ព័ត៌មានជាតិ

លោក សយ សុភាព ៖ បក្សថ្មីកើតចេញពីអតីត CNRP ចង់បង្រួបបង្រួមបាន ឬមិនបាន អាស្រ័យលើបរទេស

ភ្នំពេញ ៖ លោក សយ សុភាព ក្នុងនាមជាអ្នកចូលចិត្តតាមដាន សភាពការណ៍ នយោបាយទាំងក្នុង និងក្រៅប្រទេស និងជាប្រធាន សមាគមសារព័ត៌មានកម្ពុជា-ចិន បានថ្លែងថា គណបក្សនយោបាយថ្មីៗ ដែលទើបបង្កើតឡើង ក្រោយចេញពី អតីតគណបក្ស សង្រ្គោះជាតិ (CNRP) ដែលមានបំណងចង់បង្រួបបង្រួមគ្នានោះ បាន ឬមិនបាន អាស្រ័យលើសហរដ្ឋអាមេរិក ។

លោក គង់ គាំ ប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ បានប្រកាសក្នុងបណ្តាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ១០ សីហា ដោយយល់ស្របផ្តល់តួនាទី ឲ្យលោក អ៊ូ ច័ន្ទរ័្នត ក្នុងនាមជាស្ថាបនិក គណបក្ស កែទម្រង់កម្ពុជា ដើម្បីប្រមូលគៀងគរ អតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP)ដែលបានទៅបង្កើតបក្សផ្សេងទៀត មកជាធ្លុងមួយ ដើម្បីប្រកួតប្រជែង ជាមួយគណបក្ស ប្រជាជនកម្ពុជា នាពេលបោះឆ្នោតខាងមុខ ។

លោក សយ សុភាព តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកនាថ្ងៃ១០ សីហានេះ បានចោទសួរថា មិនសំខាន់រឿងរួបរួម ឬមិរួបរួមទេ ។ សំខាន់ថា តើបក្សនយោបាយថ្មីៗ ដែលបានបង្កើតចេញមកពីឆន្ទៈ របស់ក្រុមនីមួយៗពិតប្រាកដ ឬជាយុទ្ធវិធី។

លោកថា ប្រហែលជាគ្មានទេ បង្កើតបក្ស ដោយគ្មានបង្អែក ។ ចំណុចសំខាន់មួយទៀត តើបរទេសលូកដៃដែរឬទេ? កន្លងមកបក្សដែលត្រូវរំលាយ គឺសហរដ្ឋអាមេរិក ជាខ្នងបង្អែក ។ ជាការពិតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែនៅពីក្រោយខ្នង អតីតមេបក្សប្រឆាំងដដែលទេ ដោយកំពុង សម្របសម្រួល យ៉ាងណាឲ្យកូនជឹងរបស់ខ្លួន មានសិទ្ធិធ្វើនយោបាយឡើងវិញ ដើម្បីទប់ឥទ្ធិពលចិននៅកម្ពុជា ។

លោកបន្តទៀតថា ដោយផ្អែកលើកត្តា ភូមិសាស្ត្រនយោបាយ និងទស្សនៈវិជ្ជានយោបាយរបស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ សហរដ្ឋអាមេរិក យល់ច្បាស់ថា មិនអាចផ្តួលរដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាបាន ដូច្នេះសហរដ្ឋអាមេរិកដឹងថា សម្តេចតេជោ នឹងឈ្នះឆ្នោត បន្តកាន់អំណាចទៀត តែសហរដ្ឋអាមេរិក នឹងសុំឲ្យសម្តេចទទួលនូវចំណុចល្អខ្លះ របស់អាមេរិកកុំឲ្យចាញ់ចិត្តចិន ។

ក្នុងន័យនេះ លោកបានលើកឡើងថា “បក្សថ្មីៗ ទាំងនោះ បង្រួបបង្រួមបាន ឬមិនបានអាស្រ័យលើអ្នកខាងក្រៅ ។ តែបើចង់បង្រួម បានតែពួកគេមិនអាចឈ្នះបានទេ ព្រោះពួកគេ មិនស្ថិតនៅក្នុងផែនការ ឬសេណាយោ របស់អាមេរិក ។ ជារួមសហរដ្ឋអាមេរិក នៅតែចាត់ទុក លោក កឹម សុខា ជា កូនជឹង ដើម្បីទប់ឥទ្ធិពលចិន។ សហរដ្ឋអាមេរិក មិនស្រលាញ់ លោក កឹម សុខាទេ តែដើម្បីផលប្រយោជន៍ និងជាលេស សម្រាប់លូកដៃចូលខ្មែរ ទប់ឥទ្ធិពលចិន ដោយសារ រដ្ឋបុរសសន្តិភាពសម្តេចតេជោ បានកសាង «មិត្តដែកថែបជាមួយចិន» ៕

To Top