រដ្ឋមន្ត្រីព័ត៌មាន ៖ អ្នករិះគន់ការបង្កើតគណៈកម្មការ វាយតំលៃក្រមសីលធម៌អ្នកសារព័ត៌មាន ដោយសារមិនបានអាន ខ្លឹមសារនៃសេចក្តីសម្រេច
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការរិះគន់ចំពោះក្រសួងព័ត៌មាន បង្កើតគណ:កម្មការតាមដានវាយតំលៃ និងលើកសរសើរ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកដែលប្រតិកម្មនោះ គឺមិនបានអានខ្លឹមសារនៃសេចក្តីសម្រេចនេះទេ ហើយក៏មិនបានស្គាល់នូវអ្វីដែលជា វិជ្ជាជីវៈសារព័ត៌មាន ព្រោះគោលការណ៍របស់ក្រសួងព័ត៌មាន វិជ្ជាជីវៈសារព័ត៌មាន ជាស្តង់ដាអន្តរជាតិ ដែលអ្នកកាសែត ភាគច្រើននៅទូទាំងពិភព លោកមានការទទួលស្គាល់។ នេះបើយោងតាមការចេញផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា។
ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន តាមប្រព័ន្ធ Zoom និងចូលរួមប្រជុំដោយផ្ទាល់ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា តាមបណ្ដាប្រទេសនានា ពេលសមាគមអ្នកកាសែត ចេញធ្វើការវាយតំលៃអំពីក្រមសីលធម៌ កំហុសវិជ្ជាជីវៈនីមួយៗ គឺអ្នកកាសែតគោរពណាស់ ដោយសារសមាគមគេខ្លាំង រឹងមាំ។
លោកបានថ្លែងថា «សម្រាប់នៅកម្ពុជា មានសមាគមអ្នកសារព័ត៌មាន ជាង៤០សមាគម ដូច្នេះ មានការខ្លាចគេ មិនចូលជាសមាជិកខ្លួន ដែលមកដល់ឥឡូវនេះ គឺមិនដែលមានសមាគមណាមួយ បានលើកអំពីសមាជិករបស់ខ្លួន ដែលបានប្រព្រឹត្តខុសក្រមសីលធម៌នោះទេ មានតែកាន់ជើងគ្នា ដែលជាកំហុសធ្វើឲ្យតំលៃ អ្នកសារព័ត៌មាន មានការធ្លាក់ចុះ»។
លោកបានបន្ដថា «ដូចនេះហើយក្រសួងព័ត៌មាន បង្កើតគណ:កម្មការតាមដានវាយតំលៃ និងលើកសរសើរ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដើម្បីជាការលើកនូវតំលៃ សីលធម៌ និងតំលៃតួនាទីសង្គម របស់អ្នកសារព័ត៌មានឡើងវិញ ដើម្បីទៅថ្ងៃខាងមុខ រាល់អត្ថបទរបស់អ្នកសារព័ត៌មាន គឺមានភាពស៊ីជម្រៅ ហើយត្រូវបានគេយកចិត្តទុកដាក់ ដោយសារមានន័យគ្រប់គ្រាន់ និងត្រូវចំណុចនីមួយៗ»៕
ក្រសួងសុខាភិបាល ៖ ការបើកសាលារៀនបាន ឬមិនបាន អាស្រ័យលើពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យដឹងថា ការបើកសាលារៀនបាន ឬមិនបាន នាចុងឆ្នាំ២០២១នេះ អាស្រ័យទៅលើប្រជាពលរដ្ឋ គ្រប់រូប ចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៅកម្ពុជា។
ក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩» នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ទាំងអស់គ្នាបន្ថែមទៀត ដើម្បីឲ្យស្ថានភាពនៅកម្ពុជា មានភាពល្អប្រសើរឡើងវិញ ។
លោកស្រីបានបញ្ជាក់ថា «តើយើងអាចបើកសាលារៀន ឡើងវិញបានទេ? នៅចុងឆ្នាំនេះ? ខ្ញុំសូមគោរពអនុញ្ញាតជម្រាប ជូនថា ការបើកបាន ឬមិនបាន អាស្រ័យទៅលើការចូលរួម របស់បងប្អូនប្រជាពលរដ្ឋ នាពេលនេះ យើងកំពុងដាក់ចេញយុ ទ្ធនាការ ដើម្បីផ្សព្វផ្សាយ អប់រំ គឺជាយុទ្ធនាការជាតិ ហើយធ្វើទូទាំងប្រទេសតែម្ដង ដើម្បីទប់ស្កាត់វិរុសកូវីដ-១៩» ។
លោកស្រីបានបន្ដថា ប្រសិនបើប្រជាពលរដ្ឋរួមគ្នា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងរយៈពេល១ ឬ២ខែ នាពេលខាងមុខនេះ អាចសង្ឃឹមថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នឹងមានការធ្លាក់ចុះ ហើយនឹងអាចមានលទ្ធភាព ក្នុងគិតគូរពីក្រសួងអប់រំ យុវជន និងកីឡា។
នាឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា បុគ្គលមួយចំនួននៅតែមានការយល់ច្រឡំ ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ លែងឆ្លងកូវីដ-១៩ ។ លោកស្រីថា បើសិនបុគ្គលម្នាក់ៗ នៅតែមានការជួបជុំគ្នា បរិភោគអាហាររួមគ្នា នៅកន្លែងបិទជិត និងចង់ធ្វើដំណើរ ទៅធ្វើការងារផ្សេងៗ ដោយមិនអនុវត្តវិធានការ សុខាភិបាល កត្តាទាំងនេះវានឹងបង្កឲ្យផ្ទុះឡើងការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត ជាក់ជាមិនខាន។
លោកស្រីបានថ្លែងថា « សូមកុំមានការយល់ច្រឡំទៀត ការចម្លង វីរុសកូវីដ-១៩នៅកម្ពុជានៅតែមាន បើទោះបីបុគ្គលម្នាក់ៗ បានទទួលវ៉ាក់សាំងការពារកូវីដ-១៩រួចហើយក្តី» ។
លោកស្រីបានបន្ថែមថា បុគ្គលគ្រប់រូបត្រូវគិតគូរពីសុខភាព និងចេះទទួលខុសត្រូវ សុខភាពដោយខ្លួនឯង នឹងរួមទទួលខុសត្រូវ ជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការចូលរួមអនុវត្តវិធានការ សុខាភិបាល នោះយើងនឹងអាចកាត់ផ្តាច់ ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ គ្រួសារ និងសហគមន៍ទាំង មូលជាក់ជាមិនខាន ៕
អាមេរិក ក្រឡុកទំនប់វារីអគ្គិសនី សេសានក្រោម២ ក្រោយធ្វើឲ្យ អាហ្វហ្គានីស្ថាន ធ្លាក់ចូលក្នុងកណ្តាប់ដៃ តាលីបង់
ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានប្រើពួកបរិវា ឲ្យមកក្រឡុកទំនប់វារីអគ្គិសនី សេសានក្រោម២ វិញម្តងហើយ ក្រោយធ្វើឲ្យក្រឡាប់ចាក់ ប្រទេសអាហ្វហ្គានីស្ថាន ឲ្យធ្លាក់ចូលក្នុងកណ្តាប់ដៃ ក្រុមតាលីបង់ ។
សព្វថ្ងៃ ក្រុមតាលីបង់ បានចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ជាស្ថាពរហើយ។ អាមេរិកត្រូវបានគេចោទប្រកាន់ថា បានធ្វើឲ្យអាហ្វហ្គានីស្ថាន ធ្លាក់ចូលកណ្តាប់ដៃ ក្រុមតាលីបង់ ក្រោយអាមេរិកបានដកកងទ័ពចេញពីប្រទេសនេះ ។ ក្រុមតាលីបង់ បានប្រកាសជ័យជំនះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកគេបានកាន់កាប់ ទីក្រុងកាប៊ុល ហើយប្រធានាធិបតីលោក Ashraf Ghani បានភៀសខ្លួនចេញ ពីប្រទេសកាលពីថ្ងៃ១៥ សីហា ដែលជាការកត់សម្គាល់ ការវិលត្រឡប់មកកាន់អំណាច របស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ២០ឆ្នាំ បន្ទាប់ពីការដកហូតអំណាច ដោយកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក បានឈ្លានពាន ប្រទេសអាហ្វហ្គានីស្ថាន នៅខែតុលា ឆ្នាំ២០០១ បន្ទាប់ពីក្រុមភេរវកម្មអាល់កៃដា បញ្ជាដោយ Osama Bin Laden បានវាយប្រហារដោយការបើកយន្តហោះបំបុកអាគារភ្លោះ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅបុរីញូយ៉ក និងមន្ទីរបញ្ចាកោន នៅរដ្ឋាធានីវ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ កងទ័ពអាមេរិក បានបង្កើតវត្តមានរហូតជាង ១សែន និងកងទ័ពណាតូចំនួន ១៣,០០០នាក់ ដែលមានបេសកកម្មបោសសំអាត ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលគាំទ្រដោយក្រុម ភេរវកម្មអាល់កៃដា (al-Qaeda)។
ងាកមកទំនប់ វារីអគ្គិសនីសេសានក្រោម២ វិញ ត្រូវបានសាងសង់អំឡុងឆ្នាំ២០១៣ បញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០១៧ ហើយបានដាក់ដំណើរការជាផ្លូវការ នៅដើមឆ្នាំ២០១៨ ។ ប៉ុន្តែទោះបីរាជរដ្ឋាភិបាល បានប្រគល់សិទ្ធិ ឲ្យក្រុមហ៊ុនចិន វិនិយោគដោយសហការ ជាមួយក្រុមហ៊ុនខ្មែរក៏ដោយ ដោយបានផ្តល់សំណងជាទីគាប់ចិត្ត រួចតាំងពីជាង៤ឆ្នាំមុន ហើយក៏ដោយ ប៉ុន្តែអង្គការយូម៉ែនរ៉ាយវ៉ុច (Human Rights Watch) ស្ថិតក្រោមការគ្រប់គ្រង របស់អាមេរិក ដែលអាមេរិកផ្តល់លុយចិញ្ចឹមនោះ បានមកសើរើ រឿងទំនប់វារីអគ្គិសនីនេះទៀត ក្នុងគោលបំណងមកឡុកអុក បន្ទាប់ពីខ្លួនទទួលបរាជ័យ ដែលឲ្យតាលីបង់ មកកាន់កាប់អាហ្វហ្គានីស្ថាន។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីថ្ងៃ១០ សីហា បានចេញរបាយការណ៍ សង្ខេបរបស់ខ្លួនទាក់ទង ការសាងសង់ទំនប់ វារីអគ្គិសនីសេសាន២ ក្រោមចំណងជើងថា ផលប៉ះពាល់សិទ្ធិមនុស្ស ពីគម្រោងផ្លូវមួយខ្សែក្រវាត់មួយ បម្រើផលប្រយោជន៍ ឲ្យប្រទេសចិន ដែលស្ថិតនៅក្រោមផ្ទៃទឹកនៅកម្ពុជា គឺខ្វះតម្លាភាព មិនស្តាប់ពីកង្វល់ របស់សហគមន៍ និងបាននាំមកនូវផលប៉ះពាល់ ជាអវិជ្ជមាន យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅ របស់ពលរដ្ឋ។
