀតណាម រួមដៃគ្នាប្រជែង ជាមួយចិន
ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានឲ្យកូនខ្មែរស្វែងយល់ឲ្យបានច្រើន និងកាន់តែច្បាស់បន្ថែមទៀត ពីភូមិសាស្រ្តនយោបាយ ទាំងក្នុងតំបន់ និងពិភពលោក ។
ការលើកឡើងរបស់លោកនេះ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia បានចេញផ្សាយកាលពីថ្ងៃ៤ សីហាថា អតីតសត្រូវអាមេរិក គឺវៀតណាម បានលេចមុខជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិក និងជាគូប្រជែងដ៏ខ្លាំងក្លា នៃការទាមទារទឹកដីរបស់ចិន នៅសមុទ្រចិនខាងត្បូង ។
មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងផ្តោតលើការការពារច្បាប់អន្តរជាតិ នៅសមុទ្រចិនខាងត្បូង ការពង្រឹងភាពជាអ្នកដឹកនាំរបស់អាមេរិក នៅក្នុងតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខ ក្នុងអំឡុងពេលលោកស្រីធ្វើដំណើរ ទៅកាន់វៀតណាម និងសិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ច នៅវៀតណាម លោកស្រីមានគោលបំណងប្រមូលផ្តុំការគាំទ្រពីអន្តរជាតិ ដើម្បីទប់ទល់នឹងឥទ្ធិពលពិភពលោក ដែលកំពុងកើនឡើងរបស់ចិន ។
លោក សយ សុភាព តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ៥ សីហា លោកថ្លែងថា “នេះហើយភូមិសាស្ត្រនយោបាយ សូមកូនខ្មែរស្វែងយល់ឲ្យបានច្រើនសម្រាប់យើងទាំងបច្ចុប្បន្ន និងអនាគត។ ក្រោយសៀមវាយយើងបែកអង្គរ និងចាកចោលអង្គរ យើងស្ទើរតែបាត់ផែនទីចង្អុលផ្លូវសម្រាប់ដឹកនាំនគរ ។ ដោយយួន និងសៀម ជាអ្នកដឹកយើងជំនួសអស់រាប់រយឆ្នាំ។ តែពេលនេះយើងមានផែនទីចង្អុលផ្លូវហើយ ក្រោយខ្មែរបិទបញ្ចប់ទំនាស់ គ្រប់បែបយ៉ាង កាលពី ២៩ ធ្នូ ១៩៩៨ ក្រោមទស្សនៈវិជ្ជានយោបាយដ៏ភ្លឺស្វាងរបស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា” ។
លោកថា ហេតុអីខ្មែរខ្លះ វិភាគសរសើរតែពីគេ ហើយមកវាយប្រហារតែខ្មែរដូចគ្នាទៅវិញ។ សព្វថ្ងៃខ្មែរដើរត្រូវហើយ ដោយងាកពីវៀតណាម រួចបានកសាង «មិត្តដែកថែបជាមួយចិន»។ លោកបន្តថា បើខ្មែរ និងចិន មិនក្លាយជាមិត្តដែកថែបទេ តើអ្នកអាចស្រែកជេរ នៅក្នុងប្រទេសបានទេ? ហេតុអីបានជាអ្នកឯងអាយ៉ងរបស់គេដោយមិនដឹងខ្លួន? ពេលខ្មែរ និងចិនក្លាយជាមិត្តដែកថែប អ្នកស្រែកថា អន្ទាក់បំណុលដែលជាពាក្យក្រុមឥណ្ឌូ-ប៉ាស៊ីហ្វិក ជាអ្នកប្រើទៅវិញ៕
