អាមេរិក និងពួកសម្ព័ន្ធមិត្តNATO បាននិងកំពុងរំកិលដកទ័ពចេញជាប់ផុងនៅអាហ្កានីស្ថាន ក្រោយពីអស់រយៈពេល២ទសវត្សរ៍នៃការទន្ទ្រានកាន់កាប់ និងធ្វើសង្រ្គាមនៅលើទឹកដីនេះ!។
Taliban គឺជាក្រុមឧទ្ទាមដែល អាមរិក និងពួក NATO ចង់វាយកម្ទេចនោះ ជាសន្សឹមៗបានវាយបក កាន់កាប់ភូមិ សង្កាត់ ក្រុង ត្រៀមខ្លួនដឹកនាំ អាហ្កានីស្ថាន ឡើងវិញ!
កងទ័ពអាមេរិក បានវាយយកអាហ្កានីស្ថាន និងបានធ្វើសង្រ្គាមនៅលើទឹឹកដីនេះ អស់រយៈកាល២០ឆ្នាំ បន្ទាប់ពីមានឧបទ្ទវហេតុជាភេរវកម្មវាយមកលើអគារភ្លោះនៅ New York នាថ្ងៃទី១១ កញ្ញា ២០០១មក!។
នៅដើមឆ្នាំ២០២១នេះ ប្រធានាធិបតី ចូ បៃដិន បានប្រកាស និងដាក់កាលបរិច្ឆេទថ្ងៃទី ១១ កញ្ញា ២០២១ ជាកាលកំណត់ចុងក្រោយដែលកងទ័ពអាមរិកទាំងអស់ ត្រូវដកចេញឱ្យអស់ពីទឹកដីអាហ្កានីស្ថាន ជាកំហិត!។
សង្រ្គាមមួយនេះ បានបន្សល់ទុកមកនូវតម្លៃមួយថ្លៃ រួមទាំងភ្ជាប់ទៅជាមួយនូវអាយុជីវិតរបស់កងទ័ពអាមេរិក រួមទាំងថវិកាមួយដ៏មហាសាល ដែលអាមេរិក បានចាក់ចោលនៅលើទឹកដីអាហ្កានីស្ថាន ហើយពុំអាចយកមកវិញបាននូវអ្វីទាំងអស់! ក្រៅពីពាក្យបណ្ដាសារតាមពីក្រោយនោះ!។
២០ឆ្នាំឥតសម្រេចបានអ្វីទាំងអស់ អាមេរិកមូរទង់ជាតិ ដកទ័ពចេញពីអាហ្កានីស្ថាន!
នៅក្នុងស្ថានភាពមួយដ៏អស់សង្ឃឹមយ៉ាងដូច្នោះ មន្រ្តីយោធាជាន់ខ្ពស់របស់អាមេរិក បាននិយាយថា គួរតែបិទទំព័រសៀវភៅមួយដែលអានទៅអានមកអស់រយៈពេល២០ឆ្នាំ តែរឿងដដែល ហើយដែលអានមិនចប់នេះទៅ!
ព្រោះទោះបីមានកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកTaliban ទាំងនេះក៏ដោយ ក៏មិិនអាចជោគជ័យ ដោយពួកTaliban មិនគោរពហើយស្រមោលសង្រ្គាមភាតរភាពក្នុងស្រុកចាប់បានលេចធ្លោជាការពិត ឆាបឆេះគ្រប់ទីកន្លែង នាំដល់ប្រមុខសេតវិមាន សម្រេចប្រកាសដកទ័ពចេញពីអាហ្កានីស្ថាន ដោយបានប្រកាសថាសហរដ្ឋអាមេរិកគួរបញ្ចប់នូវសង្រ្គាមមួយដ៏វែងអន្លាយមួយនេះ!។ ហើយទោះបីជាមានសេចក្ដីប្រកាសយ៉ាងនេះក៏ដោយ ក៏មន្ទីរPentagon នៅតែអះអាងថា សហរដ្ឋអាមេរិក នៅតែបន្តផ្ដល់ការគាំទ្រអាហ្កានីស្ថាន តែពុំមែនជាវិធានការយោធា ទៀតទេ(Sic) ហើយដែលមើលទៅដូចករណី ១៧ មេសា នៅភ្នំពេញ និង៣០ មេសា នៅទីក្រុងព្រៃនគរនោះ!។
ការវាយប្រហារជាអំពើភេរវកម្មដោយក្រុមឧទ្ទាមសកម្មប្រយុទ្ធអ៊ីស្លាម និយមជ្រុលមកលើទឹកដីអាមេរិក ដែលជាមូលបទចម្បងក្នុងការធ្វើឱ្យប្រធានាធិបតី George Walker Bush សម្រេចចាត់បញ្ជូនកងទ័ពវាយលុកចូលអាហ្កានីស្ថាន ទៅ!។
ក្នុងទិដ្ឋភាពមួយដ៏អាក្រក់យ៉ាងនេះ មជ្ឈដ្ឋានអ្នកនយោបាយក្នុងតំបន់ និងអន្តរជាតិ រួមទាំងពលរដ្ឋអាហ្កានីស្ថាន ជឿជាក់ថា ទឹកដីដ៏អភ័ព្វមួយនេះនឹងធ្លាក់ទៅក្នុងភ្លើងសង្រ្គាម កាប់សម្លាប់គ្នាសារជាថ្មីទៀត ដែលមានភាពអាក្រក់ ឃោឃៅបំផុតក្រោមបាតដៃរបស់ពួកTaliban ដ៏កាចសាហាវលើពិភពលោកនេះ!។
សង្រ្គាមនៅអាហ្កានីស្ថាន ត្រូវបានចាត់ទុកថា ជាសង្រ្គាមមួយដ៏យូរបំផុតនៅក្រៅប្រទេស បន្ទាប់ពីសង្រ្គាមនៅឥណ្ឌូចិន លើកទី២មករបស់សហរដ្ឋអាមេរិក! ដែលសង្រ្គាមមួយនេះ សហរដ្ឋអាមេរិក បានចំណាយធនធានដ៏មហាសាល រួមមានទឹកប្រាក់អស់រាប់ពាន់កោដិដុល្លារអាមេរិក មានពលទាហាន និងមន្រ្តីស៊ីវិលអាមេរិក ជាងពាន់នាក់បានស្លាប់ ដោយឡែកសម្រាប់កងទ័ពNATO វិញ បានស្លាប់ជាង១២០០នាក់ ផងដែរ!។ តែបើនិយាយដល់អាហ្កានីស្ថាន វិញ ត្រូវទទួលស្គាល់ការពិតមួយថា ប្រជាពលរដ្ឋអាហ្កានីស្ថាន វិញទេដែលទទួលរងនូវការលំបាកវេទនារាប់លានពាន់ដង ដោយភ្លើងសង្រ្គាមមិនចេះចប់នេះ និងមានរាប់ស៊ិបពាន់នាក់ជាជនពិការនិងជាជនភៀសខ្លួននោះ!។
ការប្រកាសដកកងទ័ពរបស់អាមេរិក ចេញពីអាហ្កានីស្ថាន ដ៏តក់ក្រហល់នេះ បានធ្វើឱ្យមតិសាធារណៈអន្តរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយប្រទេសនេះឥតទាន់មានសន្តិភាព ឥតទាន់មានកិច្ចធានាសន្តិភាព សុវត្ថិភាពដ៏ពិតប្រាកដណាមួយពីីបណ្ដាភាគីពាក់ព័ន្ធ រួមទាំងពីសហគមន៍អន្តរជាតិទៀតផងនោះ!។
ការប្រកាសដកកងទ័ពចេញពីអាហ្កានីស្ថាន បានលេចឡើងនូវផ្ទាំងរូបភាពវឹកវរ ចលាចល ដូចថ្ងៃ១៧ មេសា និងថ្ងៃ ៣០ មេសា នៅកម្ពុជា និងវៀតណាម!
ផ្ទាំងរូបភាព និងបទពិសោធន៍នៃការផ្ដូលរំលំរបស់របបសាធារណរដ្ឋខ្មែរ និង សាធារណរដ្ឋវៀតណាម នាឆ្នាំ១៩៧៥ ត្រូវបានមជ្ឈដ្ឋានអ្នកនយោបាយ និងMass Media របស់អាមេរិករំលឹកឡើងវិញ ព្រមទាំងបានចោទសួរថា ទីក្រុងKabul នឹងវិវត្តន៍ប្រែប្រួលទៅយ៉ាងដូចម្ដេចក្នុងករណីពេលដែលអាហ្កានីស្ថាន ធ្លាក់ទៅក្នុងការត្រួតត្រា កាន់កាប់របស់ពួកTaliban នោះ!។
នៅពាក់កណ្ដាលរបស់ឆ្នាំ ១៩៥០ អាមេរិក បានដើរតួជំនួសបារាំង ដោយចូលមក វៀតណាម ជួយកសាងវៀតណាមភាគខាងត្បូង ឱ្យទៅជារបបសេរីប្រជាធិបតេយ្យ ដែលរបបនយោបាយមួយនេះបានបដិបក្ខទៅនឹងវៀតណាមខាងជើង ដែលជារបបនយោបាយមួយដែលប្រកាន់យកសង្គមនិយមនោះ!។
៥០ឆ្នាំមុន ជារួមពិភពលោកតែងតែនិយាយអំពីសង្រ្គាមនៅវៀតណាម និងនៅអាហ្កានីស្ថាន ដោយប្រទេសទាំងពីរនេះ មានរូបភាពនយោបាយដូចគ្នា ព្រោះជាប្រទេសដែលមានការគាំទ្រជាយោធា ពីកម្លាំងកុម្មុយនីស្ត និងសេរីដូចគ្នា និងសង្រ្គាមទាំងពីរនេះក៏ជាផ្នែកមួយក្នុងចំណែកនៃសង្រ្គាមត្រជាក់ដែលអូសបន្លាយក្រោយពីសង្រ្គាមលោកលើកទី២ ចប់មក! អំណាចបដិបក្ខពីរ កុម្មុយនីស្តនិយម និងមូលធននិយមបានជួបគ្នា នៅលើសមរភូមិពីរវៀតណាម និងអាហ្កានីស្ថាននេះឯង!។
វៀតណាមខាងត្បូង ដើរតាមសេរីដោយចង់កសាងប្រទេសរបស់ខ្លួនតាមរបបនយោបាយ សេរី ប្រជាធិបតេយ្យ ពហុបក្សដូចសហរដ្ឋអាមេរិក! ចំពោះវៀតណាមខាងជើងវិញ ប្ដេជ្ញាប្រឆាំង ដាច់ខាតអាមេរិក ហើយរួមគ្នាកសាងខាងជើងវៀតណាមនេះឱ្យទៅជាប្រទេសសង្គម និយមមួយ ដើរតាមរបបនយោបាយ តាមចិន -សូវៀត! ដែលរបបនយោបាយរបស់ វៀតណាម ទាំងពីរនេះ មានសណ្ឋានរូបភាពដូច អាល្លឺម៉ង់ខាងកើត-អាល្លឺម៉ង់ខាងលិច និងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក្នុងការគ្រប់គ្រងទឹកដីនោះ!។
អាហ្កានីស្ថាន អាចជាច្បាប់ចម្លងនយោបាយរបស់វៀតណាមនៅអាស៊ីកណ្ដាល!