របាយការណ៍របស់ Human Rights Watch បន្តថា ការសាងសង់ ទំនប់វារីអគ្គិសនីសេសានក្រោម២ នេះ ធ្វើឲ្យប្រជាពលរដ្ឋជិត ៥០០០នាក់ ផ្លាស់ទីលំនៅដែលភាគច្រើនពួកគេ ជាជនជាតិដើមភាគតិច រួមមាន ៖ ជនជាតិពូនង ព្រៅ គួយ ចារាយ គ្រឹង កាវែត និងជនជាតិកាចក់ ។
របាយការណ៍ របស់អង្គការអន្តរជាតិនេះ ដែលជ្រកក្រោមស្លាកឈឺឆ្អាល ជំនួសប្រជាពលរដ្ឋនោះ តែធាតុពិតធ្វើឡើង ដើម្បីតែបម្រើផលប្រយោជន៍ ឲ្យមេកើយខ្លួនប៉ុណ្ណោះ ដើម្បីជាថ្នូរនឹងការជួយឧបត្ថម្ភ ដល់ដំណើរការអង្គការ ។
តាមការស្រាវជ្រាវ កាលពីឆ្នាំ២០០៨ ការសាងសង់ទំនប់ វារីអគ្គិសនី នឹងបង្កផលជាអវិជ្ជមាន ទៅលើជីវភាព របស់សហគមន៍នេសាទ ទាំងនៅខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោម ដោយបង្កការខូចខាត រហូតដល់ដងទន្លេមេគង្គ ផងដែរ ជាពិសេសប៉ះពាល់ ជាប្រយោលដល់ការរស់នៅ របស់ប្រជាពលរដ្ឋប្រមាណជា ៣០ម៉ឺននាក់ ថែមទៀត ។
វារីអគ្គិសនីសេសានក្រោម២ នេះស្ថិតនៅឃុំភ្លុក ឃុំស្រែគ និងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានទំនប់ប្រវែង ៦,៥ គីឡូម៉ែត ដែលវែងបំផុតក្នុងទ្វីបអាស៊ី។
ក្នុងនាម ជាអាជ្ញាធរដែនដី ដែលទទួលភារកិច្ចមើល ការខុសត្រូវ លោក ម៉ែន គុង អ្នកនាំពាក្យ រដ្ឋបាលខេត្តស្ទឹងត្រែង បានថ្លែងថា សរុបជារួម មកដល់បច្ចុប្បន្នប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីទំនប់ វារីអគ្គិសនីសេសានក្រោម២ នេះ គឺពួកគាត់រស់នៅបានសុខស្រួល ទាំងអស់គ្នា ដោយបានព្រមព្រៀង ទទួលយកសំណងស្ទើរតែ១០០ភាគរយ នៅសល់មិនដល់៨០គ្រួសារ ប៉ុណ្ណោះមិនព្រម ដោយពួកគេបានស្នើ មកប្រមុខរាជរដ្ឋាភិបាល ដើម្បីចង់មករស់នៅក្បែរ ភូមិកំណើតចាស់ របស់ពួកគាត់វិញ ។
លោកបន្តថា “ក្រោយការស្នើសុំនេះ ប្រមុខរាជរដ្ឋាភិបាល បានណែនាំខេត្ត ឲ្យជួយសម្របសម្រួល ឥឡូវពួកគាត់រស់នៅ ដោយសាងសង់លំនៅដ្ឋាន របស់ពួកគាត់តាមធម្មតា តាមរបៀបរស់នៅធម្មតា។ ដោយឡែក សហគមន៍មួយទៀត ដែលពួកគាត់សុំមិនទៅ ដោយសារចង់បង្កើតសហគមន៍ ជនជាតិដើមភាគតិច របស់ពួកគាត់ ចឹងយើងរៀបចំកន្លែង ហ្នឹងជូនពួកគាត់។ ចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច ជូនពួកគាត់រួចរាល់អស់ហើយ” ។
ចំពោះរបាយការណ៍ របស់អង្គការ Human Rights Watch វិញលោកបានឆ្លើយតបថា ជារបាយការណ៍ធ្វើឡើង ក្នុងដំណាក់កាលដែលអាជ្ញាធរ កំពុងដោះស្រាយសំណង និងក្នុងពេលកំពុងរៀបចំ លំនៅដ្ឋានថ្មីឲ្យពលរដ្ឋ ដោយមិនទាន់បាន ដោះស្រាយចប់រួចរាល់ ។
អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា “កាលនុង ទំនប់ទ្វារទឹក ក៏មិនទាន់បានបិទដែរ មិនទាន់លិចភូមិចាស់របស់គាត់ទេ ដោយចល័តពួកគាត់ពីភូមិចាស់ ទៅភូមិថ្មីបណ្តើរៗ។ រហូតមកដល់ពេលនេះ ជីវភាពរបស់ពួកគាត់ បានធូរធារជាងមុន ច្រើនណាស់ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសំបែងពួកគាត់ជាដើម ”។
លោកបន្ថែមថា អង្គការអន្តរជាតិមួយនេះ តែងតែសរសេរអំពីមូលដ្ឋាននៅស្ទឹងត្រែង មិនពិតជាក់ស្តែង ក្នុងរបាយការណ៍ខ្លួនរហូត ។