លោក យ៉ែម បុញ្ញឬទ្ធិ ៖ បក្សកម្ពុជានិយម មិនជេរប្រមាថ លាបពណ៌ ញុះញង់បំបែកបំបាក់ដល់សង្គមជាតិ
ភ្នំពេញ ៖ ក្នុងនាមជាស្ថានិកមួយរូបរបស់គណបក្សកម្ពុជានិយមដែលក្រសួងមហាផ្ទៃ ទើបអនុញ្ញាតឲ្យបង្កើតនោះ លោក យ៉ែម បុញ្ញឬទ្ធិ បានអះអាងពីការប្តេជ្ញាចិត្តរបស់បក្សនេះថា នឹងមិនជេរប្រមាថ លាបពណ៌ ឬការញុះញង់ដែលនាំឲ្យទៅដល់ការបំបែកបំបាក់សង្គមជាតិកម្ពុជាឡើយ ។
ខណៈបច្ចុប្បន្នលោក យ៉ែម បុញ្ញឬទ្ធិ នៅសហរដ្ឋអាមេរិក លោកបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៤ សីហា តាមរយៈសារអេឡិចត្រូនិចថា ដំណាក់កាលទី១ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យបង្កើតគណបក្សកម្ពុជានិយមរួចហើយ ដូច្នេះដំណាក់កាលទី២នេះ គណបក្សកំពុងរៀបចំឯកសារ ដាក់ទៅក្រសួង ដើម្បីសុំចុះបញ្ជីគណបក្សនយោបាយជាផ្លូវការ ដើម្បីចេញធ្វើសកម្មភាពនានា ក្នុងការត្រៀមចូលរួមការបោះឆ្នោតឃុំ-សង្កាត់ និងថ្នាក់ជាតិនាឆ្នាំ២០២២និង២០២៣ខាងមុខ ។
លោកថា ក្នុងនាមជាស្ថាបនិកមួយរូបរបស់គណបក្សកម្ពុជានិយម នឹងចូលរួមដឹកនាំជាមួយក្រុមនិស្សិតបញ្ញវន្ត ក្រុមសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ កម្មករ-ពលករ កសិករ យុវជនបន្តវេន ដែលជាស្ថាបនិករបស់កម្ពុជានិយម។ ចំពោះអង្គការចាត់តាំង តួនាទីតំណែង ក្រុមស្ថានិកនឹងអនុម័តសម្រេចនៅពេលបន្តទៀត។
លោកបញ្ជាក់ថា “កម្ពុជានិយម គោរព និងផ្ដល់តម្លៃគ្នាទៅវិញទៅមក នៃសិទ្ធិក្នុងការបញ្ចេញមតិរិះគន់ស្ថាបនា ក្នុងនាមយើងជាអ្នកប្រជាធិបតេយ្យសេរី ។ ក៏ប៉ុន្តែមិនត្រូវធ្លាក់ចូលគន្លងនៃការធ្វើបុរេវិនិច្ឆ័យ ជេរប្រមាថ លាបពណ៌ ញុះញង់បំបែកបំបាក់ដល់សង្គមជាតិយើង ព្រោះតែមានទស្សនៈ ឬនិន្នាការផ្សេងគ្នានោះទេ” ។
បន្ថែមពីលើនេះទៀត លោក យ៉ែម បុញ្ញឬទ្ធិថា កម្ពុជានិយម កសាងអនាគតថ្មីដើម្បីកម្ពុជា កសាងរដ្ឋទំនើប ។ កម្ពុជានិយម ប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ នៃកម្ពុជា ស្របតាមកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ស្ដីពី កម្ពុជា ២៣តុលា១៩៩១ ។
បើតាមលោក យ៉ែម បុញ្ញឬទ្ធិដដែល ស្ថាបនាផ្សេងទៀតរបស់បក្សបាននាំគ្នាមូមាត់ជំរុញក៏ដូចជាលើកទឹកចិត្តឲ្យធ្វើជាប្រធានបក្សនេះតែម្តង។
កាលពីថ្ងៃ២៣ កក្កដា គណបក្សកម្ពុជានិយមដែលសរសេរជាអក្សរកាត់ «ប.ក» មានអាសយដ្ឋាននៅបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឲ្យបង្កើត ដើម្បីចូលរួមប្រកួតប្រជែងបោះឆ្នោតនាពេលខាងមុខ ៕
