ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យយានយន្តឯកជនជ្រកក្រោមផ្លាកលេខ ក្រសួងស្ថាប័នរដ្ឋ ជាពិសេស ផ្លាកលេខ ខ.ម និង ន.ប បំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពី គយ ។
យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច ផ្ញើជូន សម្ដេចតេជោ នាពេលថ្មីៗនេះ បានឲ្យដឹងថា យានយន្តនាំចូលជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ថវិកាជាតិ។ ក្នុងឆ្នាំ២០១៩ ចំណូលពីក្រុមទំនិញនេះ ដើរតួនាទីជាងពាក់កណ្តាល (៥៣%) នៃចំណូលសរុបដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ ខណៈឆ្នាំ២០២០ តួលេខនេះបានធ្លាក់ចុះមកត្រឹម ៤៣% ដោយសារទីផ្សារយានយន្ត រងផលប៉ះពាល់ដោយសារកូវីដ១៩ ៕




