ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ៖ ការបើកសាលារៀនបាន ឬមិនបាន អាស្រ័យលើពលរដ្ឋ​ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យដឹងថា ការបើកសាលារៀនបាន ឬមិនបាន នាចុងឆ្នាំ២០២១នេះ អាស្រ័យទៅលើប្រជាពលរដ្ឋ គ្រប់រូប ចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៅកម្ពុជា។

ក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩» នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ទាំងអស់គ្នាបន្ថែមទៀត ដើម្បីឲ្យស្ថានភាពនៅកម្ពុជា មានភាពល្អប្រសើរឡើងវិញ ។

លោកស្រីបានបញ្ជាក់ថា «តើយើងអាចបើកសាលារៀន ឡើងវិញបានទេ? នៅចុងឆ្នាំនេះ? ខ្ញុំសូមគោរពអនុញ្ញាតជម្រាប ជូនថា ការបើកបាន ឬមិនបាន អាស្រ័យទៅលើការចូលរួម របស់បងប្អូនប្រជាពលរដ្ឋ នាពេលនេះ យើងកំពុងដាក់ចេញយុ ទ្ធនាការ ដើម្បីផ្សព្វផ្សាយ អប់រំ គឺជាយុទ្ធនាការជាតិ ហើយធ្វើទូទាំងប្រទេសតែម្ដង ដើម្បីទប់ស្កាត់វិរុសកូវីដ-១៩» ។

លោកស្រីបានបន្ដថា ប្រសិនបើប្រជាពលរដ្ឋរួមគ្នា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងរយៈពេល១ ឬ២ខែ នាពេលខាងមុខនេះ អាចសង្ឃឹមថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នឹងមានការធ្លាក់ចុះ ហើយនឹងអាចមានលទ្ធភាព ក្នុងគិតគូរពីក្រសួងអប់រំ យុវជន និងកីឡា។

នាឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា បុគ្គលមួយចំនួននៅតែមានការយល់ច្រឡំ ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ លែងឆ្លងកូវីដ-១៩ ។ លោកស្រីថា បើសិនបុគ្គលម្នាក់ៗ នៅតែមានការជួបជុំគ្នា បរិភោគអាហាររួមគ្នា នៅកន្លែងបិទជិត និងចង់ធ្វើដំណើរ ទៅធ្វើការងារផ្សេងៗ ដោយមិនអនុវត្តវិធានការ សុខាភិបាល កត្តាទាំងនេះវានឹងបង្កឲ្យផ្ទុះឡើងការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត ជាក់ជាមិនខាន។

លោកស្រីបានថ្លែងថា « សូមកុំមានការយល់ច្រឡំទៀត ការចម្លង វីរុសកូវីដ-១៩នៅកម្ពុជានៅតែមាន បើទោះបីបុគ្គលម្នាក់ៗ បានទទួលវ៉ាក់សាំងការពារកូវីដ-១៩រួចហើយក្តី» ។

លោកស្រីបានបន្ថែមថា បុគ្គលគ្រប់រូបត្រូវគិតគូរពីសុខភាព និងចេះទទួលខុសត្រូវ សុខភាពដោយខ្លួនឯង នឹងរួមទទួលខុសត្រូវ ជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការចូលរួមអនុវត្តវិធានការ សុខាភិបាល នោះយើងនឹងអាចកាត់ផ្តាច់ ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ គ្រួសារ និងសហគមន៍ទាំង មូលជាក់ជាមិនខាន ៕

To Top