ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទិញមៀន ឬតាង៉ែន ពីកសិករ១០០០តោន

ភ្នំពេញ ៖ អ្នកឧកញ៉ាកំពុងល្បីឈ្មោះប្រចាំ ប្រទេសកម្ពុជាឡេង ណាវ៉ាត្រា ប្រកាសទិញមៀន ឬ តាង៉ែន ១០០០តោន ពីប្រជាកសិករដាំ លក្ខណៈគ្រួសារ ដែលពួកគាត់ កំពុងជួបបញ្ហាលក់ មិនចេញក្នុងពេលជួប វិបត្តិកូវីដ១៩ ។

អ្នកឧកញ៉ាថា ទិញតែពីពលរដ្ឋដែលដាំ ជាលក្ខណៈគ្រួសារប៉ុណ្ណោះ ចំពោះដាំជាលក្ខណៈក្រុមហ៊ុន ឬកសិដ្ឋានធំៗវិញ មិនជួយទិញទេ។ នេះជាការលើកឡើង របស់លោកនៅលើបណ្តាញ សង្គមហ្វេសប៊ុកនាថ្ងៃ១៩ សីហា ។

លោកបន្តថា “ដូច្នេះហើយអ្វីដែលអាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំសម្រេចជួយ ទិញមៀន ឬតាង៉ែន ចំនួន១០០០តោន ដាក់ក្នុងផ្សារ កសិផល ឡេងណាវ៉ាត្រា ដោយលក់ក្នុងតម្លៃខាតដើម ។ ហើយខ្ញុំបាទទិញតែពីកសិករ ដាំលក្ខណៈគ្រួសារប៉ុណ្ណោះមិនទិញពីក្រុមហ៊ុន និងកសិដ្ឋានធំៗនោះទេ”។

លោកថា ការលក់ទៅវិញខាតដើមនេះ គឺលក់ក្នុងតម្លៃមួយគីឡូត្រឹមតែ១៩០០រៀលប៉ុណ្ណោះ ហើយលោកទិញពីមួយគ្រួសារ៥គីឡូ ។

កាលពីថ្ងៃ១២ សីហា ក្រសួងកសិកម្ម បានប្រកាសថា បច្ចុប្បន្នផ្លែមៀនប៉ៃលិន បានចាប់ផ្តើមប្រមូល ផលហើយ ប៉ុន្តែដោយសារបញ្ហា រីករាលដាល នៃជំងឺកូវីដ១៩ និងរបាំងភូតគាម អនាម័យ ជាកត្តាធ្វើឲ្យមានបញ្ហា ប្រឈមមិនទាន់ អាចធ្វើការនាំចេញទៅកាន់ ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀន ប៉ៃលិនតាមច្រកព្រំដែន ។

ក្រោយឃើញការលំបាក របស់ពលរដ្ឋបែបនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រមូលទិញនូវកសិផល របស់ប្រជាកសិករ ដើម្បីទុកឲ្យអ្នកជំងឺកូវីដ១៩ ឬអ្នកកំពុងធ្វើចត្តាឡីស័ក និងមន្រ្តីបម្រើការនៅតាមស្ថាប័នរដ្ឋ សម្រាប់ បរិភោគ ។

ក្នុងការទិញនេះ សម្ដេចតេជោ បានដាក់លក្ខខណ្ឌថា ទិញមៀន ឬតាង៉ែន ពីកសិករដែលមិនអាចរកទីផ្សារ ហើយសម្រាប់ចំការមៀន របស់មន្ត្រីស៊ីវិល កងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង ៕

To Top