សម្រាប់លោក គិន ភា ប្រធានទំនាក់ទំនង អន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជាធម្មតាការអភិវឌ្ឍអ្វីមួយ តែងតែមានផលប៉ះពាល់ហើយ ជៀសមិនផុតនោះទេ ។
លោកថា របាយការណ៍នេះ មើលទៅបង្កប់ ជារបៀបវារៈនយោបាយ ចង់វាយប្រហារមកលើ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសចិន។ លោកថា ការអភិវឌ្ឍរបស់ចិន នៅកម្ពុជាបានធ្វើឲ្យពលរដ្ឋកម្ពុជា និងជាតិទាំងមូល ទទួលបានផលប្រយោជន៍ច្រើន ។
លោកសង្កត់ធ្ងន់ថា “អ្វីដែលជាការលើកឡើង ក្នុងរបាយការណ៍របស់អង្គការ Human Rights Watchនេះ ជារួមគឺមានរបៀបវារៈមួយ ដែលជាការរៀបចំសំរាប់វាយប្រហារ ទៅរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។ យើងគិតចេះវិញថា បើគ្មានការអភិវឌ្ឍ លើទំនប់វារីអគ្គិសនីទេ តើយើងអាចមានថាមពលគ្រប់គ្រាន់ សំរាប់យកមកបម្រើដល់ខ្សែចង្វាក់ ផលិតកម្ម ផ្សេងៗដែរឬទេ? គឺអត់បានទេ” ។
លោកបន្ថែមទៀតថា “ចំពោះផលប៉ះពាល់វិញ មិនដូចអ្វីទៅនឹងការលើកឡើង របស់អង្គការនោះទាំងស្រុងទេ ។ តែនេះ ជាការរៀបចំដើម្បីធ្វើឲ្យ ឃើញរូបភាពអវិជ្ជមាន ពីការអភិវឌ្ឍរបស់ចិនផង និងក្នុងគោលដៅ ចង់វាយប្រហារលើ រដ្ឋាភិបាលកម្ពុជាផង” ។
លោកបន្តថា ប៉ុន្តែទោះបីជាយ៉ាងណា ការសាងសង់ទំនប់វារីអគ្គិសនី សេសានក្រោម២នេះ ពិតជាបានផ្តល់ផលប្រយោជន៍ ឲ្យពលរដ្ឋលើការតម្រូវ ផ្នែកថាមពល ព្រោះគ្មានប្រទេសណាមួយ រីកចំរើនបានដោយគ្មានថាមពល អគ្គិសនីឡើយ។ លោកថា ថាមពលអគ្គិសនីមានសារៈសំខាន់ ធ្វើឲ្យដំណើរការ សេដ្ឋកិច្ចមានភាពរស់វើក ។ ចំពោះតំបន់ នៅជុំវិញនោះ ក៏បានទទួលផលប្រយោជន៍ ពីការអភិវឌ្ឍផងដែរ។
ចំពោះ លោក ឆេង គឹមឡុង ដែលជាអ្នកវិភាគសេដ្ឋកិច្ច វ័យក្មេង បានលើកជាមតិដែរថា ការធ្វើគម្រោងអ្វីមួយ ពិតជាមានផលប៉ះពាល់ខ្លះហើយ តែគម្រោងអគ្គិសនីសេសានក្រោម២ នេះ ដើម្បីផលិត ផ្គត់ផ្គង់ និងចែកចាយថាមពលអគ្គិសនី។ ថាមពលអគ្គិសនី ជាផ្នែកដ៏សំខាន់មួយ ដែលបម្រើដល់តម្រូវការ ទាំងឧស្សាហកម្ម និងពលរដ្ឋប្រើប្រាស់ ។
លោកថា “កម្ពុជាយើងនៅខ្វះ ថាមពលអគ្គិសនីច្រើនណាស់ ហើយតម្លៃក៏នៅថ្លៃដែរ ដូច្នេះគម្រោងវិនិយោគ ក្នុងគោលបំណងធំជាងគេហ្នឹង គឺដើម្បីផ្គត់ផ្គង់អគ្គិសនី ឬក៏បំពេញបង្ក្របតម្រូវការ អគ្គិសនីដើម្បីឈាន ទៅដល់ ការជំរុញនូវសន្តិសុខ ផ្នែកថាមពល” ។
លោកថា ពេលណាមានថាមពលអគ្គិសនី បំពេញតម្រូវការគ្រប់គ្រាន់ ហើយនោះ ទើបប្រទេសជាតិ អាចសម្រចបាននូវផែនការផ្សេងៗ។ លោកថា នេះជាគោលដៅធំ មិនមែនតែកម្ពុជាមួយនោះទេ ប្រទេសណាក៏គេធ្វើបែបហ្នឹងដែរ ។
ដោយឡែក អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា “ការនិយាយថា ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ថា ជាការបម្រើនយោបាយគម្រោង ផែនការខ្សែក្រវ៉ាត់មួយ និងផ្លូវមួយរបស់ចិន គឺជាការនិយាយលាបពណ៌ លំអៀងនយោបាយ” ។
លោក សុខ ឥសាន បន្តទៀតថា ការកសាងទំនប់វារីអគ្គិសនីនីមួយៗ សុទ្ធតែមានការសិក្សាស្រាវជ្រាវជាមុន ហើយវាយតម្លៃពីផលចំណេញ និងផលប៉ះពាល់ បើមានផលចំណេញច្រើនជាង គឺយកជាឧត្តមភាពសាងសង់ហើយ ។ លោកថា ចំពោះការប៉ះពាល់ពលរដ្ឋ ដែលធ្លាប់រស់នៅក្បែរទំនប់សេសាននោះ គឺរាជរដ្ឋាភិបាលកម្ពុជា បានគិតគូពីការលំបាក់របស់ប្រជាជនខ្មែរ ដោយផ្តល់សំណងយ៉ាងត្រឹមត្រូវ។
លោកថា ប្រជាជន ភាគច្រើនយល់ព្រមទទួលយក គោលនយោបាយ ពីរាជរដ្ឋាភិបាល អ្នកដែលមិនព្រមទទួលយក គោលនយោបាយ មានចំនួនតិចតួច ៕
លោក មុត ចន្ថា ៖ លោក អេង ឆៃអ៊ាង មេក្លោងធំ នៅពីក្រោយគណបក្ស បេះដូងជាតិ និង គណបក្សភ្លើងទៀន
