ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់៖ ករណីចម្លងជំងឺកូវីដ-១៩ ប្រភេទដែលតា នៅតែមាន ទាមទារបន្តរក្សាភាព ប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ទោះបីជាអត្រាចម្លងជំងឺកូវីដ-១៩ ហាក់បង្ហាញសញ្ញាថមថយបន្តិច តែករណីចម្លងជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) នៅតែមាននៅឡើយ ដែលទាមទារឲ្យពលរដ្ឋចូលរួមបន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សម្ដេច ទៀ បាញ់ បានលើកឡើងថា «ទោះបីជា អត្រាចម្លងជំងឺកូវីដ-១៩ ហាក់បង្ហាញសញ្ញាថមថយបន្តិច តែករណីចម្លងជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) នៅតែមាននៅឡើយ ដែលទាមទារឱ្យយើងបន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”»។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៦.៥៩៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨១.៩១៨នាក់ និងស្លាប់១.៧១៨នាក់។ យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៩,១៥៧,២៤៥នាក់៕

To Top