ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌាលព័ត៌មានដេីមអម្ពិល និងជាសហប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានឱ្យដឹងថាដំណើរទស្សនៈកិច្ចរបស់លោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក មក សិង្ហបូរី និងវៀតណាម បានបញ្ជាក់ច្បាស់ថា អាមេរិកត្រូវការប្រទេស២នេះ ប្រឆាំងចិន។

លោកបន្ដថា ដូច្នេះ កង់ប្រវត្តិសាស្ត្រវិលត្រឡប់មកវិញដោយវៀតណាម និងចិន គឺសត្រូវប្រវត្តិសាស្ត្រ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោក សយ សុភាព បានលេីកឡេីងថាឥឡូវនេះវៀតណាមនៅក្នុងប្លុកឥណ្ឌូ-ប៉ាសុីហ្វិក ដែលប្លុកនេះប្រឆាំងចិន ស្លាប់រស់។ លោកថា វៀតណាមផ្តល់ឱ្យសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា ជប៉ុន បង្កើត ឥណ្ឌូ-ប៉ាសុីហ្វិក កាលពី ១១-១១-២០១៧ នៅដាក់ណាង ភាគកណ្តាល។

លោកបានបញ្ជាក់ថា ដោយឡែក កម្ពុជា ឡាវ ជាសមាជិក ស្ថាបនិក «ប្រ៊ី» ក្រោមគំនិតផ្តួចផ្តើមរបស់ចិន កាលពីខែ មិថុនា ២០១៣ នៅប្រទេស កាហ្សាក់ស្ថាន។ ដូច្នេះ គេអាចមើលឃើញច្បាស់ថា« កម្ពុជា ឡាវ នៅ ខាង ចិន រីឯ វៀតណាម នៅខាង អាមេរិក»។
លោកបានបញ្ជាក់ទៀតថា «ជាទស្សនៈ សូម ពិចារណាកុំ ប្រើពាក្យ ឥណ្ឌូចិន និង ឧបទ្វីបឥណ្ឌូចិន ទាំងការសរសេរ និងទាំងការនិយាយ តទៅទៀតនាំឱ្យយល់ច្រឡំថា ខ្មែរនៅក្រោមឥទ្ធិពលយួន»។

លោកបានបន្ថែមថា ខ្មែរជាប្រទេសឯករាជ្យពិតប្រាកដ កាល ពី «២៩ ធ្នូ ១៩៩៨» ដោយ រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា បានបញ្ជប់ទាំងស្រុង នូវ អង្កការចាត់តាំងនយោបាយ និង យោធា របស់ឧទ្ទាមខ្មែរក្រហមប្រល័យពូជសាសន៏ និង កាត់ទោស អតីតមេដឹកនាំនៃរបប នេះដោយមានការចូលរួមពី អង្កការសហប្រជាជាតិ។
ជាងនេះទៅទៀត លោក សយ សុភាព ក៏បានអះអាងថា បច្ចុប្បន្នទស្សនៈវិជ្ជាដ៏ភ្លឺស្វាងនេះកំពុងនាំកម្ពុជាឆ្ពោះទៅកសាងប្រទេសគ្រប់វិស័យ ដោយមានចិនជាមហាមិត្តដែកថែបជួយការពារអធិបតេយ្យ និង វិនិយោគ បញ្ជប់ ការដាក់អាណានិគម ឈ្លានពាន និង បន្សាប ក្រុម អសិរពិសដែលមើលងាយខ្មែររាប់សិបឆ្នាំមកហើយ៕

