ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញបញ្ចុះបឋមសិលា សាងសង់អគារមន្ទីរពិសោធន៍ ជាជំនួយឥតសំណង របស់សាធារណរដ្ឋកូរ៉េ ដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។
ក្នុងបរិបទកូវីដ១៩ និងចូលរួមទប់ស្តាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ កម្មវិធីនេះត្រូវបានធ្វើឡើងដោយមានការ ចូលរួមពីថ្នាក់ដឹកនាំ និងក្រុមអ្នកបច្ចេកទេស ទទួលបន្ទុកការងារ សាងសង់តែប៉ុណ្ណោះ។
អគារមន្ទីរពិសោធន៍នេះ មានប្រវែងសរុប ១៨ម៉ែត្រ គុណ ២៥ម៉ែត្រ កំពស់ ២ជាន់ ក្នុងនោះ រួមមានបន្ទប់ Asphalt Test Lab, បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំង បន្ទប់ការិយាល័យ។ គ្រោងចំណាយថវិកាប្រមាណ ៥៨០,០០០ដុល្លារអាមេរិក ជាជំនួយឥតសំណង របស់ក្រសួង រៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន (MOLIT) នៃសាធារណរដ្ឋកូរ៉េ តាមរយៈ វិទ្យាស្ថានកូរ៉េ សំណង់ស៊ីវិល និងបច្ចេកវិទ្យា សាងសង់-Korea Institute of Civil Engineering and Building Technology (KICT) នៃ “គម្រោងនវានុវត្តន៍ ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា – Renewal Project of Road Construction and Management System for Cambodia” ប្រើរយៈពេល ៧ខែសម្រាប់សាងសង់ ដែលគ្រោងនឹងបញ្ចប់នៅចុង ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានទទួលជំនួយឥតសំណងនូវ “គម្រោង នវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា” ដែលមានទឹកប្រាក់សរុបប្រមាណជាង ៣.២០០.០០០ ដុល្លារសហរដ្ឋអាមេរិច ឬ ៣.៩២០.០០០.០០០ វ៉ុន សម្រាប់រយៈពេល ៣ឆ្នាំ (២០២០-២០២៣) ដោយផ្តោតលើ៖ ១. ជំនួយឧបករណ៍ពិសោធន៍សម្រាប់វាយតម្លៃគុណភាពផ្លូវថ្នល់, ២. ផ្តល់អគារមន្ទីរពិសោធន៍ បច្ចេកវិទ្យាសំណង់ សម្រាប់សិក្សាស្រាវជ្រាវ និងពិសោធន៍គុណភាពវត្ថុធាតុផ្លូវថ្នល់, ៣. រថយន្តអង្កេតផ្លូវ ថ្នល់ស្វ័យប្រវត្តិ (Automatic Survey Vehicle) សម្រាប់ប្រមូលទិន្នន័យគុណភាពផ្លូវថ្នល់, ៤. កម្មវិធីគ្រប់គ្រងផ្លូវថ្នល់ (Pavement Management System–SMS and Pavement Quality Managment System–PQMS) និង ៥. ការបណ្តុះបណ្តាល បច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដល់មន្ត្រីជំនាញពាក់ព័ន្ធ។
គម្រោងនេះមានគោលដៅចម្បង ក្នុងការបង្កើតប្រសិទ្ធភាព សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា តាមរយៈ ការពង្រឹងការគ្រប់គ្រងប្រព័ន្ធផ្លូវថ្នល់ ការបណ្តុះបណ្តាលអ្នកជំនាញជាន់ខ្ពស់ ការផ្តល់សម្ភារបច្ចេកទេស និងអគារមន្ទីរ ពិសោធន៍បច្ចេកវិទ្យាសំណង់ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានអំណរគុណជូនចំពោះ ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន (MOLIT) នៃសាធារណរដ្ឋកូរ៉េ ក្រុមហ៊ុនសាជីវកម្មផ្លូវល្បឿនលឿនកូរ៉េ-Korea Expressway Corporation និងវិទ្យាស្ថានកូរ៉េ សំណង់ស៊ីវិល និងបច្ចេកវិទ្យា សាងសង់-Korea Institute of Civil Engineering and Building Technology (KICT) ដែលបានផ្តល់ជាជំនួយ ឥតសំណងតាមរយ: “គម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា – Renewal Project of Road Construction and Management System for Cambodia” ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។
ទន្ទឹមនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំ ដល់ក្រុមប្រឹក្សាបច្ចេកទេស និងអ្នកសាងសង់ ធ្វើយ៉ាងណាសាងសង់ ឱ្យមានគុណភាពខ្ពស់ ដើម្បីទុកជាកន្លែង បណ្តុះបណ្តាលថ្នាលសិក្សាស្រាវជ្រាវ និងពិសោធន៍ សម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។
សូមបញ្ជាក់ផងដែរថា ការសាងសង់អគារមន្ទីរពិសោធន៍នេះ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ វត្ថុធាតុដើមផ្លូវថ្នល់ផង និងជួយដល់ការបណ្តុះបណ្តាល ធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ របស់វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបច្ចុប្បន្ននិស្សិតជំនាន់ទី១ ចំនួន ១៩១នាក់ បាននឹងកំពុងសិក្សាលើ ជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ចំនួន៣ ៕