លោក សុខ ឥសាន ៖ អាមេរិកធ្វើច្បាប់ ដាក់ទណ្ឌកម្មមន្រ្តី ជាន់ខ្ពស់កម្ពុជា ជាយូរមកហើយ តែមិនដែលឃើញ រឹបអូសលុយ និងបិទទិដ្ឋាកា
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសានបានមានប្រសាសន៍ថា សភាសហរដ្ឋអាមេរិក បានធ្វើច្បាប់ ស្តីពី ប្រជាធិបតេយ្យកម្ពុជា ដើម្បីដាក់ទណ្ឌកម្ម ក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជា គឺមានតាំងពីយូរណាស់មកហើយ ប៉ុន្តែមិនដែលឃើញភាគីអាមេរិក រឹបអូសទ្រព្យសម្បត្តិ លុយកាក់ ឬបិទទិដ្ឋាកាមិនឲ្យ ចូលអាមេរិកទេ ។
សភាសហរដ្ឋអាមេរិក ដែលមានលោកតំណាងរាស្ត្រ Steve Chabot មកពីគណបក្សសាធារណរដ្ឋ និងលោក Alan Lowenthal មកពីគណបក្ស ប្រជាធិបតេយ្យ កំពុងឈានទៅអនុម័តច្បាប់ ស្តីពី ប្រជាធិបតេយ្យកម្ពុជា ដែលនឹងដាក់ទណ្ឌកម្មកាន់តែខ្លាំង មកលើក្រុមមន្រ្តីកម្ពុជា ។ នេះបើតាមហ្វេសប៊ុក របស់លោក សម រង្ស៊ីនាថ្ងៃ៥ សីហា ។
លោក សម រង្ស៊ីថ្លែងថា “ក្រុមន្រ្តីជាន់ខ្ពស់កម្ពុជា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបានរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ មកលើប្រជាពលរដ្ឋ ស្លូតត្រង់ ។ លោក សម រង្ស៊ីបន្តថា មន្រ្តីជាន់ខ្ពស់កម្ពុជា បានយកលុយទៅដាក់នៅ ធនាគារអាមេរិក និងបើកអាជីវកម្មមួយចំនួននៅទីនោះផងដែរ ទើបធ្វើច្បាប់ដាក់ទណ្ឌកម្ម” ។
លោក សុខ ឥសាន បានថ្លែងតាមបណ្តាញ តេឡេក្រាម នាថ្ងៃ៦ សីហា ថា ការធ្វើច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា គឺជាសិទ្ធិរបស់អ្នកធ្វើ ដែលលំអៀងខាង នយោបាយ ទៅរកអាយ៉ងរបស់ខ្លួន ។ ការធ្វើច្បាប់ប្រជាធិបតេយ្យកម្ពុជា មិនផ្សារភ្ជាប់នឹងសភាពការណ៍ ជាក់ស្តែងនៅកម្ពុជា ។
លោកថា “ចំពោះការធ្វើច្បាប់នេះ មានជាយូរមកហើយ តែមិនឃើញមន្ត្រីកម្ពុជា ណាម្នាក់ ត្រូវបានគេរឹបអូសលុយកាក់ និងបិទទិដ្ឋាកាចូល សហរដ្ឋអាមេរិកទេ” ។
ជាមួយគ្នានេះ លោកអះអាងថា អត់មានមន្ត្រីកម្ពុជាណាម្នាក់ល្ងង់ខ្លៅ យកលុយទៅទុក នៅក្រៅប្រទេស ដើម្បីទុកឲ្យគេរឹបអូស ឬបង្កកទេ។ ចំពោះទិដ្ឋាកាវិញ លោកថា បើអត់ទិដ្ឋាកាចូលអាមេរិក ក៏អត់មាននរណាម្នាក់ត្រូវស្លាប់ ដោយសារមិនបានជាន់ដី អាមេរិកដែរ ហើយអ្នករស់នៅអាមេរិក និងជាន់ដីអាមេរិករាល់ថ្ងៃ ក៏គ្មានជីវិតអមតៈដែរ ៕
