ព័ត៌មានជាតិ

ក្រសួងកសិកម្ម-ធនាគារជាតិ ចុះ MOU លើការផ្លាស់ប្តូរព័ត៌មាន ពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី ” ការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម” នៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោក វេង សាខុន ជារដ្ឋមន្រ្តី និងលោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់ក្រសួង។

ពិធីចុះហត្ថលេខានេះ លោក ស្រី វុឌ្ឍី ជាអង្គលេខាធិការ តំណាងឲ្យក្រសួងកសិកម្ម ជាមួយលោកស្រី សាយ សំអាត ជាប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា តំណាងឲ្យធនាគារជាតិ។

លោកស្រី អ៊ុក ម៉ាលី បានថ្លែងថា ខ្លឹមសាររនៃអនុស្សរណៈ និងកិច្ចសហប្រតិបត្តិការដែលស្ថាប័នទាំងពីរចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃនេះតទៅ ក្នុងគោលបំណងធ្វើការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងវិស័យកសិកម្ម ។

លោករដ្ឋមន្ត្រីកសិកម្មវិញ ក៏បានលើកឡើងដែរថា អនុស្សរណៈនេះ រៀបចំឡើងដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការផ្លាស់ប្តូរព័ត៌មានឲ្យគ្នាទៅវិញ ទៅមកទាក់ទងទិន្នន័យ ការប្រឆាំង ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្មដែលប្រើប្រាស់ក្នុងវិស័យកសិកម្ម មានជាអាទិ៍ ៖ បទល្មើសព្រៃឈើ បទល្មើសជលផល និងបទល្មើសផ្សេងៗទៀតតាមការចាំបាច់ ដែលត្រូវបានសង្ស័យ ឬពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម។

លោកថា មួយវិញទៀត មានបំណងពង្រឹង-ពង្រីកសមត្ថភាព របស់មន្រ្តីក្នុងការវិភាគ តាមដាន និងត្រួតពិនិត្យរាល់សកម្មភាព របស់ភេរវករក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម រួចដាក់ ចេញនូវយន្តការបង្រ្គាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ប្រយោជន៍រក្សាបាននូវសន្តិសុខហិរញ្ញវត្ថុ បរិយាកាសនៃការវិនិយោគ ផ្តល់ភាពយុត្តិធម៌ សមធម៌ និងតម្លាភាពដល់វិនិយោគិន ឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣+២។

រដ្ឋមន្ត្រីបន្តទៀតថា អនុស្សរណៈនេះ ក៏នឹងផ្តល់ឱកាសឲ្យមន្ត្រីពាក់ព័ន្ធ ទទួលបានការបណ្តុះបណ្តាលបន្ថែម លើកម្រិតជំនាញស៊ើបការណ៍ហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងបទល្មើស ការចែករំលែកព័ត៌មាន ទិន្នន័យបានទាន់ពេលវេលា ៕

To Top