ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ វាយតម្លៃពីប្រសិទ្ធភាពខ្ពស់ នៃកម្មវិធីដកពិន្ទុបណ្ណបើកបរ សម្រាប់អ្នកល្មើសច្បាប់ចរាចរណ៍

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាព នៃកម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើងវិញ សម្រាប់បណ្ណបើកបរ និងការផាកពិន័យ បទល្មើសចរាចរណ៍ផ្លូវគោក។

ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ទី៤ ខែសីហា ឆ្នាំ២០២១ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់ ក្រសួងសាធារណការ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «ប្រសិទ្ធភាពនៃកម្មវិធីដកពិន្ទុ និង បំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលកម្មវិធីនេះមានលក្ខណៈពិសេស ស្គាល់ទម្រង់បណ្ណនានា រួមមាន៖ បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរ ត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។

សូមរំលឹកថា កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាង អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានបន្តជំរុញការងារអភិវឌ្ឍន៍កម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកនេះ ឲ្យដំណើរទៅមុខបានដោយរលូន៕

To Top