ព័ត៌មានជាតិ

សត្វក្រៀលមួយក្បាល ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា បន្ទាប់ពីជាប់មងពលរដ្ឋ

ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមការងារប្រចាំខេត្តរតនគីរី នៃអង្គការ BirdLife សហការជាមួយ មជ្ឈមណ្ឌលអង្គរសម្រាប់ការ អភិរក្សជីវៈចម្រុះ (ACCB) បានចុះជួយសង្រ្គោះសត្វក្រៀលមួយក្បាល ក្រោយទទួលព័ត៌មានពីអាជ្ញាធរ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ថា មានសត្វក្រៀលមួយក្បាលបានជាប់មងរបស់ប្រជាពលរដ្ឋ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អង្គការសត្វស្លាប នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា «សត្វក្រៀលនេះ ត្រូវបានប្រទះឃើញជាប់មង នាថ្ងៃទី២១ សីហា នៅចំនុចដីក្រុមហ៊ុនកៅស៊ូផេស៊ីភីច ភើល ហើយសត្វក្រៀលនេះ ត្រូវបានជួយសង្គ្រោះដោយកម្មករក្រុមហ៊ុន និងបានមើលថែពីសំណាក់ក្រុមហ៊ុន។ បន្ទាប់ពីក្រុមការងាររបស់ អង្គការ BirdLif eបានធ្វើការពិនិត្យកាយសម្បទារ ឃើញថា សត្វក្រៀលនេះមានសុខភាពល្អ និងមិនមានរបួសអ្វីគួរអោយគត់សម្គាល់ទេ។ ក្រុមការងារក៏បានលែងវាត្រលប់ទៅព្រៃធម្មជាតិវិញ នៅរសៀលថ្ងៃដដែលនោះ»។

ប្រភពដដែល បញ្ជាក់ថា សត្វក្រៀល គឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ បក្សីនេះត្រូវបានចាត់ចូលជាប្រភេទកំពុងទទួលរងការគំរាមកំហែង (Vulnerable) ក្នុងបញ្ជីក្រហមពិភពលោក (IUCN Red List)។

សូមជម្រាបថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ចំនួនសត្វក្រៀលមានការថយចុះខ្លាំង។ ហេតុដូចនេះសូមប្រជាពលរដ្ឋ និងអជ្ញាធរមានសមត្ថកិច្ចចូលរួមការពារបក្សីនេះទាំងអស់គ្នា ដោយបញ្ឈប់ការទន្ទ្រានដីដែលធ្វើឲ្យប៉ះពាល់ដល់ទីជម្រក ការបរបាញ់ ការចាប់យកមកចិញ្ចឹម និងលួចយកពងកូន៕

To Top