ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើរសារក្រើនរំលឹកដល់ ពេទ្យយោធា ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវវិធានការ “៣ការពារ ៣កុំ” ដោយហេតុថា មេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) បានឆ្លងចូលក្នុងសហគមន៍។

នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ សម្ដេច ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «សូមកងទ័ពអាវស ក៏ដូចជាពេទ្យយោធារបស់យើង ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវវិធានការ “៣ការពារ ៣កុំ” ដោយហេតុថា មេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) បានឆ្លងចូលក្នុងសហគមន៍របស់យើងហើយ»។

សូមរំលឹកថា យោងតាមរបាយការណ៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៩ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៨,២៦៩,៧៤៤នាក់៕
