ព័ត៌មានជាតិ

អង់គ្លេស សន្យាជួយអាស៊ាន ប្រយុទ្ធប្រឆាំងកូវីដ១៩ និងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ

ភ្នំពេញ ៖ បន្ទាប់ពីទទួលបាន ឋានៈភាពជាដៃគូសន្ទនា របស់អាស៊ាន ចក្រភពអង់គ្លេស បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអាស៊ាន នៅក្នុងការឆ្លើយតបនឹង ជំងឺរាតត្បាត កូវីដ-១៩ និងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ លើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត ការដោះស្រាយសន្តិសុខអ៊ិនធឺរ-ណែត និងបញ្ហាប្រឈមផ្សេងទៀតនៅក្នុងតំបន់ និងសកលលោក ដែលជាការបារម្ភរួមគ្នា ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៦ សីហា បានឲ្យដឹងថា កាលពីថ្ងៃទី៥ សីហា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួមនិងរដ្ឋមន្រ្តីការបរទេសអាស៊ានផ្សេងទៀត បានធ្វើជាសាក្សីលើការចុះហត្ថលេខាលើលិខិតដែលនឹងចូលជាធរមាន ដោយអគ្គលេខាធិការអាស៊ាន និងលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភព អង់គ្លេស។

នៅក្នុងពិធីនេះលោក ដូមីនិក រ៉ាអាប់ បានអះអាងថា ចក្រភព អង់គ្លេស ជាប្រទេសទី១ ដែលត្រូវបានផ្តល់ ឋានៈភាពជាដៃគូ សន្ទនារបស់អាស៊ាន ក្នុងរយៈពេល ២៥ឆ្នាំមកនេះ ប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន ដោយឈរលើគោលការណ៍ និងបំណងប្រាថ្នារួម សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ ។

លោក ដូមីនិក រ៉ាអាប់ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយអាស៊ាន នៅក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត កូវីដ-១៩ និងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ លើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ការអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត ការដោះស្រាយសន្តិសុខអ៊ិនធឺរ-ណែត និងបញ្ហាប្រឈមផ្សេងទៀតនៅក្នុងតំបន់ និងសកលលោក ដែលជាការបារម្ភរួមគ្នា។

លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសព្រុយណេដារ៉ូស្សាឡាម ដែលជាប្រធានអាស៊ាន បានស្វាគមន៍ចក្រភពអង់គ្លេស ក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ាន និងការប្តេជ្ញាចិត្តរបស់អង់គ្លេស ដើម្បីទទួលបានផលប្រយោជន៍មុតមាំ និងទៅវិញទៅមក ពីភាពជាដៃ ជាមួយអាស៊ាន ៕

To Top