ភ្នំពេញ៖ លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារពិភពលោក(World Bank) ប្រចាំកម្ពុជា បានអបអរសាទរចំពោះ ភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងជូន ប្រជាជនស្ថិតក្នុងល្បឿនលឿន និងអាចធ្វើឲ្យកម្ពុជា ចាប់ផ្ដើមបើកសកម្មភាព សេដ្ឋកិច្ចឡើងវិញ ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ តាមរយៈប្រព័ន្ធ Video Conference លោកស្រី Maryam Salim បានកោតសរសើរចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផល ផ្លែផ្កាជាច្រើន ពិសេសការដាក់ចេញនូវគោល នយោបាយដ៏មុតស្រួចសំដៅប្រយុទ្ធ ការពារសុខភាពអាយុជីវិតរបស់ប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ។
លោកស្រីបញ្ជាក់ថា «សាទរចំពោះភាពជោគជ័យ របស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង ជូនប្រជាជនតាមគោលដៅ ក្នុងល្បឿនលឿន និង អាចធ្វើឲ្យកម្ពុជាចាប់ផ្ដើម បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ ។ ចំពោះចំណាត់ការដ៏រហ័ស និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារពីអាយុ ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ និងការចាក់វ៉ាក់សាំងដូសជំរុញ ដែលនឹងធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណោម ប្រទេសដែលបានចាក់វ៉ាក់សាំង ជូនប្រជាជនបានច្រើន»។

លោកស្រី Maryam_Salim ក៏បានបង្ហាញជំហរបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ពិសេស ក្នុងការផ្តល់ជាធាតុចូល បន្ថែមលើផែនការស្ដារសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ និងកែសម្រួលឯកសារក្របខណ្ឌ នៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយធនាគារពិភពលោក (Country Partnership Framework 2019-2023) ឱ្យឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ន និងស្របតាមផែនការស្ដារ សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ ១៩ ឆ្នាំ ២០២១-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អ និងស្វាគមន៍ចំពោះការចូលរួម ចំណែករបស់ធនាគារពិភពលោក ។ លោកជឿជាក់ថា បេសកកម្ម ការងាររបស់ លោកស្រីនឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយ ធនាគារពិភពលោក កាន់តែរឹងមាំបន្ថែមទៀត ៕