បរាជ័យរបស់អាមេរិក នៅវៀតណាម អាចជាចលករមួយយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមានចរន្តនៃនិន្នាការប្រឆាំងអាមេរិក នៅគ្រប់ទិសទីលើពិភពលោក!។ ព្រោះគេសម្គាល់បានឃើញផងដែរថា នៅចុងឆ្នាំ១៩៧៥ នៅទ្វីបអាហ្វ្រិក Angola បានក្រោកឡើងរួមដៃគ្នាបណ្ដេញពួកPortugal ហើយកម្លាំងកុម្មុយនីស្តបានឡើងកាន់អំណាច បង្កើតប្រទេសទៅជា សាធារណរដ្ឋប្រជាមានិតអង់ហ្គោឡា ទៅ!។
នៅឆ្នាំ១៩៧៩ Nicaragua បានបង្កើតឡើងនូវរដ្ឋអំណាចមួយប្រកាន់យករបបសង្គមនិយមមួយនៅអាមេរិកខាងត្បូង! ទន្ទឹមនេះ បើនៅតំបន់អាស៊ីកណ្ដាល វិញ កងទ័ពសូវៀតរាប់ស៊ិបម៉ឺននាក់បានសម្រុកចូលកាន់កាប់រដ្ឋធានីKabul បង្កើតឡើងនូវរដ្ឋាភិបាលកុម្មុយនីស្តមួយនៅអាហ្កានីស្ថានផងដែរទៅ!។
នៅឆ្នាំនេះដដែល១៩៧៩ កងទ័ពវៀតណាមប្រហែល២០ កងពលធំ ដោយមានការគាំទ្រពីសូវៀត និងបក្សសម្ព័ន្ធយោធា Varsovie បានលើកទ័ពចូលមកភ្នំពេញ ផ្ដួលរំលំរបបនយោបាយកម្ពុជាប្រជាធិបតេយ្យ កាន់កាប់ប្រទេសកម្ពុជា អស់រយៈកាល១០ឆ្នាំ ដល់ឆ្នាំ១៩៨៩ ទើបប្រកាសដកកងទ័ពចេញអស់ពីកម្ពុជាទៅ!។
ហើយនៅក្នុងឆ្នាំនេះផងដែរ ១៩៧៩ ដើម្បីប្រឆាំងទៅនឹងអំណាចក្នុងការគាំទ្រស្ដេច Shah ពួកសកម្មប្រយុទ្ធអ៊ីស្លាមរបស់អ៊ីរ៉ង់ បានសម្រុកចូលស្ថានឯកអគ្គរដ្ឋទូតអាមេរិកនៅTeheran ដោយចាប់ពលរដ្ឋអាមេរិក ជាច្រើនធ្វើជាចំណាប់ខ្មាំងទៅ!។
នៅក្នុងបរិបទដ៏តានតឹងមួយនេះ សហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងមកលើការលុកលុយ ឈ្លានពាន និងកាន់កាប់អាហ្កានីស្ថានរបស់កងទ័ពសូវៀត! បន្ទាប់មក ប្រធានាធិបតី Jimmy Carter បានសម្រេចពហិការមិនចូលរួម Olympic 1980 ដែលបានប្រព្រឹត្តទៅនៅMoscow !។ ក្រៅពីនេះ Jimmy Carter បានចេញបទបញ្ជាឱ្យកងកម្លាំងពិសេសរបស់អាមេរិកលួចចូលទៅអ៊ីរ៉ង់ រំដោះចំណាប់ខ្មាំងឱ្យបាន តែប្រតិបត្តិការយោធាមួយនេះបានទទួលបរាជ័យ!។
បន្ទាប់ពីRonald Reagan ជាប់ឆ្នោត និងឡើងកាន់អំណាចនាថ្ងៃទី ២០ មករា ១៩៨១ មក អ៊ីរ៉ង់បានឯកភាពដោះលែងពលរដ្ឋអាមេរិកទាំងអស់ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ហើយដែលបានឃុំឃាំងជាង១ឆ្នាំកន្លងមក!។ ក្រោយមកអាមេរិកបានសម្រេចផ្ដល់អាវុធឱ្យពួកកម្លាំងតស៊ូអ៊ីស្លាម Mujahedeen ធ្វើការប្រយុទ្ធតស៊ូប្រឆាំងនិងការកាន់កាប់របស់កងទ័ពសូវៀត នៅអាហ្កានីស្ថាន ព្រមទាំងបានផ្ដល់ការគាំទ្រ និងអាវុធទៅឱ្យពួកឧទ្ទាមContras ប្រឆាំងទៅនឹងរដ្ឋអំណាចកុម្មុយនីស្តនៅNicaragua !។
ពេលនោះពួកអ្នកយោធានិយមបានចាត់ទុកស្ថានភាពអាហ្កានីស្ថាន មានសភាពដូចស្ថានការណ៍យោធានៅក្នុងប្រទេសវៀតណាមដោយកងទ័ពសូវៀតបានជាប់ផុង ទៅមុខមិនបានថយក្រោយមិនកើត ដូចករណីដែលអាមេរិកបានជាប់ផុងដកខ្លួនចេញពីវៀតណាមមិនបានដូចគ្នា ក្នុងមួយទសវត្សរ៍មុននោះ!។
នៅដើមឆ្នាំ១៩៨៩ អស់រយៈកាលជាងមួយទសវត្សរ៍នៃការកាន់កាប់ជាយោធា សូវៀតបានប្រកាសដកកងទ័ពចេញអស់ពីអាហ្កានីស្ថាន! បន្សល់ទុកមកនូវខាងក្រោយ ជាការប្រយុទ្ធប្រឆាំងគ្នាផ្ទៃក្នុង រវាងកុលសម្ព័ន្ធ អំបូរជាតិសាសន៍មួយនេះជាមួយនិងជាតិសាសន៍មួយផ្សេងទៀត ក្នុងការដណ្ដើមអំណាច ដើម្បីគ្រប់គ្រង ត្រួតត្រាប្រទេសអាហ្កានីស្ថាន ក្រោយសករាជសូវៀតកាន់កាប់នោះ!។
ដល់ខែមេសា ១៩៩២ ពួកទ័ពព្រៃMujahedeen វាយកាន់កាប់បានរដ្ឋធានីKabul ធ្វើឱ្យប្រធានាធិបតីMohammed Najibullad ដែលគាំទ្រទៅដោយសូវៀតបានរត់គេចខ្លួនចូលទៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិដើម្បីភៀសខ្លួន រហូតដល់ឆ្នាំ១៩៩៦ បន្ទាប់ពីពួកTaliban ដណ្ដើមបានសិទ្ធិគ្រប់គ្រង ដឹកនាំប្រទេសក៏បានចាប់ខ្លួន Najibullad រួចសម្លាប់ចោលដោយកាត់ទោសព្យូរករនៅកណ្ដាលរដ្ឋធានីKabul ដើម្បីជាការព្រមានដល់មនុស្សទាំងអស់ដែលមានគំនិតចង់ប្រឆាំងទៅនឹងរដ្ឋអំណាចថ្មីនោះ! ពេលនោះអាហ្កានីស្ថានបានបន្តធ្លាក់ទៅក្នុងគ្រោះសង្រ្គាមផ្ទៃក្នុងទៀត!។
ការធ្វើអន្តរាគមន៍ជាយោធារបស់អាមេរិកចូលអាហ្កានីស្ថាន!
ប៉ុន្មានឆ្នាំក្រោយមក គឺនៅថ្ងៃទី៧ តុលា ២០០១ អាមេរិកចាប់បើកប្រតិបត្តិការសឹកនាំទ័ពវាយលុកចូលអាហ្កានីស្ថាន ក្រោមការសម្រេចរបស់ប្រធានាធិបតី George W.Bush ក្នុងការអន្តរាគមន៍ជាយោធា ចូលមកផ្ដួលរំលំរដ្ឋអំណាចTaliban ដោយពួកនេះបានអនុញ្ញាតឱ្យពួកឧទ្ទាម Al -Qaida ប្រើប្រាស់ទឹកដីអាហ្កានីស្ថានដើម្បីហ្វឹកហ្វឺន និងធ្វើសង្រ្គាមជាភេរវកម្មវាយចូលទឹកដីអាមេរិកនោះ!។
មុននេះ គេបានឮយ៉ាងតិចតួចណាស់អំពីអង្គការ Al -Qaida តែក្រោយមក នៅព្រឹកថ្ងៃទី ១១ កញ្ញា ២០០១ ទើបគេដឹងថា មនុស្សរបស់អង្គការ Al -Qaida មួយនេះ បានប្លន់យន្តហោះស៊ីវិល ដោយយកយន្តហោះស៊ីវិលនេះធ្វើជាអាវុធវាយប្រហារចូលមកសហរដ្ឋអាមេរិក ដែលធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់នាពេលនោះ!។
កងទ័ពអាមេរិក លុកលុយចូលប្រទេសអាហ្កានីស្ថាន គឺដើម្បីផ្ដួលរំលំរដ្ឋអំណាចTaliban ដោយក្នុងគោលបំណងកម្ទេចអង្គការ Al -Qaida នេះឯង! ក្រៅពីកងទ័ពអាមេរិក មានមកជាមួយនូវកងកម្លាំងNATO ផងដែរ! ប៉ុន្តែមេខ្លោង Osama Bin Laden បានគេចខ្លួនរត់ចូលប្រទេសប៉ាគីស្ថាន ហើយនៅទីនោះ Bin Laden បន្តធ្វើសង្រ្គាមជាភេរវកម្មសំដៅវាយប្រហារមកលើអាមេរិក និងពួកសម្ព័ន្ធមិត្តរបស់អាមេរិកលើគ្រប់ទិសទីក្នុងពិភពលោក ដោយចាប់ពីអាមេរិកមកអាស៊ី ចូលទៅអឺរ៉ុប ឆ្លងទៅទ្វីបអាហ្រ្វិក ចូលទៅដល់តំបន់Persigue ទៀតផង!។
អំពើវាយប្រហារជាភេរវកម្មត្រូវបានកើតឡើងជាបន្តបន្ទាប់រហូតដល់សម័យកាលរបស់ប្រធានាធិបតី Barack Obama ទើបមេខ្លោងរបស់ Al -QaidaមួយនេះគឺBin Laden ត្រូវបានបាញ់សម្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន ដោយកងទ័ពពិសេសរបស់អាមេរិកនាថ្ងៃទី២ ឧសភា ២០១១!។
អស់រយៈកាល២០ឆ្នាំនៃការជំពាក់វាក់វ័ន្ទទៅនឹងការពាក់ព័ន្ធជាយោធានៅអាហ្កានីស្ថាន ដែលសង្រ្គាមមួយនេះបានឆ្លងកាត់អាណត្តិប្រធានាធិបតីអាមេរិក ៤រូប ដែលមានពេលខ្លះមានទ័ពអាមេរិករាប់រយពាន់នាក់មានមុខជាអចិន្ត្រៃយ៍នៅទីនេះ! ប្រើប្រៀបធៀបទៅនឹងសង្រ្គាមនៅវៀតណាម ពេលដែលខ្ពស់បំផុតមានទាហានអាមេរិក កន្លះលាននាក់បានមានមុខនៅលើទឹកដីវៀតណាម ដែលក្នុងនោះមានទាហានអាមេរិក ៥៨ពាន់នាក់ បានស្លាប់លើទឹកដីវៀតណាម! ដោយឡែក ចំនួនទាហានអាមេរិកដែលបានស្លាប់លើទឹកដីអាហ្កានីស្ថាន មានចំនួនតែ២៣០០នាក់ តិចជាងនៅវៀតណាម!