សម្ដេច ស ខេង ៖ ក្រុមឧក្រិដ្ឋជន យកឱកាសកូវីដ-១៩ ដើម្បីនាំចូលគ្រឿងញៀន
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ទោះបីកូវីដ-១៩ ក៏ដោយ ក៏ក្រុមឧក្រិដ្ឋជន ឆក់យកឱកាស ពេលនេះដើម្បីលួចផលិត និងនាំចូលសារធាតុញៀន ដូច្នេះ កម្លាំងសមត្ថកិច្ចទាំងអស់បន្ដបង្ក្រាបន្ថែមទៀត។
ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត ចំនួន២៣ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ សម្ដេច ស ខេង បានកោតសរសើរថា កន្លងមកនេះ ទោះបីប្រឈមបញ្ហាជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ការ បង្រ្កាបបទល្មើសទទួលបាន លទ្ធផលល្អយ៉ាងប្រសើរ រហូតដល់ ៨០ភាគរយ ទៅ៩០ភាគរយ នៃបទល្មើស សរុបដែលបានកើតឡើង ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «បទល្មើសគ្រឿងញៀន ក៏មានថយចុះបន្ដិចមែន ក៏ប៉ុន្ដែគឺចាត់ ទុកថា ជាជោគជ័យមួយយ៉ាងធំផងដែរ ក្នុងពេលកូវីដ-១៩នេះ។ ព្រោះថា ពួកនេះ ទោះបីកូវីដ-១៩ ក៏ដោយ ក៏ឆក់យកឱកាសពេលហ្នឹង ដើម្បីលួចផលិត ហើយនាំចូលនូវសារធាតុញៀន ដូចជា អាភៀនពីបណ្ដាប្រទេសនៅជុំវិញយើង ពិសេសពីតំបន់ត្រី កោនមាស» ។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ចាប់តាំងពីបើក យុទ្ធនាការបង្រ្កាបគ្រឿងញៀនមក រហូតដល់ពេលនេះ ការបង្ក្រាបបាន បទល្មើសគ្រឿងញៀន ច្រើនរបស់កម្លាំងសមត្ថកិច្ចបញ្ជាក់ ឲ្យឃើញពីទឹកចិត្តដ៏មោះមុត ពោលគឺឆន្ទៈមោះមុត ចំពោះការប្ដេជ្ញាចិត្ត ដ៏ខ្លាំងក្លារបស់កម្លាំង សមត្ថកិច្ចក្នុងពេលប្រយុទ្ធប្រឆាំង គ្រឿងញៀននេះ ។
សម្ដេចក៏បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញបេសកម្មរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យកិច្ចការងារនេះទទួល បានលទ្ធផលល្អ។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏ផ្ដាំផ្ញើថា មេឃុំ ស្មៀនឃុំ មេប៉ុសិ៍ដ និងមេភូមិ ត្រូវរៀន វគ្គបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាព ជៀសវាងជួបបញ្ហាអ្វីមួយ។
សម្ដេចក្រឡាហោម បញ្ជាក់ថា «ចឹងអ្នកទាំងអស់ហ្នឹង ត្រូវបណ្ដុះបណ្ដាល ហើយនិយាយជារួម ប៉ូលីស ទាំងអស់ មកដល់ពេលនេះ គឺគ្មានប៉ូលីសណាមួយ ដែលបានចូលក្របខណ្ឌជាប៉ូលីសហើយ អត់បានរៀនសូត្រឱ្យទៅធ្វើការទេ គឺអត់មានទេ គឺត្រូវឆ្លងកាត់វគ្គរៀន សូត្រជាមុនសិន យ៉ាងហោចណាស់ រៀនរយៈពេល៣ខែ»៕