ភ្នំពេញ ៖ ជាថ្មីម្តងទៀតហើយ ដែលលោក មុត ចន្ថា ដែលគ្រប់គ្នាបានដឹងថា ជាមនុស្សម្នាក់មានភក្តីភាព ស្មោះស្ម័គ្រជាមួយ លោក កឹម សុខា បានចេញមកទំលាយគ្មាន ខ្ទេចចំពោះការបង្កើតគណបក្សបេះដូងជាតិ ដែលមានលោក អេង ឆៃអ៊ាង មនុស្សជំនិត លោក សម រង្ស៊ីនៅពីក្រោយ ខណៈគណបក្សភ្លើងទៀន ដែលបច្ចុប្បន្នមានលោក ទាវ វណ្ណុល ជាប្រធាននោះ ក៏លោក អេងឆៃអ៊ាង នៅពីក្រោយដែរ ។
បើតាមលោក មុត ចន្ថា គណបក្សទាំង២នេះ គឺលោក អេង ឆៃអ៊ាងបានយកថវិកា ពីមូលនិធិទូរទស្សន៍ ព្រះអាទិត្យជិត ១លានដុល្លារ លុយគម្រោងធ្វើដំណើរ មាតុភូមិនិវត្តរបស់លោក សម រង្ស៊ីកាលពីថ្ងៃ៩ វិច្ឆិកា ជាង៣០ម៉ឺនដុល្លារ និងលុយមូលនិធិ លក់ប័ណ្ណនាឡិកាសម រង្ស៊ីជាង២០ម៉ឺនដុល្លារនោះ គឺសរុបទាំងអស់ ប្រមាណជា១លាន៥០ម៉ឺនដុល្លារយកមកទ្រទ្រង់បក្សទាំង២ឲ្យដំណើរការ ។
ជាបន្ត សូមអាននូវអត្ថបទទាំងស្រុង របស់លោក មុត ចន្ថា ដែលបានសរសេររៀបរាប់ពីដំណើរដើមទង នាំឲ្យបង្កើតគណបក្សបេះដូងជាតិ នាពេលថ្មីៗនេះ និងគណបក្សភ្លើងទៀន ដែលពីអតីតកាលជាគណបក្ស សមរង្ស៊ីនោះ ប្រកាសធ្វើសមាជ នាពេលខាងមុខដូចតទៅ ៖
មេគំនិតដែលបានផ្តួចផ្តើមឲ្យបង្កើត «គណបក្សបេះដូងជាតិ» ឬ “Cambodia National Heart Party” ត្រូវបានគេដឹងយ៉ាងទូលំទូលាយ នៅសហរដ្ឋអាមេរិក និងប្រទេសបារាំង គឺលោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្ស សង្រ្គោះជាតិ ដែលបានសុំសិទ្ធិជ្រកកោន នៅសហរដ្ឋអាមេរិក ។ បច្ចុប្បន្ន លោក អេង ឆៃអ៊ាង កំពុងដេកស៊ីលុយរដ្ឋាភិបាលអាមេរិក ដែលជាប្រាក់បង់ពន្ធ របស់ប្រជាជន អាមេរិក ខណៈគាត់កំពុងត្រៀមរៀបចំឯកសារ ធានាយកក្រុមគ្រួសារទាំងមូល ទៅរស់នៅលើទឹកដីអាមេរិក។
មិនមែនតែលោក អេង ឆៃអ៊ាង ម្នាក់ទេដែលនៅពីក្រោយ គណបក្សថ្មីនេះ លោកស្រី មូរ សុខហួរ ក៏បានប្រកាសគាំទ្រ ការបង្កើតឡើងនូវគណបក្សនេះ នៅក្នុងការប្រជុំជាមួយអ្នកគាំទ្រ នៅអាមេរិក។ ចំណែកអ្នកនយោបាយរត់ភៀសខ្លួន កំពុងជ្រកកោននៅអាមេរិក និងតាមបណ្តាប្រទេសផ្សេងទៀត ក៏កំពុងធ្វើសកម្មភាពគាំទ្រ និងឡង់សេបក្សថ្មីនេះ ផងដែរ ។
សេនារីយោដែលលោក អេង ឆៃអ៊ាង បានគិតគូរៀបចំឡើង រួមមាន ៖
សេនារីយោទី១ ៖ បញ្ចេញឲ្យលោក ថាច់ សេដ្ឋា អតីតសមាជិកគណៈកម្មាធិការអចិន្រ្តយ៍ នៃគណបក្សសង្រ្គោះជាតិ ដាក់ពាក្យសុំសិទ្ធិនយោបាយ ដើម្បីត្រៀមមកដឹកនាំបក្សថ្មីនេះ គឺ «គណបក្សបេះដូងជាតិ» ព្រោះគាត់ក៏ជាប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោមផងដែរ ។ រហូតមកដល់ពេលនេះលោក ថាច់ សេដ្ឋា រក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែក៏មិនបានបដិសេធពីការ មិនជាប់ពាក់ពន្ធជាមួយគណបក្សនេះដែរ។
សេនារីយោទី២ ៖ ក្រៅពីលោក ថាច់ សេដ្ឋា, លោក អេង ឆៃអ៊ាង ក៏បានផ្ចុងផ្តើម ឲ្យមនុស្សម្នាក់ដែលមិនធ្លាប់ប្រឡូក ក្នុងកិច្ចការនយោបាយដោយផ្ទាល់ ឲ្យចូលរួមដឹកនាំបក្សថ្មីនេះ ។ តាមការណ៍ឲ្យដឹង មនុស្សវ័យកណ្តាលម្នាក់នេះ គឺជាអតីតមន្រ្តីនៃអង្គការ អន្តរជាតិ មួយ ដែលត្រូវបានបណ្តេញ ចេញពីប្រទេសកម្ពុជា នៅមុនពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ និងជាសមាជិកក្រុមការងារស្រមោល (ឈ្មោះក្លែងក្លាយ) ប្រចាំខេត្តបាត់ដំបង ដែលត្រូវបានលោក អេង ឆៃអ៊ាង ចាត់ទុកជាឈាមថ្មីនិងជាបញ្ញាវន្ត ដែលអាចប្រម៉ែប្រមូលយុវជនឱ្យចូលរួម និងទាញបានសមានចិត្ត ពីមជ្ឈដ្ឋានសង្គមស៊ីវិល ។
