ព័ត៌មានជាតិ

តំបន់ប្រាសាទកោះកេរ ត្រៀមចុះបញ្ជីជាសម្បត្តិ​ បេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២

ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការយូណេស្កូ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានជួបប្រជុំពិភាក្សាជាមួយ លោកស្រី Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក និងលោក Jing Feng ប្រធានការិយាល័យ តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ ក្នុងទីក្រុងប៉ារីស ដើម្បីត្រៀមចុះតំបន់ប្រាសាទ កោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ក្នុងកិច្ចប្រជុំ បានពិភាក្សាផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួន រួមមាន ៖ ទី១-ប្រធានបទនានា ដែលទាក់ទងជាមួយមហាសន្និបាទ លើកទី៤១ នៃអង្គការយូណេស្កូ ដែលនឹងត្រូវរៀបចំឡើង ចុងខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៉ារីស ,២-វឌ្ឍនភាព នៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២ និងទី៣-កិច្ចអភិរក្ស នៃប្រាង្គប្រាសាទនៅកម្ពុជា ក្នុងបរិបទ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និង ការងារសំខាន់ៗមួយចំនួនទៀតទាក់ទងនឹងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក បានយកចិត្តទុកដាក់សហការ ប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍ ជាមួយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈប្រតិភូកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕

To Top