ព័ត៌មានជាតិ

អាមេរិក ផ្តល់៤លានដុល្លារ ថែមទៀត ដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំង កូវីដ-១៩(Video)

ភ្នំពេញ ៖ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រដ្ឋាភិបាល សហរដ្ឋអាមេរិកនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសផ្ដល់ជំនួយបន្ថែមចំនួន ៤លានដុល្លារ ទៀតដែលជាជំនួយបន្ទាន់ ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ សម្រាប់កម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរវាងទូតអាមេរិកប្រចាំនៅភ្នំពេញ និង USAID។

ជំនួយនេះ នឹងផ្ដល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោងលើអំណោយ នាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១,០៦០,១០០ ដូស ដែលត្រូវបានផ្ដល់តាមរយៈយន្តការកូវ៉ា។

លោក W. Patrick Murthy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍ថា «ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺមានសារសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។ យើងមានមោទនភាពក្នុងការផ្ដល់ការគាំទ្រនេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ»។

បើតាមសេចក្តីប្រកាសដដែល ការផ្តល់ជំនួយបន្ថែមនេះ បន្ទាប់ពីអាមេរិកបានផ្តល់ជាង ១១ លានដុល្លារដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើង ជាលើកដំបូង។ ការគាំទ្រនេះ បានដល់ប្រជាជនកម្ពុជាជាង ១០ លាននាក់ ដោយមានជាសម្ភារៈលើកកម្ពស់ការយល់ដឹងពីហានិភ័យ តាមទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គមវិទ្យុសារតាមទូរស័ព្ទដៃ និងផ្ទាំងផ្តល់ព័ត៌មាន។

សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៩២ មក អាមេរិកបានចំណាយថវិកាអស់ជាង១,៥៤ ពាន់លានដុល្លារ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។ ថវិកានេះ រួមមាន ៖ ប្រាក់ជាង ៣៧៧ លាន ដុល្លារ ជាជំនួយសម្រាប់ដោះស្រាយបញ្ហានៃការស្លាប់របស់ទារក ក្មេងអាយុក្រោម ៥ឆ្នាំ និងមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ភាពក្រិន និងដើម្បីលើកកម្ពស់សមត្ថភាពរបស់កម្ពុជា ក្នុងការធ្វើហិរញ្ញប្បទា និងគ្រប់គ្រងផ្នែកភស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខា ភិបាលរបស់ខ្លួន៕

To Top