មុនអាហ្កានីស្ថាន វៀតណាមជាទីកន្លែងដែលមានវត្តមានកងទ័ពអាមេរិកធ្វើការប្រយុទ្ធដ៏យូរបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសអាមេរិក ហើយត្រូវបានចប់ទៅវិញដោយភាពបរាជ័យផងដែរ!។
កិច្ចព្រមព្រៀងប៉ារីស ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៧៣ គឺដើម្បីទុកលទ្ធភាពឱ្យអាមេរិកដកកងទ័ពចេញពីវៀតណាម ហើយបញ្ហាផ្សះផ្សារ បង្រួបបង្រួមជាតិ និងអនាគតនៃស្ថានភាពនយោបាយនៅលើទឹកដីវៀតណាម គឺអាស្រ័យទៅដោយការស្វ័យសម្រេចរបស់ប្រជាជាតិវៀតណាមដោយខ្លួនឯង!
ក្រោយមក រដ្ឋសភាអាមេរិកបានប្រជុំកាត់ផ្ដាច់ជំនួយយោធាទាំងអស់សម្រាប់វៀតណាមខាងត្បូង ដែលក្នុងនោះក៏មានការកាត់ផ្ដាច់ជំនួយយោធា មិនឱ្យរដ្ឋាភិបាលភ្នំពេញ របស់លោក លន់ នល់ ផងដែរ! បន្ទាប់មករដ្ឋសភាអាមេរិកបានចេញក្រឹត្យច្បាប់ War Power Acts ដោយក្រឹត្យច្បាប់មួយនេះ ហាមដាច់ខាតមិនឱ្យអាមេរិកធ្វើអន្តរាគមន៍ចូលមកឥណ្ឌូចិនជាថ្មី ដែលនេះជាភាពអំណោយផលមួយក្នុងការជួយសម្រួលឱ្យកម្លាំងកុម្មុយនីស្តកាន់តែមានថាមពលដោះស្រាយបញ្ហាដោយវិធានការយោធា វាយយកភ្នំពេញបានថ្ងៃទី១៧ មេសា រួចវាយយកព្រៃនគរបាននៅថ្ងៃទី៣០ មេសា ១៩៧៥ ទៅ! អ្វីៗបានកើតហួសរួចទៅហើយ!។ ឥឡូវនេះ សហរដ្ឋអាមេរិក ក៏មានការព្រមព្រៀង សម្របសម្រួលជាពួកTaliban ក្រោមកិច្ចព្រមព្រៀងDoha Agreement 2020 ដើម្បីអាមេរិកដកកងទ័ពចេញពីអាហ្កានីស្ថាន! តែគេជឿថា ឱ្យតែពួកទ័ពព្រៃ ពួកនេះគ្មានគោរព ប្រតិបត្តិនូវទោះបីនេះជាសន្ធិសញ្ញា ឬច្បាប់អន្តរជាតិណាមួយឡើយ!។ អ្នកដែលមានបទពិសោធន៍នៅកម្ពុជា និងវៀតណាម បានជឿជាក់ជាមុនថា រដ្ឋាភិបាលក្រុងKabul នឹងត្រូវផ្ដួលរំលំដោយកម្លាំងពួកទ័ពព្រៃ ហើយអាមេរិកដាច់ខាតលែងវិលមកជួយដូចការសន្យាព្រោះនេះបានបញ្ជាក់ថា ល្បែងសង្រ្គាមក្នុងតំបន់បានបញ្ចប់(Game Over) ដោយប្ដូរយុទ្ធសាស្រ្តទៅទីតាំងថ្មីម្ដងវិញ!។
មានការខុសគ្នាជាមូលដ្ឋានខ្លះរវាងវៀតណាមនិងអាហ្កានីស្ថាន គឺពេលនោះវៀតណាម មានពីរប្រទេសខាងជើងនិងខាងត្បូង ដោយមានរបបនយោបាយខុសផ្សេងពីគ្នា ចំពោះអាហ្កានីស្ថានវិញមានតែប្រទេសមួយតែសំបូរទៅដោយអំបូរជាតិសាសន៍ ដែលពួកនេះវាយគ្នាដណ្ដើមការដឹកនាំប្រទេសនេះ! គ្មានក្រុមមួយណាព្រមចុះចាញ់ ឬសម្បទានឱ្យក្រុមមួយណាសោះឡើយ! ទើបទាំងអស់នេះហើយដែលជាឫសគល់នៃទំនាស់មិនចប់ចេះអស់រយៈកាលជាងកន្លះសតវត្សរ៍ហើយនោះ!។
មានប្រការមួយក្នុងកិច្ចព្រមព្រៀងDohaនេះ គឺពួកTaliban បានសន្យាជាមួួយអាមេរិកថា នឹងមិនទុកឱ្យពួក ISISឬISIL ដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមជ្រុលបំផុត មានទំនាក់ទំនងជាមួយក្រុម Al-Qaida ប្រើប្រាស់ទឹកដីអាហ្កានីស្ថាន ជាជំរកធ្វើជាកន្លែងរបស់ទឹកដីពិសិដ្ឋដើម្បីវាយប្រហារជាអំពើភេរវកម្មមកលើអាមេរិក ក៏ដូចជាពួកប្រទេសលោកខាងលិចដូចមុនទៀត!។
ពីដែនដីអាហ្កានីស្ថានមកកាន់ទីក្រុងព្រៃនគរ មេរៀនដ៏ជូរចត់មួយបន្ទាប់ពីអាមេរិកដកទ័ពចេញ!
ពួកTaliban បាននិងកំពុងស្ថិតនៅលើដងផ្លួវក្នុងក្រុងKabul ដូចអ្វីដែលកម្លាំងខ្មែរក្រហមមកដល់ម្ដុំព្រែកព្នៅនៅព្រឹកថ្ងៃទី១៧ មេសា និងពួកវៀតកុងស្ថិតនៅឆ្ងាយពីទីក្រុងព្រៃនគរប្រមាណ១០គីឡូម៉ែត្រនាព្រឹកថ្ងៃទី៣០ មេសា ១៩៧៥នោះ!។ ពលទាហានអាហ្កានីស្ថានរាប់ពាន់នាក់បានបោះចោលអាវុធ លែងច្បាំងរួចរត់ចូលទៅក្នុងដែនដីTajikistan ខ្លះបានរត់គេចខ្លួនចូលទៅក្នុងប្រទេសប៉ាគីស្ថាន មានទាំងនាំយកប្រពន្ធ កូន គ្រួសារទៅជាមួយផង! បង្កើតទៅជាចរន្តហ្វូងជនភៀសខ្លួនមួយរត់ចោលស្រុក ទៅជ្រកកោននៅបណ្ដាប្រទេសជិតខាង មិនខុសអីទៅនឹងព្រឹត្តិការណ៍នៅឥណ្ឌូចិនក្រោយឆ្នាំ១៩៧៥នោះ!។
ជាថ្មីម្ដងទៀត ដែនដីអាហ្កានីស្ថាន សាកសមទៅនឹងការប្រសិទ្ធនាមថា ទីលានសម្រាប់បញ្ចុះសពពួកចក្រពត្តិ(The Graveyard of Empires) ក្នុងគ្រប់សម័យកាល!។ អាហ្កានីស្ថាន ជាដែនដីស្ថិតនៅក្នុងចំណុចផ្លូវបែកជាបួន និងជាកន្លែងជំនួបរវាងអរិយធម៌ ឥណ្ឌូ-អឺរ៉ុប ទើបតំបន់់មួយនេះជាកន្លែងរស់នៅទៅដោយអំបូរពូជសាសន៍ជាច្រើន!។ ជាប្រទេសសំបូរទៅដោយភ្នំ និងវាលខ្សាច់ តែអាហ្កានីស្ថាន ត្រូវបានទន្រ្ទានកាន់កាប់ និងឈ្លានពានពីបណ្ដាអនុភាពចក្រពត្តិPrussia Greece, Ottoman, Turkey, Mongol, អារ៉ាប់, អង់គ្លេស, សូវៀតនិងចុងក្រោយគឺអាមេរិក ហើយដែលមុននេះរាប់ពាន់ឆ្នាំកងទ័ពដ៏មហិមារបស់ស្ដេច Alexander The Great ធ្លាប់បានចូលមកលុកលុយដែនដីនេះនៅមុនពេលចុះទៅវាយឈ្លានពានប្រទេសឥណ្ឌានោះ!។
ជាប្រទេសសំបូរទៅដោយអំបូរជាតិសាសន៍ រស់នៅមានលក្ខណៈជាកុលសម្ព័ន្ធ ទើបអាហ្កានីស្ថាននៅតែជាប្រទេសក្រីក្រ និងអន់ថយជាងគេបំផុតនៅលើពិភពលោក! ហើយមុខរបរសំខាន់ក្នុងអាជីពរស់នៅប្រចាំគ្រួសារគឺការដាំអាភៀន មាន៨០%ទូទាំងប្រទេសនោះ!។
ចាប់តាំងពីបណ្ដាឆ្នាំ១៩៧៨ អាហ្កានីស្ថានបានឆ្លងកាត់សង្រ្គាមក្នុងស្រុកមួយដ៏យូរ និងឃោឃៅបំផុតដោយការកាន់កាប់ជាយោធាពីសូវៀត ដល់ឆ្នាំ២០០១ អាមេរិកចូបានលកាន់កាប់ម្ដងវិញរហូតមកដល់ថ្ងៃនេះ២០២១!។ ត្រូវទទួលស្គាល់ជាការពិតមួយក្នុងប្រវត្តិសាស្រ្តថា ទោះបីជាអាហ្កានីស្ថានត្រូវបានជាន់ឈ្លី ជិះជាន់ និងត្រួតត្រាទៅដោយអំណាចចក្រពត្តិគ្រប់ជាតិសាសន៍ក៏ដោយ ក៏គ្មានការឈ្លានពានណាមួយរបស់ពួកចក្រពត្តិទាំងនេះ យកជោគជ័យក្នុងការត្រួតត្រាអាហ្កានីស្ថាននេះបានដូចចិត្ត ហើយត្រូវរងការខាតបង់ គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទៀត ទើបអាហ្កានីស្ថាននេះត្រូវបានពួកអ្នកប្រវត្តិវិទូដាក់ឈ្មោះឱ្យថា ឈាបនដ្ឋានក្នុងការជីកកប់គ្រប់អំណាចចក្រពត្តិនៅលើដែនដីមួយនេះ! ដោយឱ្យតែចូលមក គឺជាប់ផុងទាំងអស់ នាំទៅដោយបរាជ័យទាំងស្រុងទោះមានអាវុធយុទ្ធភ័ណ្ឌទំនើបយ៉ាងណាក៏ដោយ!។
ចិនមានបំណងចូលជំនួសអាមេរិក ដើម្បីការពារខ្សែក្រវាត់ព្រំដែនសន្តិសុខពីចម្ងាយ!
