ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អ្នកឧកញ៉ា សហគមន៍កសិកម្ម និង អន្តរស្ថាប័ន ពាក់ព័ន្ធទាំងអស់ ជួយជំរុញការនាំចេញ ផលិតផលផ្លៃមៀនស្រស់ ទៅកាន់ទីផ្សារបរទេស ក្រោយពីផ្លែមៀនប៉ៃលិន ជាប់របាំងភូតគាម តាមអនាម័យ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសិកម្ម នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាម អនាម័យដែលតម្រូវឲ្យសមត្ថកិច្ចភូតគាម អនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារ ជាមួយសមត្ថកិច្ចភូតគាម អនាម័យ នៃប្រទេសនាំចូលជាមុន តាមរយៈការស្នើសុំវាយ តម្លៃហានិភ័យ សមាសភាពចង្រៃពាក់ព័ន្ធនឹង ការនាំចូលផ្លែមៀន ប៉ៃលិននេះ។
ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម និងក្រសួងការបរទេសខ្មែរ បាននិងកំពុងសហការ ស្នើសុំសមត្ថកិច្ច ពាក់ព័ន្ធនៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿន នីតិវិធីពាក់ព័ន្ធនឹងការចរចា ស្ដីពីលក្ខខណ្ឌតម្រូវភូតគាម អនាម័យដូចបានជម្រាបជូនខាងលើ។
ក្រសួងបានឲ្យដឹងថា «សូមធ្វើការអំពាវនាវចំពោះ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី វិស័យឯកជន សហគមន៍កសិកម្ម និងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួង ក្នុងការជំរុញ ការនាំចេញផលិតផលផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេស ដោយពិនិត្យលទ្ធភាពធ្វើការវិនិយោគក្នុងការសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ឲ្យបានទាន់ពេលវេលា និងមានសមត្ថភាព គ្រប់គ្រាន់ក្នុងការស្រូបយកផលិតផល មកធ្វើការកែច្នៃនាំចេញ ឲ្យបានជាអតិបរមាភ្លាមៗ នៅក្រោយពេល មានការឯកភាព ជាមួយប្រទេសនាំចូលលើ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាម អនាម័យ»៕