ព័ត៌មានជាតិ

ស្រូវក្រអូប ដើរតួរយ៉ាងសំខាន់ ក្នុងឧស្សាហកម្មស្រូវអង្ករកម្ពុជា និងពេញនិយមលើទីផ្សារអន្ដរជាតិ

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ស្រូវក្រអូប ដើរតួរយ៉ាងសំខាន់ក្នុង ឧស្សាហកម្មស្រូវអង្ករនៅកម្ពុជា ហើយអង្ករក្រអូប កំពុងតែពេញនិយមខ្លាំង លើទីផ្សារអន្តរជាតិ ផងដែរ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ លោក វេង សាខុន បានថ្លែងថា «ស្រូវក្រអូប ដើរតួរយ៉ាងសំខាន់ នៅក្នុងឧស្សាហកម្មស្រូវអង្ករ នៅក្នុងប្រទេសកម្ពុជា។ ការនាំចេញអង្ករក្រអូបមានចំនួន៥៦,៦% នៃការនាំចេញផលិតអង្ករសរុប នៅឆ្នាំ២០១៦ ក្នុងនោះ អង្ករផ្ការំដួលមានចំណែក៣២% ដែលបញ្ជាក់ឲ្យឃើញថា អង្ករក្រអូបកំពុងតែមានការពេញនិយមខ្លាំង នៅលើទីផ្សារអន្តរជាតិ»។

លោករៀបរាប់ថា នៅកម្ពុជាពូជស្រូវក្រអូប ប្រណីតប្រពៃណីស្ទើរតែទាំងអស់ វេទរសទៅនឹងពន្លឺ (ប្រកាន់រដូវ) ដែលអាចឲ្យកសិករដាំបានតែម្តង ក្នុង១ឆ្នាំ នៅរដូវវស្សា។ លោកថា តាមការណែនាំរបស់ ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដើម្បីស្រាវជ្រាវរកពូជស្រូវក្រអូបប្រណីត បង្កើនការដាំដុះនៅកម្ពុជាឲ្យបានគ្រប់រដូវ អ្នកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានអភិវឌ្ឍន៍ស្រឡាយស្រូវក្រអូប ដែលអវេទរសទៅនឹងពន្លឺ (មិនប្រកាន់រដូវ) តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួល (មេ) និងស្រឡាយ CNi9024 (បា) ដែលមានប្រភពមកពីប្រទេសចិន និងអវេទរសទៅនឹងពន្លឺ (មិនប្រកាន់រដូវ) នៅឆ្នាំ២០១៣។ តាមរយៈការជ្រើសរើសជាបន្តបន្ទាប់ ស្រឡាយ ចំនួន១០០ ក្នុងជំនាន់ទី៦ បានដាំ និងជ្រើសរើសក្នុងរដូវប្រាំង និងរដូវវស្សា។

លោកបញ្ជាក់ថា នៅឆ្នាំ២០១៧ ដោយមានការសហការណ៍ឧបត្ថម្ភថវិកា ពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈគម្រោងកាវ៉ាក់ (CAVAC) វិទ្យាស្ថានកាឌីបានពង្រីកការ ធ្វើពិសោធន៍ស្រាវជ្រាវនៅតាមក្សេត្របរិស្ថាន ផ្សេងៗក្នុងខេត្តព្រៃវែង សៀមរាប បាត់ដំបង និងក្នុងវិទ្យាស្ថានកាឌី។ គម្រោងនេះមានគោលបំណង ពង្រីកការដាំដុះពូជស្រូវក្រអូប សម្រាប់ការនាំចេញ ហើយត្រូវបានអនុវត្តមានរយៈពេល ៤ឆ្នាំ (២០១៧-២០២០)។ ជាលទ្ធផលស្រឡាយដែល មានសំដែងកម្មល្អចំនួន៣ ត្រូវបានជ្រើសរើស បញ្ចូលក្នុងពិសោធន៍បន្សាំពូជ លើស្រែកសិករ ចំនួន៤០ កន្លែងក្នុងខេត្តព្រៃវែង។

លោករដ្ឋមន្ដ្រី បន្ថែមថា ក្នុងរដូវវស្សាឆ្នាំ២០២១នេះ ពិសោធន៍បន្សាំពូជលើស្រែកសិករ ចំនួន៤០ កន្លែងទៀត នឹងត្រូវធ្វើបន្តនៅក្នុងខេត្ត ព្រៃវែង ក្នុងនោះ ២៥ ពិសោធន៍អនុវត្តន៍ដោយកាឌី និង១៥ពិសោធន៍ទៀតអនុវត្តន៍ដោយ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ។ ទិន្នន័យដែលទទួលបាន នឹងត្រូវធ្វើការវិភាគ មុននឹងបញ្ចេញ និងផ្សព្វផ្សាយ ស្រឡាយដែលល្អជាងគេជូនកសិករ ប្រើប្រាស់នាពេលខាងមុខ ៕

To Top