ក្នុងករណីបើអាហ្កានីស្ថាន ធ្លាក់ទៅក្នុងស្ថានភាពបាត់សន្តិសុខ អស្ថិរភាព ដែលប្រការមួយនេះមានការជះឥទ្ធិពលយ៉ាងអវិជ្ជមានមកលើគម្រោង ផ្លូវមួយ ខ្សែក្រវាត់មួយនៅក្នុងតំបន់នេះ! ម្យ៉ាងទៀត ក៏ជាឱកាសដ៏អនុគ្រោះមួយសម្រាប់ពួកអ៊ីស្លាមនិយមជ្រុលដែលមានសមាសភាពនៅក្នុងចំណោមពួកសកម្មប្រយុទ្ធអ៊ីស្លាមឡើងកាន់អំណាចនៅKabul អាចពួកនេះនឹងផ្ដល់ការគាំទ្រដល់ចលនាតស៊ូរបស់ពួកនៅ Xinjiang ប្រឆាំងទៅនឹងរដ្ឋអំណាចចិននោះ!។
យ៉ាងណាក៏ដោយ ក៏បញ្ហាតំបន់ Xinjiang នៅតែតាមលងចិនដដែលដោយសមាសភាពពួកបំបែករដ្ឋ! ហើយបញ្ហាធំនៅត្រង់ចំណុចក្រោយពីអាមេរិកដកខ្លួនចេញ តើអានុភាពក្រុមណាចូលមកត្រួតត្រាក្រុងKabul នោះ!។
ចិនបានវាយតម្លៃព្រមទាំងចាត់ទុកការដកកងទ័ពអាមេរិកចេញពីអាហ្កានីស្ថាន គឺជាអំពើខ្វះការទទួលខុសត្រូវ! ដោយសកម្មភាពមួយនេះអាចនឹងនាំមកជាមួយនូវស្ថានការណ៍មួយដ៏អស្ថិរភាព អូសបន្លាយនៅក្នុងតំបន់មួយនេះ ដែលជាតំបន់មួយសំបូរទៅដោយសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម ដែលចៀសមិនផុតនៅមានពួកអ៊ីស្លាមនិយមជ្រុលជាច្រើនដែលមាននៅក្នុងតំបន់នេះ!។
នៅបណ្ដាឆ្នាំ២០១៦ ចិន អូសទាញបានអាហ្កានីស្ថានចូលរួមក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយ តែរហូតមកដល់ពេលនេះការបណ្ដាក់ទុនរបស់ក្រុងប៉េកាំងចូលមកប្រទេសមួយនេះក៏នៅមានកម្រិតនៅឡើយ!។ ដោយអាហ្កានីស្ថានក៏ជាប្រទេសមួយសំបូរទៅដោយសម្បត្តិធម្មជាតិ ទើបចិនមានបំណងចង់តភ្ជាប់អាហ្កានីស្ថានចូលទៅក្នុងរបៀងសេដ្ឋកិច្ចក្នុងបណ្ដាញសេដ្ឋកិច្ច China–Pakistan Economic Corridor ហើយដែលឆ្លងតាមរយៈយន្តការមួយនេះ មានភាពងាយស្រួលក្នុងការឃ្លាំមើលនូវរាល់សកម្មភាពរបស់អាហ្កានីស្ថាន ក្នុងការធានាមួយថា រាល់អំពើរបស់អាហ្កានីស្ថាននឹងមិនធ្វើឱ្យមានការប៉ះពាល់ណាមួយមកលើអត្ថប្រយោជន៍ និងសន្តិសុខរបស់ចិនឡើយ! ម្យ៉ាងវិញទៀត អាហ្កានីស្ថានក៏ជាកំណាត់ផ្លូវក្នុងការកំណត់របស់គម្រោងCECPដែលស្ថិតនៅលើដងផ្លូវមួយ ក្នុងការសម្រួលឱ្យចិន មានលទ្ធភាពធ្វើដំណើរទៅកាន់រហូតដល់សមុទ្រឥណ្ឌានោះ!។
ក្នុងបរិបទមួយនេះ ទើបក្នុងយុទ្ធវិធីរបស់ចិន ដោយស្ថានការណ៍នយោបាយនៅអាហ្កានីស្ថានឥតទាន់មានភាពច្បាស់លាស់ ដោយឥតទាន់ដឹងច្បាស់ថា អំណាចនឹងធ្លាក់ទៅក្នុងដៃរបស់នរណា! របស់ក្រុមណា! ទើបចិនឥតទាន់បានសម្រេចត្រូវដាក់លុយរាប់កោដិចូលមកក្នុងតុបៀមួយណាក្នុងការវិនិយោគទុនចូលអាហ្កានីស្ថាននោះ! ហើយក្នុងករណីបើសភាពការណ៍នៅអាហ្កានីស្ថានមានការវិវត្តន៍ហួសព្រំដែន ពុំអាចគ្រប់គ្រងបាន គឺចិនច្បាស់ជានឹងមិនចេញខ្លួនធ្វើជាតួឯកដូចសូវៀត និងអាមេរិកធ្លាប់បានបំពេញមុខងារនៅលើទឹកដីមួយនេះកន្លងមក! ព្រោះចិនក៏បានដឹងយ៉ាងច្បាស់ថាអាហ្កានីស្ថាន ធ្លាប់ជាដែនដីឈាបនដ្ឋានសម្រាប់ដុតកងទ័ពចក្រពត្តិទាំងឡាយដែលធ្លាប់បានមកឆ្លងកាត់ និងឈ្លានពានទឹកដីមួយនេះនោះ!។
ព្រោះមុននេះ ទោះបីជាចិនបានជួបចរចាយ៉ាងច្រើនជាមួយពួកTaliban ក៏ដោយ ក៏អំពើកន្លងមករបស់Talibanពុំបានធ្វើឱ្យចិនមានការទុកចិត្ត ជឿជាក់ ទើបមានករណីចិនសម្រេចចាត់បញ្ជូនពលរដ្ឋខ្លួនជាង២០០នាក់ ឱ្យធ្វើមាតុភូមិនិវត្តន៍ទៅចិនវិញនោះ! ដោយពួកនេះពុំសូវមានការគោរពពាក្យសន្យាឡើយ!។
ស្ថានភាពប្រទេសអ៊ីរ៉ង់នៅលើក្ដារអុកអសន្តិសុខនៅក្នុងតំបន់ទាក់ទងដល់សភាពការណ៍នៅអាហ្កានីស្ថាន!
អ៊ីរ៉ង់ជាប្រទេសមួយដែលមានទីតាំងភូមិសាស្រ្ត ស្ថិតនៅភាគខាងលិចរបស់អាហ្កានីស្ថាន! ដូច្នោះ អ៊ីរ៉ង់ក៏ជាប្រទេសមួយដែលមានការបារម្ភអំពីសន្តិសុខ សុវត្ថិភាពមួយដ៏ជ្រាលជ្រៅមិនចាញ់ប្រទេសចិនផងដែរ!។ ក្នុងទស្សនៈនយោបាយនៃភាពប្រាកដនិយម អ៊ីរ៉ង់ក៏មានសញ្ញាខ្លះក្នុងគោលគំនិតចង់ខិតជិតមករកTalibanផងដែរ! ដោយកត្តាចាំបាច់ជាអាទិភាពចង់បន្ថែមមិត្ត កាត់បន្ថយសត្រូវនៅក្នុងតំបន់នេះ!។
ជាភូមិសាស្រ្តនយោបាយ ចិនមានព្រំដែនជាប់ជាមួយអាហ្កានីស្ថានមានប្រវែង៩០គីឡូម៉ែត្រ ដោយឡែកចំពោះអ៊ីរ៉ង់វិញ មានព្រំដែនជាប់ជាមួយអាហ្កានីស្ថានប្រវែង៩០០គីឡូម៉ែត្រនោះ! ព្រោះដោយស្ថានការណ៍អស្ថិរភាពនៅអាហ្កានីស្ថាន អាចជាបន្ទុកមួយដ៏ធ្ងន់ទៀតធ្លាក់មកលើអ៊ីរ៉ង់ ព្រោះបច្ចុប្បន្នមានជនភៀសខ្លួនជិត៣,៥លាននាក់បាននិងកំពុងរស់ជ្រកកោននៅលើប្រទេសអ៊ីរ៉ង់ដោយភាពវឹកវរ អសន្តិសុខ នៅអាហ្កានីស្ថានក្នុង២០ឆ្នាំកន្លងមកនេះ!។
ការបារម្ភទីពីររបស់អ៊ីរ៉ង់ គឺពួកTalibanជាអ្នកប្រកាន់យកនិកាយSunni ដែលជានិកាយសាសនាអ៊ីស្លាមមួយមានភាពប្រឆាំងទៅនឹឹងនិកាយShia ដែលប្រទេសអ៊ីរ៉ង់ប្រកាន់យកនោះ!។ នៅលើមូលបទនេះហើយ ទើបមតិសាធារណៈអ៊ីរ៉ង់បានអះអាងថា ករណីបើពួកTaliban ឡើងកាន់អំណាចនៅKabulមែន ក្រៅពីមានបន្ទុកក្នុងភារកិច្ចទទួលយកជនភៀសខ្លួនថែមទៀត អ៊ីរ៉ង់ក៏ត្រូវត្រៀមខ្លួនក្នុងការមានប្រទូស្តរាយលើផ្នែកនិកាយសាសនាSunni និងShia ផងដែរ!
ក្រុងKabul និងក្រុង Teheran ធ្លាប់មានទំនាស់ដ៏ជ្រាលជ្រៅក្នុងដំណាក់កាលដែលពួកTaliban ដឹកនាំប្រទេសពីបណ្ដាឆ្នាំ១៩៩៦ដល់ឆ្នាំ២០០១! ហើយរហូតដល់មានពេលខ្លះ អ៊ីរ៉ង់បានលើកដាក់ទំនាស់ជាសត្រូវទៅម្ខាងសិន ដោយសហការជាមួយក្រុងWashington ក្នុងការរួមគ្នាប្រឆាំងទៅនឹងពួកTaliban ក្នុងសម័យកាលដែលអាមេរិកស្វែងរកមេខ្លោងភេរវកម្មអន្តរជាតិAl- Qaida គឺOsama Bin Laden នោះ!។
គោលនយោបាយប្រាកដនិយមសំដៅបម្រើឱ្យអត្ថប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខជាតិ!