សេនារីយោទី៣ ៖ គណបក្សថ្មីនេះ នឹងផ្តោតលើការរៀបចំរចនាសម្ព័ន្ធ និងកសាងកម្លាំងថ្មីរបស់ខ្លួន ដោយមិនធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋានគាំទ្រ របស់អតីតគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្សភ្លើងទៀនឡើយ ប៉ុន្តែមុខព្រួញរបស់គណបក្សនេះ គឺកៀរគរកម្លាំងគាំទ្រពីគណបក្សផ្សេងៗ ដូចជា គណបក្សសិទ្ធិមនុស្ស គណបក្សហ៊្វុនស៊ិនប៉ិច យុវជន ជាដើម។ នេះជាសេនារីយោបន្លំបំភ័ន្តភ្នែក ដើម្បីធ្វើឲ្យគេយល់ច្រឡំថា បក្សបេះដូងជាតិ មិនជាប់ពាក់ព័ន្ធជាមួយគណបក្សភ្លើងទៀនដែលជាដៃគូក្នុងអតីតគណបក្សសង្រ្គោះជាតិ សំដៅបញ្ចៀសនូវការចោទប្រកាន់ពីអំពើក្បត់ភាពជាដៃគូ និងការថ្កោលទោសពីអ្នកគាំទ្ររបស់អតីតគណបក្សសង្រ្គោះជាតិ។
សេនារីយោទី៤៖ លោក អេង ឆៃអ៊ាង បញ្ឆេះឲ្យគណបក្សភ្លើងទៀន ដែលដឹកនាំដោយអតីត សមាជិកព្រឹទ្ធសភាចំនួន ១០រូប ចាប់ផ្តើមរៀបចំ កែប្រែរចនាសម្ព័ន្ធដឹកនាំ និងចុះធ្វើសកម្មភាពពង្រឹង រចនាសម្ព័ន្ធនិង កម្លាំងនៅមូលដ្ឋាន តាមរយៈការចុះចែកអំណោយ ដោយលោក ទាវ វណ្ណុល ប្រធានគណបក្សនេះ។ ការចុះចែកអំណោយជាស្បៀង ឧបភោគគាប់ជួននឹងយុទ្ធនាការលក់ប័ណ្ណ នាឡិកា របស់លោកសម រង្ស៉ី ដែលប្រមូល បានប្រាក់ជាង ២០ដុល្លារម៉ឺន ដែលគេដាក់ការសង្ស័យ យ៉ាងខ្លាំងថា គឺជាលុយបានមកពីយុទ្ធនាការ លក់ប័ណ្ណនាឡិកាដៃម៉ាកកាស្យូ របស់លោក សម រង្ស៉ី ព្រោះរហូតមកទល់ពេលនេះគេ មិនឃើញសកម្មភាពផ្តល់ជំនួយ ដល់ជនរងគ្រោះដោយជំងឺកូវីដ-១៩ ដូចគាត់បានអះអាងឡើយ។ ម្យ៉ាងទៀតដោយសារបញ្ហាផ្លូវច្បាប់ គ្មានបុគ្គលណាម្នាក់ហ៊ានចេញមុខ ទទួលលុយពីលោក សម រង្ស៉ី ដើម្បីចែកអំណោយឡើយ ដូច្នេះគេអាចធ្វើ តាមរបៀបបន្លំភ្នែកថា ជាជំនួយរបស់សប្បុរសជន នៅក្រៅប្រទេសជំនួសវិញ ។ ចំណុចនេះហើយ ដែលលោក ទាវ វណ្ណុល បានអះអាងនៅពេល ចែកអំណោយជាស្បៀង ឧបភោគ ។ លោក ជា គឹមលី ប្រធានគណបក្សសង្រ្គោះជាតិ ប្រចាំអាមេរិកខាងជើង និងអាមេរិកកាំង (CNRP NORTH AMERICA-AMERICA) ត្រូវបានគេដឹងថា នឹងមកចូលរួមដឹកនាំបក្សភ្លើងទៀន ។
សេនារីយោទី៥ ៖ អ្នកកនយោបាយជាប់បម្រាម នៃកូតាអតីតគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្ស ភ្លើងទៀត ត្រូវបានប្រាប់ឲ្យនៅស្ងៀម រង់ចាំរហូតបញ្ចប់បម្រាមហាម ធ្វើនយោបាយ នៅក្រោយពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយគ្នានេះ លោក អេង ឆៃអ៊ាង បានអនុវត្តយុទ្ធសាស្រ្ត វៃស្មៅបង្អើលពស់ ដោយជំរុញឲ្យអ្នកនយោបាយជាប់បម្រាម កម្រិតធម្យម សាកល្បងដាក់ពាក្យសុំសិទ្ធិនយោបាយ មានជាអាទិ៍ លោក ជូ ជូងី, លោក ញឹម គឹមញុល និងលោក ស៊ុន ចន្ធី ដើម្បីចង់ដឹង ប្រតិកម្មតប ។ ជាលទ្ធផល បុគ្គលទាំងបីនាក់នេះ ត្រូវបានបដិសេធ ចំពោះសំណើសុំសិទ្ធិ នយោបាយ ដោយហេតុផលរំលោភសាលដីការ បស់តុលាការកំពូល ស្តីពីការរំលាយគណបក្ស សង្រ្គោះជាតិ ខែវិច្ឆិកា ឆ្នាំ២០១៧។
សេនារីយោទី៦ ៖ បន្ទាប់ពីគណបក្សបេះដូងជាតិ បានប្រមូលផ្តុំកម្លាំងគាំទ្រពីមជ្ឈដ្ឋានផ្សេងៗ រួចហើយ គណបក្សនេះនឹងត្រូវប្រកាស បញ្ចូលជាមួយគណបក្ស ភ្លើងទៀន (អតីតគណបក្សសមរង្ស៉ី) នៅប៉ុន្មានខែមុនការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីបូកផ្គួបនិងបង្កើន កម្លាំងគាំទ្រឲ្យគណបក្សភ្លើទៀន ឲ្យក្លាយជាគណបក្សប្រកួតប្រជែងមួយ ដែលមានកម្លាំងខ្លាំងប្រហាក់ប្រហែល នៅមុនពេលរួបរួមជាមួយគណបក្ស សិទ្ធិមនុស្ស ដែលបានបង្កើត ជាគណបក្សសង្រ្គោះជាតិ នៅខែកក្កដា ឆ្នាំ២០១២។
សេនារីយោទី៧ ៖ ក្រុមអ្នកនយោបាយនិរទេសខ្លួន មានដូចជាលោកសម រង្ស៉ី, លោកអេង ឆៃអ៊ាង, លោកស្រីមូរ សុខហួរ, លោកហូរ វ៉ាន់, លោកឡុង រី ជាដើម ដើរតួនាទី ជាអ្នកកៀរគរប្រភពហិរញ្ញវត្ថុគាំទ្រ ដល់ប្រតិបត្តិការកសាងរចនាសម្ព័ន្ធ និងកម្លាំងរបស់គណបក្ស បេះដូងជាតិ និងត្រៀមបម្រុង សម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសភា ឆ្នាំ២០២៣ ។ ភស្តុតាងអាចបញ្ជាក់ថា ប្រាក់ជាង២០ដុល្លារម៉ឺនដុល្លារបានពីការលក់ប័ណ្ណនាឡិកា ប្រាក់ជាង៣០ម៉ឺនដុល្លារប្រមូល បានពីផែនការមាតុភូមិនិវត្ត ៩ វិច្ឆិកា ២០១៩ និងលុយទូរទស្សន៍ ព្រះអាទិត្យជិត១លានដុល្លារ គិតទាំងការទាំងដើម អាចនឹងត្រូវបានគេយកមកបណ្តាក់ទុន ក្នុងគណបក្សភ្លើងទៀន ដើម្បីបប្រកួតប្រជែងក្នុងការបោះឆ្នោតទាំងពីរនៅពេលខាងមុខ។
