ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា អ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta មិនអនុញ្ញាតឲ្យព្យាបាល នៅតាមផ្ទះឡើយ គឺតម្រូវឲ្យព្យាបាលនៅមណ្ឌលព្យាបាល ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់នៅក្នុងលិខិត របស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រង ការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសដោយផ្អែកទៅតាម ទិន្នន័យផ្នែកអេពីដេមីសាស្ត្រ នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta Variant) ព្រមទាំង ការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លង និងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុងសហគមន៍ ពុំត្រូវបានអនុញ្ញាតឲ្យ ព្យាបាលនៅតាមផ្ទះទេ ។
លោកថា អ្នកជំងឺប្រភេទនេះ ត្រូវទៅទទួលការព្យាបាល នៅមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាព ជាក់ស្តែងរបស់អ្នកជំងឺ ៕