ជាតថភាព ក្រុងប៉េកាំង នៅតែចាត់ទុកអាហ្កានីស្ថានជាកំណាត់ផ្លូវមួយដ៏ចាំបាច់និងសំខាន់ក្នុងការបម្រើឱ្យគម្រោងផ្លូវមួយខ្សែក្រវាត់មួយនោះ!។ តែពួកអ្នកយុទ្ធសាស្រ្តចិននៅតែមានការបារម្ភដោយទឹឹកដីអាហ្កានីស្ថាននៅតែជាទីលានមួយពោរពេញទៅដោយអស្ថិរភាព និងជាទីតាំងមួយតែងតែបាននាំមកនូវគ្រោះថ្នាក់ជាប្រចាំមួយសម្រាប់តំបន់អាស៊ីកណ្ដាល និងប៉ាគីស្ថានជានិច្ច!។
ដោយមើលឃើញភាពរស៊ើបនៅក្នុងតំបន់មួយនេះ ដែលអាចជះភាពអវិជ្ជមានមកលើគម្រោងBRIនិងរួមទាំងការបង្កើតឱ្យមានភាពអសន្តិសុខនៅក្នុងXinjiang ទៀតផង! លើមូលដ្ឋានទាំងនេះទើបចិនក្នុងប៉ុន្មានឆ្នាំនេះ ចំណុចអាទិភាពគឺការស្វែងរកនូវគ្រប់វិធានការដើម្បីពង្រឹងលទ្ធភាព សមត្ថភាពក្នុងការធ្វើយ៉ាងណាដើម្បីការពារសន្តិសុខ សុវត្ថិភាពសម្រាប់ខ្លួនពីចម្ងាយជាមុនសិន! ទើបចាប់តាំងពីបណ្ដាឆ្នាំ២០១៦ ចិនបានសហការជាមួយអាហ្កានីស្ថាន ប៉ាគីស្ថាន និងតាជីហ្គីស្ថាន បង្កើតទៅជាកម្មវិធីនៃកិច្ចសហប្រតិបត្តិការយោធាមួយសំដៅប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្មនៅតាមបណ្ដោយព្រំដែន ពិសេសគឺនៅបណ្ដាតំបន់ដែលស្ថិតនៅជិតព្រំដែនជាមួយអាហ្កានីស្ថាននិងចិន!
ជាការជាក់ស្ដែង ចិនមានវត្តមានជាយោធានៅតាជីហ្គីស្ថាន ទន្ទឹមនេះ ចិនក៏បានកសាង និងពង្រឹងកម្លាំងយោធាដែលឈរជើងនៅតំបន់Gilgit Baltistan ក្នុងដែនដីប៉ាគីស្ថានដែលជាតំបន់មួយស្ថិតនៅជិតរបៀងWakhan ! ព្រមទាំងបានផ្ដល់ការគាំទ្រដល់ក្រុងKabul ក្នុងការបង្កើតមូលដ្ឋានយោធានៅតំបន់ភ្នំជិតទៅនឹឹងខេត្តBadakhchan ដែលសកម្មភាពយោធាទាំងអស់នេះ ស្ថិតនៅក្រោមរូបភាពប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្ម! តែជាការពិតសុទ្ធតែជាសកម្មភាពការពារចិនពីចម្ងាយទាំងអស់!។
ជារួម រាល់សកម្មភាពរបស់ចិន គឺការស្វែងរកនូវគ្រប់វិធានការដើម្បីធានាសន្តិសុខសម្រាប់ភូមិសាស្រ្តមួយដែលមានហានិភ័យខ្ពស់ក្នុងការអាចនាំឱ្យមានភាពវឹកវរក្នុងដែនដីអាហ្កានីស្ថាន ហើយដែលអាចរីករាលដាលទៅដល់ដែនដីរបស់ចិននោះផង!។ នៅក្នុងបរិបទនៃភាពវិវាទតំបន់មួយនេះ ចិនអាចសម្រេចបានគោលដៅពីរក្នុងសកម្មភាពមួយ ដែលអាទិភាពទីមួយចិន នៅរក្សាបានភាពជាមហាអំណាចនៅក្នុងតំបន់ ទីពីរចិនបន្តរក្សាបានសន្តិសុខ សុវត្ថិភាព ព្រមទាំងមានលទ្ធភាពអាចចរចាបានជាមួយភាគីដែលមានការពាក់ព័ន្ធផ្ទាល់ក្នុងជម្លោះវិវាទមួយនេះផងដែរ!។
ចិនអាចសងនូវតម្លៃមួយខ្ពស់ ក្នុងករណីបើបោះជំហានចូលអាហ្កានីស្ថាន ជំនួសតួនាទីអាមេរិកនៅក្នុងតំបន់នេះ!
មុនពេលធ្វើដំណើរផ្សងព្រេងចូលមកដែនដីនេះ ត្រូវគិតគូរ ពិចារណាអំពីការបរាជ័យជាបន្តបន្ទាប់របស់គោលនយោបាយអន្តរាគមន៍របស់ពួកលោកខាងលិច! ហើយចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២មក នយោបាយអន្តរាគមន៍មួយនេះ ត្រូវបានបែងចែកទៅជា៣ដំណាក់កាលរួមមាន៖
ក្នុងសម័យកាលរបស់សង្រ្គាមត្រជាក់ ក្រោមការគំរាមកំហែងនៃអាវុធបរមាណូ ទើបភាគីមហាអំណាចនីមួយៗសុទ្ធតែមានសន្លឹកបៀរសម្រាប់លេង ដោយឡែករៀងៗខ្លួននៅក្នុងទ្វីប អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិកឡាទីន និងអាស៊ី ដែលសន្លឹកបៀរលេងមួយនេះត្រូវបានអនុវត្តន៍ឆ្លងតាមរយៈសង្រ្គាមខ្ចីដៃ -Proxy War នៅក្នុងតំបន់ទាំងនេះ!។ ពេលដែលសង្រ្គាមត្រជាក់ចប់ ពួកលោកខាងលិចហាក់បីទទួលភាពបរាជ័យក្នុងការរារាំង ទប់ស្កាត់នូវអំពើប្រល័យពូជសាសន៍មួយដែលបានកើតមានឡើងនៅរ៉វ៉ាន់ដា រួមទាំងការសម្លាប់រង្គាលដែលមានកើតមានឡើងនៅក្នុងតំបន់ បាល់កង់នោះ!ហើយព្រឹត្តិការណ៍ថ្ងៃទី១១ កញ្ញា ២០០១ កាន់តែបញ្ជាក់ឱ្យឃើញថា នយោបាយអន្តរាគមន៍មួយនេះពុំបានទទួលជោគជ័យដូចការគិតនោះទេ!
ឆ្នាំ២០២១ ជាមួយការបរាជ័យរបស់ពួកលោកខាងលិចនៅអាហ្កានីស្ថាន ដែលសុទ្ធតែជានយោបាយជ្រៀតជ្រែក អន្តរាគមន៍ទាំងអស់! ដែលអំពើទាំងនេះពុំទទួលបានស្វាគមន៍ពីមនុស្សមួយចំនួនយល់ថា ពួកខ្លួនត្រូវបានគេជិះជាន់នោះ!។ ក្រោយពីលោកខាងលិចក្នុងនោះមានសហរដ្ឋអាមេរិកជាមេធំក្នុងការប្រកាសដកខ្លួនចេញពីតំបន់នេះ ស្រាប់តែគេឃើញស្រមោលមហាអំណាចខ្លះចាប់លេចចេញជារូបរាង ចង់ដើរតួជំនួសអាមេរិកនៅក្នុងតំបន់មួយនេះក្រៅពីមហាអំណាចចិន គេឃើញរូបរាងដដែលគឺរុស្ស៊ី តួកគី និងអ៊ីរ៉ង់ !។
តើមានអានុភាពណាខ្លះដែលអាចទប់ស្កាត់ តាលីបង់បាន!
ក្នុងបណ្ដាឆ្នាំ១៩៩០ ពួកតាលីបង់ ត្រូវបានសហគមន៍អន្តរជាតិថ្កោលទោសព្រមទាំងឯកោនៅលើឆាកអន្តរជាតិ! ដូច្នោះ ពេលនេះ តាលីបង់ប្រហែលជាត្រូវការឱ្យមានការទទួលស្គាល់ពួកខ្លួននៅលើទិដ្ឋភាពច្បាប់អន្តរជាតិទៅវិញ! ក៏ប៉ុន្តែ អាចជាការលំបាកមួយពេលដែលពួកនេះវាយដណ្ដើមបានអំណាចនោះ! ក្នុងករណីបើចង់បានការទទួលស្គាល់នៅលើផ្លូវច្បាប់ខ្លះ គឺពួកតាលីបង់ ត្រូវមានគោលនយោបាយផ្សះផ្សារ បង្រួបបង្រួមជាតិមួយយ៉ាងពិតប្រាកដ ព្រមទាំងការបំបាត់ចោលនូវភាពឃោឃៅ ព្រៃផ្សៃចេញពីការដឹកនាំរបស់ពួកខ្លួន!អំពីតួនាទីរបស់ពួកមហាអំណាចនៅក្នុងតំបន់វិញ គឺអ៊ីរ៉ង់ហាក់បីមិនសប្បាយចិត្តពេលដែលឃើញវត្តមាននូវរបបនយោបាយប្រកាន់យកនិកាយអ៊ីស្លាម Sunni មានមុខនៅភាគខាងកើតរបស់ប្រទេសខ្លួន! តែយ៉ាងណាក៏ដោយ ក៏អ៊ីរ៉ង់ ពុំសូវវខ្លាចរអាតាលីបង់នេះ ជាងខ្លាចពួកIS ដែលកម្លាំងមួយនេះបាននិងកំពុងរីករាលដាល ធំធាត់នៅក្នុងតំបន់នោះ!។ ជានយោបាយ អ៊ីរ៉ង់មានភាពរំពឹងក្នុងដំណោះស្រាយមួយដ៏ល្អបំផុត មានវត្តមានរបស់ពួកតាលីបង់ តែមិនបានក្ដាប់អំណាចពេញលេញ ហើយអាហ្កានីស្ថាន មិនធ្លាក់ទៅក្នុងស្ថានការណ៍ អស្ថិរភាពដែលជាហេតុបច្ច័យក្នុងការនាំឱ្យកម្លាំងពួកISរីករាលដាល រឹងមាំ និងចាក់ឫសនៅលើដែនដីនេះ!។ បញ្ហាធំនៅទីនេះ គឺត្រង់ក្រុង Teheran ពុំមាននូវទោះបីមធ្យោបាយជាក់លាក់ ឬវិធានការយោធាណាមួយក្នុងការអាចរារាំង ទប់ស្កាត់ ដំណើររុលទៅមុខរបស់តាលីបង់នេះបានឡើយ!។
ចំពោះមហាអំណាចរុស្ស៊ីវិញ ក៏មានការបារម្ភមួយយ៉ាងជ្រាលជ្រៅអំពីពួកISនេះផងដែរ!។ នៅចំពោះមុខ រុស្ស៊ីចង់ទប់ស្កាត់ពួកតាលីបង់ នៅខាងក្រៅព្រំដែនដើម្បីជាការធានាសន្តិសុខមួយសម្រាប់តាជីហ្គីស្ថាន និងអូបេហ្គីស្ថាន ដែលជាទីលានមួយយ៉ាងសំខាន់ស្ថិតនៅជាប់រុស្ស៊ីនោះ!។ ក្រៅពីនេះ ប៉ាគីស្ថាន ក៏ហាក់បីមិនចង់ឱ្យពួកតាលីបង់វិលមកកាន់អំណាចផងដែរ! ដែលជាតំបន់មួយស្ថិតនៅជាប់ប៉ាគីស្ថាននោះ!។
អនាគតពិបាកវាយតម្លៃរបស់អាហ្កានីស្ថាននៅចំពោះមុខស្រមោលតាលីបង់!