សេនារីយោទី៨ ៖ យុទ្ធសាស្រ្តរបស់លោក អេង ឆៃអ៊ាង គឺ ស្វែងរកអំណាចនយោបាយជាថ្មី ដើ ម្បីដាក់សម្ពាធលើគណបក្សកាន់អំណាច ឲ្យចរចាជាមួយ លោកសម រង្ស៉ី អាចឲ្យគាត់ និងគូកនវិលត្រឡប់ ចូលប្រទេសវិញ។
អំពើក្បត់ដៃគូនយោបាយនេះបង្ហាញកាន់តែច្បាស់ឡើង នៅពេលគណបក្សភ្លើងទៀន ប្រកាសធ្វើសមាជកែប្រែ រចនាសម្ព័ន្ធនិងថ្នាក់ដឹកនាំឡើងវិញ។ តាមពិតគណបក្ស ភ្លើងទៀន គ្រាន់តែជាបក្សចាំផ្ទះ ដូចគ្នានឹងគណបក្សសិទ្ធិមនុស្ស ព្រោះបក្សទាំងពីរ បានច្របាច់កម្លាំង ចូលគ្នាបង្កើត គណបក្ស សង្រ្គោះជាតិរួចទៅហើយ ។ ការបង្កើតឡើង នូវគណបក្ស បេះដូងជាតិ គឺជាល្បិចបៀរបីសន្លឹក ដើម្បីបំភ័ន្តភ្នែកគេច ចេញពីការចោទប្រកាន់ ពីអំពើក្បត់ដៃគូនយោបាយ ខណៈដែលបក្សនេះមានចេតនាប្រមូលផ្តុំកម្លាំងថ្មី ដើម្បីយកទៅបូកជាមួយ កម្លាំងបក្សភ្លើងទៀន។
រឿងពិតមិនអាចប្រកែកបាន លោកសម រង្ស៉ី និងគូកននៅក្រៅប្រទេស បានក្បត់ជាមួយលោក កឹម សុខា ជាយូរមកហើយ ចាប់តាំងពីការចេញទៅ បង្កើតចលនាសង្រ្គោះជាតិ នៅដើមឆ្នាំ២០១៨ និងការដណ្តើមយកដំណែងជាប្រធានស្តីទី គណបក្សសង្រ្គោះជាតិ នៅចុងឆ្នាំ២០១៨ ពីសំណាក់លោកសម រង្ស៉ី និងគូកននៅក្រៅប្រទេស ៕
សម្ដេច ស ខេង បណ្ដេញលោក អ៊ុន សំអាត នាយរងផ្នែកនគរបាលយុត្តិធម៌ក្រុងតាខ្មៅ ចេញពីក្របខ័ណ្ឌ ក្រោយល្មើសវិន័យ កម្លាំងនគរបាលជាតិ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដកហូតមុខតំណែង ឋានន្ដរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក អ៊ុន សំអាត នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល ក្រោមមូលហេតុ ល្មើសវិន័យរបស់កម្លាំងនគរបាលជាតិ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ។
សូមរំលឹកថា នាពេលកន្លងទៅ លោក អ៊ុន សំអាត បាននិយាយថា អ្នកខ្លះយាមទាំងយប់ ទាំងថ្ងៃ មិនមែនដូចខ្លួន ១អាទិត្យធ្វើការតែ១ថ្ងៃ រកស៊ី៦ថ្ងៃ ៕
លោក សយ សុភាព៖ ការិយាល័យ អ្នកនាំពាក្យក្រសួង ធនធានទឹក និងឧតុនិយម មិនគួរប្រើពាក្យ«ឥណ្ឌូចិន»ទៀតទេ
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដាន និងស្រាវជ្រាវប្រវត្តិសាស្រ្ត បានលើកឡើងថា ការិយាល័យអ្នកនាំពាក្យក្រសួង ធនធានទឹក និងឧតុនិយម មិនគួរប្រើពាក្យ«ឥណ្ឌូចិន»ទៀតទេ។ គួរប្រើពាក្យផ្សេងជំនួស។ ពាក្យនេះខ្មែរបច្ចុប្បន្នមិនចង់ឮទេហើយក៏មិនមានពាក្យនេះ តទៅទៀតដែរ។
ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋមានការ ប្រុងប្រយ័ត្នខ្ពស់ ខណៈនៅតំបន់ ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហានេះ នឹងទទួលរងនៅឥទ្ធិពលកាំរស្មីព្រះអាទិត្យUV ដែលមានសន្ទុះកើនឡើងដល់កម្រិត១០ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង២រសៀល ហើយកាំរស្មីនេះ នឹងមានហានិភ័យខ្ពស់ បង្ករឲ្យប៉ះពាល់ដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិ៕
រាជរដ្ឋាភិបាល ផ្អាករើសមន្ដ្រីថ្មី បំរើការនៅគ្រប់ក្រសួង លើកលែង តែក្រសួងសុខាភិបាល
