ព័ត៌មានជាតិ

កម្ពុជា ត្រូវប្រកាន់យកនយោបាយទឹក នៅចំពោះមុខការប្រកួតប្រជែង រវាងមហាអំណាច

ភ្នំពេញ ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវប្រកាន់យកនយោបាយទឹក នៅចំពោះមុខការប្រកួតប្រជែងរវាងមហាអំណាច ជាពិសេសនោះ ធ្វើយ៉ាងណាឲ្យកម្ពុជា គេចផុតពីសង្គ្រាម។

ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិន និងសហរដ្ឋអាមេរិក» រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា តាមប្រព័ន្ធអនឡាញ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក សុខ ទូច បានថ្លែងថា តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងការប្រកាសជំហរនយោបាយការបរទេសតាមបែបចម្រុះពណ៌ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែបានអះអាង អំពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការរក្សាទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងបណ្ដាប្រទេសនានា លើសាកលលោក។

លោកបានបន្ដថា ទោះជាយ៉ាងណា ដោយសារតែហេតុផលប្រយោជន៍យុទ្ធសាស្ត្រនយោបាយការទូត និងតាក់ទិចនយោបាយតាប៊ីយែររបស់ខ្លួន ប្រទេសមហាអំណាចបានវាយប្រហារ និងចោទប្រកាន់កម្ពុជាថា បានងាករេចេញពីជំហរខាងលើ ហើយបានលម្អៀងទោរទន់ទៅមហាអំណាចម្ខាងទៀត ហើយថែមទាំងដាក់ការសង្ស័យថា រាជរដ្ឋាភិបាលកម្ពុជា បានបំពានរដ្ឋធម្មនុញ្ញរបស់ខ្លួនថែមទៀតផង។

លោកបានគូសបញ្ជាក់ថា នៅចំពោះមុខការប្រកួតប្រជែង និងការប្រឈមគ្នារបស់មហាអំណាច កម្ពុជាត្រូវបន្តនយោបាយការបរទេសចម្រុះពណ៌របស់ខ្លួន និងបូកបន្ថែមជាមួយនឹងនយោបាយទឹកទន្លេមេគង្គ ដើម្បីឆ្ពោះទៅកាន់សន្តិភាព និងរក្សាបាននូវផលប្រយោជន៍ប្រទេសជាតិ។

លោកបានបញ្ជាក់ថា «ខ្មែរ ដើម្បីសន្តិភាព ដើម្បីរកសេចក្ដីសុខជូនប្រជាជន ត្រូវតែចេះប្រើប្រាស់នយោបាយទឹកទន្លេមេគង្គ គ្មានអ្វីដែលទន់ភ្លន់ជាងនយោបាយទឹកនោះទេ ទោះបីជាជ្រលង បព្វតា វាលរាបយ៉ាងណា ចុងក្រោយទឹកនៅតែហូរធ្លាក់ទៅសមុទ្រ នយោបាយដូចគ្នា ធ្វើយ៉ាងណាក៏ដោយ ដើម្បីផលប្រយោជន៍ជាតិ ដើម្បីគេចផុតពីសង្គ្រាម»។

ជាងនេះទៅទៀត លោក សុខ ទូច ក៏បានស្នើឲ្យខ្មែរបញ្ឈប់ចេតនាលាបពណ៌គ្នាទៅវិញទៅមក ដែលមកដល់ពេលនេះគឺជាពេលដែលខ្មែរទាំងក្នុង និងក្រៅប្រទេសត្រូវធ្វើកិច្ចការងាររួមគ្នា ដើម្បីបុព្វហេតុប្រទេសជាតិ៕

To Top