ជាយូរមកហើយ ពួកតាលីបង់ត្រូវបានស្គាល់ថាជាកងកម្លាំងសកម្មប្រយុទ្ធអ៊ីស្លាមនិយមជ្រុលបំផុត ដែលពួកនេះមានបំណងចង់បង្កើតអាណាចក្រអ៊ីស្លាមមួយនៅលើដែនដីអាហ្កានីស្ថាន! កម្លាំងតាលីបង់មានដើមកំណើតកើតចេញពីកម្លាំងឧទ្ទាម ម៉ូចាហេឌីន របស់អាហ្កានីស្ថាន ក្នុងបណ្ដាឆ្នាំ១៩៨០។ ហើយត្រូវទទួលស្គាល់ការពិតមួយនេះ ពួកឧទ្ទាមអ៊ីស្លាមទាំងនេះត្រូវបានមហាអំណាចអាមេរិកប្រើប្រាស់ជាសន្លឹកបៀរ(Proxy War)ដើម្បីវាយមកលើកម្លាំងកាន់កាប់របស់សហភាពសូវៀត ក្នុងទសវត្សរ៍ទី៨០ ដោយពួកលោកខាងលិចមានអាមេរិកជាដើម បានផ្ដល់ជំនួយជាថវិការហូតដល់ការបំពាក់អាវុធគ្រប់ធុនក៏ដើម្បីបំបាក់សូវៀតតែមួយគត់នៅអាហ្កានីស្ថាននោះ!។
ដំណាក់កាលដែលពួកតាលីបង់គ្រប់គ្រង ត្រួតត្រា អាហ្កានីស្ថាន គឺចាប់តាំងពីបណ្ដាឆ្នាំ១៩៩៥រហូតដល់ពេលដែលកងទ័ពអាមេរិកលុកលុយចូលអាហ្កានីស្ថាននាឆ្នាំ ២០០១មក។ មូលហេតុចម្បងដែលពួកតាលីបង់ទទួលការដាក់ទណ្ឌកម្មនេះ ដោយពួកតាលីបង់បានផ្ដល់ទឹកដីពិសិដ្ឋទៅឱ្យពួកភេរវកម្មអន្តរជាតិAl-Qaida ជ្រកកោន និងយកទឹកដីអាហ្កានីស្ថានធ្វើជាកន្លែងបណ្ដុះបណ្ដាល ចិញ្ចឹមកម្លាំងអ៊ីស្លាមវាយចូលទឹកដីអាមេរិកនាថ្ងៃទី១១ កញ្ញា ២០០១នោះទៅ!។
ហើយទោះបីជាពួកតាលីបង់ ត្រូវវាយបំបាក់ឱ្យរត់ចោលក្រុងKabulអស់រយៈកាល២០ឆ្នាំក៏ដោយ ក៏ពួកតាលីបង់នេះនៅរក្សាបានក្បាលម៉ាស៊ីនដឹកនាំរដ្ឋសម្រាប់កម្លាំងខ្លួនដដែល ដោយមានឈ្មោះហៅថា អាណាចក្រអ៊ីស្លាមអាហ្កានីស្ថាន មានទង់ជាតិ និងភ្លេងជាតិដោយឡែក និងមានរដ្ឋអំណាចស្រមោលមួយគ្រប់គ្រងមកលើក្រុង ខេត្ត ៣៤ ក្នុងទូទាំងប្រទេសអាហ្កានីស្ថាន។ បន្ទាប់មកចាប់តាំងពីបណ្ដាឆ្នាំ២០០៦ ពួកតាលីបង់ ចាប់ផ្ដើមប្រមូលកម្លាំង វាយបកមកលើរដ្ឋាភិបាល និងកងកម្លាំងបរទេសដែលមានមុខលើអាហ្កានីស្ថាន!
យោងទៅតាមរបាយការណ៍របស់គណៈកម្មាធិការពិសេសមួយរបស់អង្គការសហប្រជាជាតិ មូលបទសំខាន់ដែលពួកតាលីបង់អាចរស់រានបានដោយពួកនេះ អាចរកចំណូលបានក្នុងមួយឆ្នាំប្រមាណ១,៥កោដិដុល្លារអាមេរិក! លុយដែលពួកតាលីបង់រកបានមក គឺដោយសារកិច្ចសហការរបស់ពួកតាលីបង់ជាមួយក្រុមរកស៊ី ជួញដូរគ្រឿងញៀននៅក្នុងតំបន់! ក្រៅពីក្នុងបណ្ដាឆ្នាំមុន២០២០ ពួកតាលីបង់រកបានរាប់សិបលានដុល្លារអាមេរិក ពីការឃុបឃិតលួចលក់ធនធានរ៉ែដែលក្នុងនោះក៏មានទាំងវត្ថុធាតុដើមដើម្បីផលិតគ្រឿងញៀនផង!ទន្ទឹមនេះ ពួកតាលីបង់បានបង្កើតប្រព័ន្ធប្រមូលពន្ធដារនៅតាមច្រកព្រំដែនដោយឡែករបស់ពួកខ្លួន រួមទាំងការទទួលបានជំនួយពីខាងក្រៅទៀតផង!។
តួនាទី និងស្ថានភាពរបស់តាលីបង់ចាប់មានការផ្លាស់ប្ដូរ ប្រែប្រួលច្រើនក្រោយពី២០ឆ្នាំ ពេលដែលចាប់មានសង្រ្គាមនៅអាហ្កានីស្ថានមក! ដោយតាលីបង់ពីស្ថានភាពជាពួកចោរព្រៃ ពីកម្លាំងប្រដាប់អាវុធជ្រុលនិយមដោយមានទំនាក់ទំនងជាមួយក្រុមភេរវកម្មអន្តរជាតិច្រើន ឥឡូវនេះតាលីបង់បានប្រែខ្លួនទៅជាក្រុមត្រឹមត្រូវ ជាដៃគូចរចាមួយស្មើភាពជាមួយអាមេរិក ជាមួយរដ្ឋាភិបាលក្រុងKabul និងជាមួយមហាអំណាចផ្សេងទៀត ដោយអត្ថិភាពនិងកិត្យានុភាពរបស់តាលីបង់ត្រូវបានទទួលស្គាល់លើបណ្ដាវេទិកាតំបន់ និងអន្តរជាតិថាជាកម្លាំងនយោបាយ និងយោធាមួយឯករាជ្យម្ចាស់ការនោះ!។
មានមូលបទជាច្រើនជុំវិញការរីកធំធាត់ និងការងើបឡើងរបស់ពួកតាលីបង់ ដែលក្នុងនោះរួមមានរដ្ឋអំណាចអាហ្កានីស្ថាននៅKabulមានអំពើពុករលូយ អសមត្ថភាព ពុំមានយុទ្ធសាស្រ្ត យុទ្ធវិធីច្បាស់លាស់មានអំពើអសកម្មបានជះឥទ្ធិពលមកលើបណ្ដាយុទ្ធនាការយោធារបស់បរទេសដែលនោះ មួយថ្ងៃកាន់តែធ្វើឱ្យរដ្ឋាភិបាលក្រុងKabulបាត់ភាពម្ចាស់ការ ហើយកាន់តែរណប ផ្ដេកផ្ដួលមកលើតែលុយបរទេស និងជំនួយយោធាពីបរទេស ក៏ដូចជាមានការប្រកួតប្រជែងគ្នានៅក្នុងតំបន់កាន់តែមានភាពផុសផុលឡើងៗនោះ!។
ការគិតគូរជាយុទ្ធវិធីរបស់ពួកប្រទេសធំចំពោះអាហ្កានីស្ថាន!
នៅក្នុងស្ថានភាពមួយដ៏លំបាក ស្មុគស្មាញក្រោយពីពួកតាលីបង់ដណ្ដើមបានKabulនេះមក បានធ្វើឱ្យទំនាក់ទំនងត្រីកោណរវាងពួកប្រទេសធំ អាមេរិក-ចិន-រុស្ស៊ី មានការគិតគូរ ពិចារណាឡើងវិញជុំវិញបញ្ហាទាំងក្នុងតំបន់និងអន្តរជាតិ!។
ពិតមែនតែអាមេរិកបានប្រកាសដកទ័ពចេញអស់ពីដែនដីអាហ្កានីស្ថាននេះក៏ដោយ ក៏អាមេរិកនៅបន្តរក្សាទុកកងទ័ពប្រយុទ្ធរួមទាំងយន្តហោះទម្លាក់គ្រប់បែក និងអាវុធយុទ្ធភ័ណ្ឌជាច្រើន នៅតាមប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បន្តហ៊ុមព័ទ្ធអាហ្កានីស្ថានដដែល។
ទន្ទឹមទៅនឹងការរក្សាវត្តមានកងទ័ពនៅក្នុងតំបន់មកអាមេរិកក៏បានស្វែងរកកិច្ចគាំទ្រលើផ្នែកសន្តិសុខសម្រាប់អាហ្កានីស្ថានដោយអ្នកនាំពាក្យរបស់សេតវិមានមានអះអាងថា សហរដ្ឋអាមេរិកនិងចិន គួររួមគ្នាសហការគ្នា ដោយទាំងអាមេរិក ដោយទាំងចិន គ្មាននរណាម្នាក់នឹងទទួលបាននូវទោះបីផលប្រយោជន៍ណាមួយក្នុងករណីបើអាហ្កានីស្ថានធ្លាក់ទៅក្នុងស្ថានការណ៍អស្ថិរភាព គ្មានសន្តិសុខ ពុំមានការអភិវឌ្ឍន៍ រីកចម្រើន និងត្រូវបំផ្លិចបំផ្លាញ វិនាសហិនហោចទៅដោយអំពើហិង្សានោះ!។
ក្នុងពេលនោះ រុស្ស៊ីបានបង្កើនវត្តមានជាយោធាពីរដងបន្ទាប់ពីកិច្ចសហការសមយុទ្ធនៅតាមបណ្ដោយព្រំដែនតាជីហ្គីស្ថាន និងអាហ្កានីស្ថានមក! ដោយរុស្ស៊ីបានយល់ឃើញថា សេណារីយ៉ូនៃសភាពការណ៍នៅអាហ្កានីស្ថានមានសភាពខុសគ្នាទៅនឹងប៉ុន្មានឆ្នាំមុន ហើយស្ថានភាពរបស់សភាពការណ៍បច្ចុប្បន្ននៅក្នុងតំបន់មានអំណោយផលឱ្យកម្លាំងអ៊ីស្លាមនិយមជ្រុលច្រើនជាង! ព្រោះក្នុងពេលដែលរុស្ស៊ីចង់ស្ដារអត្ថិភាពនិងឥទ្ធិពលរបស់ខ្លួនឡើងវិញនៅក្នុងតំបន់អាស៊ីកណ្ដាលដែលជាហេតុធ្វើឱ្យអាមេរិកចង់រុញបញ្ហាស្មុគស្មាញនិងកត្តាអស្ថិរភាពទៅខិតជិតពួកប្រទេសអាស៊ីកណ្ដាលវិញ។ ក្នុងបរិបទមួយនេះ ទើបរុស្ស៊ីបានបង្កើនតួនាទីក្នុងការធានាសន្តិិសុខមួយភាគធំមកលើឧបទ្វីបអាស៊ី -អឺរ៉ុប ដោយឆ្លងតាមរយៈអង្គការយោធា Collective Security Treaty Organization -CSTO ដឹកនាំដោយរុស្ស៊ីនោះ!។