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជ្រើស រើសក្របខ័ណ្ឌមន្ដ្រីថ្មីគ្រប់ក្រសួង-ស្ថាប័ន រួមទាំង គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងតែក្រសួងសុខាភិបាល សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមលិខិតរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ។ ការលើកលែងចំពោះក្រសួងសុខាភិបាលនេះ ដោយសារបច្ចុប្បន្នកម្ពុជាស្ថិតក្នុងបរិបទកូវីដ ទើបត្រូវការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សាផ្នែកសុខាភិបាល មកបម្រើការលើផ្នែកនេះ ខណៈកម្ពុជាត្រូវការគ្រូពេទ្យជាច្រើនរូបទៀត ដើម្បីបំពេញតម្រូវលើការផ្តល់សេវាសុខាភិបាលឲ្យពលរដ្ឋ ជួបបញ្ហាសុខភាព ដោយសារជំងឺកូវីដ ៕
រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ “យុទ្ធនាការពង្រឹង វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩”
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩” នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ និង បានធ្វើការណែនាំ ដល់បណ្តាគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តការអនុវត្តការ រឹតបន្តឹងវិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធាន ការច្បាប់ ដោយផ្អែក តាមសភាពការណ៍ វិវត្តជាក់ស្តែងនៃជំងឺនេះ ក្នុងភូមិសាស្រ្តរាជធានី-ខេត្ត ដែលស្ថិតក្រោម សមត្ថកិច្ចរបស់ខ្លួន ក្រោមការសម្របសម្រួល របស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការ ដែលមានការពាក់ព័ន្ធ តាមរយៈសេចក្តីសេចក្តី ណែនាំលេខ៖ ០៥ សណន ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕
ក្រុមហ៊ុនបណ្តាញខ្សែកាបអុបទិច ក្រោមបាតសមុទ្រ Telcotech របស់អ្នកឧកញ៉ា គិត ម៉េង ត្រៀមចុះបញ្ជី លក់មូលបត្របំណុល នៅផ្សារ មូលបត្រកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន Telcotech ជាក្រុមហ៊ុនបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ របស់អ្នកឧកញ៉ា គិត ម៉េង កំពុងត្រៀមខ្លួនចុះបញ្ជីលក់សញ្ញាបណ្ណ (មូលបត្របំណុល) ក្នុងផ្សារមូលបត្រកម្ពុជា (CSX)។
សេចក្ដីជូនដំណឹងរបស់ CSX ដែលទទួលបាននៅថ្ងៃទី១៩ ខែសីហានេះ បានឲ្យដឹងថា “ក្រុមហ៊ុនផ្សារមូលបត្រ បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន Telcotech នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅផ្សារមូលបត្រ”។
ក្រុមហ៊ុន Telcotech ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្របំណុលពីនិយ័តករមូលបត្រកម្ពុជា និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត ពាក់ព័ន្ធនឹងការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន Telcotech ជាក្រុមហ៊ុនទី៣ ដែលទទួលបានការឯកភាព ជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រ នៅផ្សារមូលបត្រកម្ពុជា នៅក្នុងឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Telcotech បានបង្កើតឡើងក្នុងឆ្នាំ២០០៧ និងជាក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ MCT ដែលវិនិយោគទឹកប្រាក់ជិត១០០លានដុល្លារ តភ្ជាប់ពីប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជា និងប្រទេសថៃ និងជាក្រុមហ៊ុនផ្តល់សេវាអ៉ីនធឺណេត និងខ្សែកាបឈានមុខគេនៅកម្ពុជា។
កាលពីឆ្នាំ២០១១ កន្លងទៅ ក្រុមហ៊ុន Telcotech ត្រូវបានក្រុមហ៊ុន EZECOM របស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក្រុមហ៊ុន Royal Group បានទិញភាគហ៊ុន១០០% ដោយក្រុមហ៊ុន Telcotech បានក្លាយជាក្រុមហ៊ុនមួយបន្ថែមទៀតនៅក្នុង EZECOM Group of Companies៕