ព័ត៌មានជាតិ

ពលករចំណាកស្រុក ដែលជាប់គាំងតាមព្រំដែន១៤ថ្ងៃ អំឡុងពេលបិទខ្ទប់ខេត្ត ពេលនេះត្រូវបាន អាជ្ញាធរ សម្របសម្រូប ឲ្យចូលប្រទេស

តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើការសម្របសម្រួល ជាមួយអាជ្ញាធរថៃក្រោយពលករជិត ៥០០នាក់ ដែលជាប់គាំង នៅតាមព្រំដែនអស់រយៈពេល១៤ថ្ងៃ បានវិលចូលមកកម្ពុជាវិញ ក្នុងនោះសមត្ថកិច្ចឈរជើងនៅទីនោះ បានដឹកពលករទាំងអស់ទៅតាមខេត្តរៀងខ្លួនអោយធ្វើចត្តាឡីស័ក និងចាក់វ៉ាក់សាំងជូនពួកគាត់ ដើម្បីបញ្ជៀសនៅជម្ងឺដ៏កាចសាហាវ វីរុសបំប្លែងថ្មីប្រភេទ Delta នៅព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១បន្ទាយមានជ័យ នៃយោធភូមិភាគទី៥បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ពលករទាំង៥០០នោះមុននិង ដឹកតាមរថយន្តរបស់កងទ័ពយកទៅដាក់តាមគោលដៅនោះក្រុមការងារចាំបាច់ត្រូវយកសំណាកតេស្តរហ័សរកកូវីដ-១៩ មុននឹងបញ្ជូនទៅកាន់មណ្ឌចត្តាឡីស័ក ដែលរដ្ឋបាលខេត្ត បានរៀបចំសម្រាប់ទទួលពលករ ហើយក្នុងករណី រកឃើញវិជ្ជមានកូវីដ-១៩ ក្រុមការងារ នឹងយកទៅព្យាបាលនៅមណ្ឌលព្យាបាលភ្លាមៗផងដែរ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំពោះពលករដែលជាប់គាំនៅច្រកបឹងត្រកួន ស្រុកថ្មពួក និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ជាប់ព្រំប្រទល់ខេត្តតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដែលជាច្រកព្រំដែន មានពលករមកស្នាក់នៅបណ្តោះអាសន្នច្រើនជាងច្រកផ្សេងៗនោះមិនឲ្យគេចវេសពីការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡ័ស័ក ដែលមានហានិភ័យខ្ពស់ពីការឆ្លងរាលដាលកូវីដ-១៩ចូលក្នុងសហគមន៍ ពិសេសវីរុសបំប្លែងថ្មីប្រភេទDeltaនោះឡើយ។

ជាមួយគ្នានេះ លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅក្នុងខេត្តបន្ទាយមានជ័យ បានរកឃើញវីរុសបំប្លែងថ្មីប្រភេទ Deltaចំនួន ៤៣ករណី ក្នុងនោះឆ្លងក្នុងសហគមន៍ ៧ករណី ឆ្លងមន្ត្រីសុខាភិបាលជួមុខចំនួន ៦នាក់ ក្នុងពេញបេសកម្មព្យាបាលអ្នកជំងឺកូវីដ-១៩សម្រាប់ទូទាំងប្រទេសកម្ពុជា មេរោគDelta បានរកឃើញជាង ៤០០ករណី ហើយមកដល់ពេលនេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានការបិទខ្ទប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពិសេសខេត្តបន្ទាយមានជ័យ ដែលមានច្រកសំខាន់ៗក្នុងការទទួលពលករ ដែលជាប់គាំក្នុងដំណាក់កាលបិទខ្ទប់១៤ថ្ងៃនោះមានពលករវិញមកប្រទេសខ្មែរវិញសរុប ៤៦៣នាក់ ក្នុងនោះច្រកបឹងត្រកួន ស្រុកថ្មពួក ដែលមានពលករចំនួន ៣៣៥នាក់ ច្រកស្រុកម៉ាឡៃចំនួន ១០០នាក់ ច្រកស្រុកអូរជ្រៅចំនួន ១៨នាក់ និងច្រកប៉ោយប៉ែតចំនួន ១០នាក់។ ក្រៅពីនេះ ពលករបានចាប់ផ្តើមចូលមកកម្ពុជា ជាបន្តបន្ទាប់ ក្រោយពីអាជ្ញាធរបើកច្រកព្រំដែនឡើងវិញ៕

To Top