ដូច្នោះទាំងរុស្ស៊ីទាំងចិនសុទ្ធតែមានធ្វើល្អ យកចិត្តដល់កម្លាំងតាលីបង់ ដើម្បីផលប្រយោជន៍សន្តិសុខយូរអង្វែងរុស្ស៊ី-ចិន ព្រោះមានតែកម្លាំងររបស់តាលីបង់មួយគត់ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការរារាំង ទប់ស្កាត់ រួមទាំងការកម្ទេចមកលើកម្លាំងអ៊ីស្លាមនិយមជ្រុលបំផុតIS/ISILដែលពុំអាចមានកន្លែងឈរជើង បង្កើតអុកឡុក រំខានស្ថិរភាពមកលើសន្តិសុខរុស្ស៊ីនិងចិន បានដោយកត្តាភូមិសាស្រ្តនយោបាយ!។
ចុងក្រោយ ទាំងរុស្ស៊ីទាំងចិន មានការប្រុងប្រយ័ត្នខ្ពស់នៅចំពោះមុខស្ថានការណ៍ឥតទាន់មានស្ថិរភាព សន្តិសុខនៅក្នុងប្រទេសអាហ្កានីស្ថាន ពិតមែនតែសភាពការណ៍នៅចំពោះមុខ រុស្ស៊ីនិងចិនអាចសហការជាមួយតាលីបង់ ដើម្បីធានានិងការពារនូវរាល់ផលប្រយោជន៍ដ៏សាវ័ន្តរបស់ខ្លួនទាំងនយោបាយនិងសេដ្ឋកិច្ចនៅអាស៊ីកណ្ដាលនិងអាស៊ីភាគខាងត្បូងនោះ!។
មុននេះប៉ុន្មានសប្ដាហ៍ ចិនបានផ្ដល់ជំនួយជាថវិកាជួយដល់Kabul និងបានជួបចរចាជាមួយក្រុមតាលីបង់អំពីខ្សែបន្ទាត់ព្រំដែនក្រហម និងការរំពឹងរបស់ខ្លួន! ជាក់ស្ដែងគឺការត្រួតពិនិត្យឱ្យបាននូូវបណ្ដាសកម្មភាពរបស់ពួកចលនាអ៊ីស្លាម Turkestan ខាងកើត (ETIM) ដែលពួកឧទ្ទាមអ៊ីស្លាមទាំងនេះ តែងតែស្វែងរកនូវគ្រប់វិធានដើម្បីបង្កើតរដ្ឋមួយសម្រាប់ អ៊ុយហ្គរ នៅក្នុងតំបន់ស្វយ័ត Xinjiang នោះ!។
នៅក្នុងបរិបទនយោបាយមួយដ៏ចង្អៀតយ៉ាងនេះ ទើបពេលជួបចរចាជាមួយពួកតាលីបង់ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានប្រកាសថា ចលនា ETIM គឺឺជាគ្រោះគំរាមកំហែងដោយផ្ទាល់មកលើសន្តិសុខជាតិ និងបូរណភាពទឹកដីរបស់ចិន! ដូច្នោះ ប៉េកាំងទទួលស្គាល់តាលីបង់ជាកម្លាំងនយោបាយនិងយោធាតែមួយគត់ក្នុងការធានា ការពារអត្ថប្រយោជន៍នៅអាហ្កានីស្ថាន ដែលក្នុងនោះរួមទាំងការមិិនផ្ដល់កំណើតឱ្យចលនា ETIM មនាទឹកដីពិសិដ្ឋសម្រាប់ការធ្វើសកម្មភាពទៀតផង!។
សម្ព័ន្ធមិត្តយោធា ចិន –ប៉ាគីស្ថាន នៅអាហ្កានីស្ថាន កាន់តែធ្វើឱ្យឥណ្ឌាមានការបារម្ភ!
ក្នុងពេលដែលទំនាក់ទំនងរវាងក្រុង ញ៉ូដេលី ជាមួយនិងប៉េកាំង និងក្រុងIslamabad មានកំដៅក្ដៅរហូតនោះ ស្រាប់តែផែនការសហប្រតិបត្តិការ៥ចំណុចដែលលោកវ៉ាង យីប្រកាសក្រោយពីមានជំនួបជាមួយសមភាគីប៉ាគីស្ថានមក បានធ្វើឱ្យមានការកើតឡើងនូវភាពសង្ស័យដែលនាំឱ្យឥណ្ឌាមានការបារម្ភខ្លាំងនោះ!។ ព្រោះក្រោយពីKabulធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកតាលីបង់មក បានដាក់ប្រទេសឥណ្ឌាឱ្យស្ថិតនៅក្នុងស្ថានភាពមួយត្រូវទប់ទល់ទៅនឹងភាពអសកម្មដែលអាចកើតមានឡើងពីសភាពការណ៍អស្ថិរភាពនៅអាហ្កានីស្ថាន ហើយដែលភាពអវិជ្ជមាននេះអាចនឹងនាំឱ្យមានសង្រ្គាមផ្ទៃក្នុងនោះ! ហើយក្នុងសេណារីយ៉ូមួយនេះអ្នកបានផលគឺប៉ាគីស្ថាន ព្រោះប៉ាគីស្ថានបានជួយឱ្យតាលីបង់ក្នុងការវាយយកKabulដោយមិនចេញមុខនោះ!។
បចុប្បន្ន ឥណ្ឌាបានជំពាក់ជំពិនទៅនឹងការទំនាស់វិវាទបញ្ហាព្រំដែនជាមួយចិន ព្រមទាំងបានចាត់ទុកប៉ាគីស្ថានជាសត្រូវប្រចាំសតវត្សរ៍របស់ឥណ្ឌា! ដូច្នោះ ចំពោះផលប្រយោជន៍ឥណ្ឌា គឺទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីតាមរយៈរបៀងសេដ្ឋកិច្ចចិននិងប៉ាគីស្ថាន គឺជាគ្រោះគំរាមកំហែងយូរអង្វែងមកលើពាណិជ្ជកម្មនិងសន្តិសុខរបស់ឥណ្ឌានៅក្នុងតំបន់! ហើយដែលបញ្ហាមួយនេះ បានស្ថិតនៅក្នុងរបៀបវារៈនៃការជួបចរចាគ្នារវាងឥណ្ឌានិងអាមេរិក នៅមុនពេលដែលក្រុងKabulធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកតាលីបង់នោះ!។
ការបារម្ភរបស់ឥណ្ឌាបានលេចធ្លោពិតប្រាកដគឺនៅពេលដែលអគ្គមេបញ្ជាការកងទ័ពអាហ្កានីស្ថានជួបពិភាក្សាជាមួយមជ្ឈដ្ឋានយោធាឥណ្ឌាមុនពេលKabulត្រូូវផ្ដួលរំលំ បានឃើញយ៉ាងច្បាស់នូវនយោបាយ យុទ្ធសាស្រ្ត របស់ចិននៅអាហ្កានីស្ថាន ដោយចិនមិនឈរទៅភាគីណាមួយ! ឱ្យតែអ្នកកាន់អំណាចក្រុងKabul ទាំងអស់សន្យាថានឹងមិនទុកឱ្យអាហ្កានីស្ថានជាទីកន្លែងសម្រាប់លាក់ខ្លួនរបស់ពួកភេរវកម្មអ៊ីស្លាមជ្រុលនិយម ETIMបានហើយ!
នៅលើក្ដារអុកនយោបាយនេះ ការបណ្ដាក់ទុនមកលើហេដ្ឋារចនាសម្ព័ន្ធមានតួនាទីមួយសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់អាហ្កានីស្ថាន! ទើបនៅខែសីហា ២០២១ គេឃើញក្រុងប៉េកាំង Islamabad និងKabul បានរួមគ្នាជំរុញការពង្រឹងគម្រោងនៃរបៀងសេដ្ឋកិច្ច ចិននិងប៉ាគីស្ថាន CPEC ងាកទៅកាន់ដែនដីអាហ្កានីស្ថានផង! ដែលគម្រោងCPECនេះក៏ជាចំណែកមួយក្នុងគម្រោងBRIរបស់ចិននោះផងដែរ! ហើយមូលបទដែលនាំឱ្យឥណ្ឌាមានការបារម្ភនិងប្រឆាំងទៅនឹងគម្រោងមួយនេះ ដោយរបៀងCPEC បានដើរកាត់ដែនដីឥណ្ឌាមួយចំណែក ដែលត្រូវបានប៉ាគីស្ថានកាន់កាប់ដោយខុសច្បាប់នោះ!។
ធាតុពិតជាយូរមកហើយ ឥណ្ឌាក៏ដូចជាអាមេរិកបានដឹងយ៉ាងច្បាស់ថា ពួកយោធាក៏ដូចជាកម្លាំងចារកម្មរបស់ប៉ាគីស្ថាន គឺជាជនលាក់មុខឈរនៅពីក្រោយនិងផ្ដល់ការគាំទ្រយ៉ាងសកម្មដល់កម្លាំងឧទ្ទាមតាលីបង់ ប្រឆាំងទៅនឹងរដ្ឋអំណាចក្រុងKabul! ព្រោះក្រុងKabulកាន់តែរឹងមាំ គឺអំណាចនិងឥទ្ធិពលរបស់ឥណ្ឌានៅក្នុងតំបន់អាស៊ីខាងត្បូងកាន់តែរឹងមាំ ហើយដែលភាពរឹងមាំរបស់ឥណ្ឌានៅអាហ្កានីស្ថានគឺជាបន្លានៅក្នុងកែវភ្នែករបស់ប៉ាគីស្ថាននិងចិននោះ!។
មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ តែផលប្រយោជន៍ជាតិជាយុទ្ធសាស្រ្តមានការខុសគ្នា!
អាហ្កានីស្ថាន ជាប្រទេសមួយដែលសំបូរទៅដោយអំបូរជនជាតិ ហើយក៏គ្មានជនជាតិណាមួយដែលមានចំនួនភាគច្រើនឡើយ! ដោយឡែកមានតែអំបូរពីរទេដែលមានចំនួនច្រើន គឺជនជាតិPastun និងDari ដែលមានភាសានិយាយដូចអ៊ីរ៉ង់!។ អស់រយៈកាលមួយដ៏យូរក្នុងប្រវត្តិសាស្រ្ត ដោយអាហ្កានីស្ថានមួយនេះមានការជ្រៀតជ្រែកពីអានុភាពខាងក្រៅរបស់ពួកប្រទេសភូមិផងក្នុងផលប្រយោជន៍ផ្សេងគ្នា ទើបធ្វើឱ្យតុល្យភាពអំណាចមានការផ្អៀងមករកក្រុមឧទ្ទាមអ៊ីស្លាម តាលីបង់នេះទៅ! និយាយជារួម ប្រទេសភូមិផងទាំងអស់ដែលស្ថិតនៅជុំវិញ អាហ្កានីស្ថានសុទ្ធតែបានផ្ដល់ការគាំទ្រចំពោះក្រុមតាលីបង់ទាំងអស់ លើកលែងតែប្រទេសឥណ្ឌាមួយចេញ! តែក៏ការគាំទ្រទាំងនេះមានកម្រិតផ្សេងៗពីគ្នាទៅតាមអត្ថប្រយោជន៍ជាយុទ្ធសាស្រ្តខុសផ្សេងពីគ្នា!។
មូលបទសំខាន់ដែលប៉ាគីស្ថានមានការគាំទ្រយ៉ាងសកម្មមកលើពួកតាលីបង់ ដោយអំបូរPastun មួយនេះមានប្រជាជនប្រមាណ៣០លាននាក់ មានចំនួន១៥%ក្នុងចំណោមជនជាតិប៉ាគីស្ថាន ហើយដែលអ្នកPastun រស់នៅប៉ាគីស្ថានត្រូវបានគាំទ្រយ៉ាងច្រើនៅអាហ្កានីស្ថាននោះ! ដូច្នោះក្នុងយុទ្ធសាស្រ្តពួកប៉ាគីស្ថានចង់បានរដ្ឋអំណាចមួយជាដៃគូរណបរបស់ខ្លួនដើម្បីជាកម្លាំងសមតាមួយទៅនឹងអានុភាពរបស់ឥណ្ឌានៅក្នុងតំបន់នោះ!។
ជាតថភាព ប៉ាគីស្ថានបានរួមចំណែកមួយដ៏ធំក្នុងការជួយឱ្យតាលីបង់ឡើងកាន់អំណាចដំបូងនៅអាហ្កានីស្ថាននាឆ្នាំ១៩៩៦ ដែលការជួយនេះតាមរយៈបាតដៃរបស់បណ្ដាញចារកម្មប៉ាគីស្ថាន! ក្រោយមក រដ្ឋអំណាចប៉ាគីស្ថានបានផ្ដល់ជាហិរញ្ញប្បទានដល់បណ្ដាសកម្មភាពរបស់កម្លាំងតាលីបង់ រួមមានទាំងការរើសទ័ព ការផ្គត់ផ្គង់អាវុធនិងការគាំទ្រក្នុងបណ្ដាប្រតិបត្តិការជាយោធាទៀតផង! មិនត្រឹមតែប៉ុណ្ណោះ ជួនពេលខ្លះក៏មានកងទ័ពជាតិរបស់ប៉ាគីស្ថានបានចូលរួមក្នុងការប្រយុទ្ធជាមួយពួកតាលីបង់ក្នុងការវាយប្រហារមកលើរដ្ឋអំណាចKabulទៀតផង!។
បើរដ្ឋអំណាចអ៊ីរ៉ង់ដែលជាមហាអំណាចនៅក្នុងតំបន់វិញ ក៏មានទំនាក់ទំនងជាមួយពួកតាលីបង់ផងដែរតែមិនរលូន! ដោយភាគីទាំងពីរនេះនៅមានទំនាស់វិវាទគ្នាលើផ្នែកនិកាយសាសនាអ៊ីស្លាមមិនចុះសម្រុងគ្នា!តែក្រោយមក ដោយមានទំនាក់ទំនងកាន់តែជ្រៅជាមួយអាមេរិកនិងអ៊ីស្រាអែល អ៊ីរ៉ង់បានប្ដូរឥរិយាបថនយោបាយងាកមកធ្វើល្អជាមួយពួកតាលីបង់ ហើយជាសន្សឹមៗទទួលស្គាល់ទាំងពួកតាលីបង់លេងជាមួយរដ្ឋអំណាចKabulផង ក្នុងគោលដៅតែមួយគត់ឆ្លៀតប្រើប្រាស់ទំនាស់រវាងតាលីបង់និងក្រុងKabulបម្រើឲ្យផលប្រយោជន៍ Teheran វិញ!។
ទំនាក់ទំនងរវាងរុស្ស៊ីជាមួយពួកតាលីបង់ក៏ជាភាពមួយមិនអំណោយផលមកឱ្យអាមេរិកផងដែរ! ក្នុងបណ្ដាឆ្នាំ១៩៩០ រុស្ស៊ីបានពង្រឹងតំបន់ព្រំដែនភាគខាងត្បូងដែលជាប់ទៅនឹងអាហ្កានីស្ថានដើម្បីរារាំង ទប់ស្កាត់នូវឥទ្ធិពលរបស់អាមេរិកនាម្ដុំនេះ! ដោយរុស្ស៊ីបានបង្កើតទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធរបស់អាហ្កានីស្ថានដែលក្នុងនោះរួមមានទាំងពួកតាលីបង់ផង! ដែលទោះបីជារុស្ស៊ីបានដឹងថា តាលីបង់មួយនេះមានជំហរគាំទ្រទៅដល់កម្លាំងភេរវកម្មអន្តរជាតិក៏ដោយ! ហើយនៅឆ្នាំ២០១៥ ទំនាក់ទំនងរុស្ស៊ីនិងតាលីបង់ ចាប់មានជារូបរាងពិតប្រាកដគឺនៅពេលធ្វើសង្រ្គាមប្រឆាំងជាមួយអង្គការរដ្ឋអ៊ីស្លាម Daech នៅអាហ្កានីស្ថាន ដែលពេលនោះរុស្ស៊ីចាត់ទុកតាលីបង់ជាដៃគូសម្ព័ន្ធភាពនោះ!។
ជារួម ចិនមានទំនាក់ទំនងរលូនជាមួយក្រុមតាលីបង់ដោយការចាប់អារម្មណ៍ចម្បងរបស់ចិន គឺការពង្រីកឥទ្ធិពលងាកទៅទិសខាងលិច ដើម្បីកាន់កាប់ទីតាំង ដណ្ដើមឧត្តមភាពឱ្យបានលើផ្នែកយុទ្ធសាស្រ្តក្នុងតុល្យភាពកម្លាំងជាមួយឥណ្ឌានិងអាមេរិកនៅក្នុងតំបន់មួយនេះ!។
ការបាត់ Kabul ទៅឱ្យតាលីបង់ក៏បានធ្វើឱ្យអត្ថិភាពនិងកិត្យានុភាពរបស់អាមេរិកធ្លាក់ចុះមួយកម្រិត!
ទោះបីក្នុងប៉ុន្មានថ្ងៃនេះ សេតវិមានរួមទាំងមន្ទីរបញ្ចកោណបានខិតខំការពារ ពន្យល់បកស្រាយថា បេសកកម្មជាប្រវត្តិសាស្រ្តរបស់អាមេរិកនៅអាហ្កានីស្ថានបានសម្រេចជាស្ថាពរ! ហើយកិច្ចការនៅសេសសល់បន្តគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រជាជនអាហ្កានីស្ថានចូលរួមដោះស្រាយដោយខ្លួនឯងក៏ដោយ ក៏ការបាត់បង់ក្រុងKabulយ៉ាងឆាប់និងរូបភាពការបាត់ភាពម្ចាស់ការលើសមរភូមិរបស់អ្នកកាន់អំណាចក្រុង kabul ជាសញ្ញាមួយបង្ហាញឱ្យឃើញនូវភាពបរាជ័យជាយុទ្ធសាស្រ្ត ទាំងលើផ្នែកយោធា ទាំងលើផ្នែកនយោបាយ របស់ក្រុងWashington !។
ពួកតាលីបង់វិលមកកាន់អំណាចវិញចំដំណាក់កាលមួយ៣ អាទិត្យមុនថ្ងៃគម្រប់ខួប២០ឆ្នាំនៃព្រឹត្តិការណ៍វាយប្រហារជាភេរវកម្មមកលើអគារភ្លោះនៅNew York (2001-2021) !ដែលក្រោយពីឧបទ្ទវហេតុនេះមក អាមេរិកបានជាប់ផុងក្នុងការធ្វើសង្រ្គាមនៅអាហ្កានីស្ថានជិត២០ឆ្នាំដែលសង្រ្គាមរ៉ាំរ៉ៃមួយនេះ បានដុតលុយអស់ជាង២៥០០កោដិដុល្លារអាមេរិក ព្រមទាំងបានសម្លាប់ពលទាហានអាមេរិក ជាង២៥០០នាក់! ដែលលទ្ធផលគ្មានបានអ្វីទាំងអស់!។
មជ្ឈដ្ឋានអ្នកនយោបាយអាមេរិកមានការបារម្ភជ្រាលជ្រៅថា ការដកថយដោយភាពបរាជ័យនៅអាហ្កានីស្ថាននេះ នឹងជះឥទ្ធិពលយ៉ាងអវិជ្ជមានមកលើសកម្មភាពទាំងឡាយរបស់អាមេរិកនៅលើទីតាំងយុទ្ធសាស្រ្តជាច្រើនផ្សេងទៀតនៅក្រៅប្រទេស!បរាជ័យមួយនេះ មិនត្រឹមតែជាផលវិបាកមួយសម្រាប់តែអាហ្កានីស្ថានមួយនោះទេ! តែថែមទាំងមានការប៉ះពាល់មកលើការប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្មអន្តរជាតិ រួមទាំងមានការប៉ះពាល់ជារួមមកលើតួនាទីរបស់សហរដ្ឋអាមេរិកលើពិភពលោកទៀតផង!។
គូសត្រូវរបស់អាមេរិកពេលនេះដឹងច្បាស់ថា ពួកគេឥឡូវនេះលែងខ្លាចអាមេរិក ហើយអាចទាំងគំរាមកំហែងមកលើអាមេរិកនិងបក្សសម្ព័ន្ធរបស់អាមេរិកនៅពេលណាក៏បាន! និងក្នុងទោះបីកន្លែងណាមួយលើពិភពលោកនេះក៏បាន!។ ការជឿជាក់ និងសេចក្ដីទុកចិត្តមកលើសហរដ្ឋអាមេរិកក្នុងឋានៈជាប្រទេសសម្ព័ន្ធមិត្តត្រូវបានអស់ជំនឿ និងប្រេះឆា នៅពេលដែលរដ្ឋាភិបាលអាហ្កានីស្ថានត្រូវបានបោះបង់ចោលស្របពេលដែលកំពុងមានដំណើរការចរចានៅDoha ពួកតាលីបង់នោះ!។
ព្រឹត្តិការណ៍ដ៏អាក្រក់កើតឡើងនៅអាហ្កានីស្ថាន បានក្លាយទៅជាភាពប្រឈមមួយថ្មី ដែលសហរដ្ឋអាមេរិកត្រូវប្រឈមមុខក្នុងការរារាំង ទប់ស្កាត់ ទាំងជាមួយរុស្ស៊ីនៅក្នុងតំបន់អឺរ៉ុបនិងទាំងជាមួយចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនោះ! ហើយយ៉ាងហោចណាស់ទាំងរុស្ស៊ីទាំងចិន មានការពេញចិត្តពេលដែលឃើញអាមេរិកជាប់ផុងនៅអាហ្កានីស្ថាន ដូចអ្វីដែលអាមេរិកបានជាប់ផុងក្នុងសង្រ្គាមនៅវៀតណាមក្នុង៤៥ឆ្នាំមុន!។តែក្រោយពីបរាជ័យនេះ សហរដ្ឋអាមេរិកមានឱកាសប្រមូលផ្ដុំធនធាននិងកម្លាំងសរុបចូលមកទីលានប៉ាស៊ីហ្វិកច្រើនជាង ដើម្បីទប់ទល់ទៅនឹងឥទ្ធិពលរបស់យក្សចិននៅទីនេះ! តែកុំភ្លេចថា ចិនក៏បានប្រើប្រាស់នូវចំណុចខ្សោយទាំងឡាយនៅអាហ្កានីស្ថានដើម្បីបម្រើឱ្យយុទ្ធវិធីក្នុងការវាយបកទៅអាមេរិកផងដែរ!។
ដល់ពេលដែលយុទ្ធសាស្រ្តត្រូវបានប្ដូរ!
ពួកអ្នកយុទ្ធសាស្រ្តយោធានៅក្នុងតំបន់ជឿជាក់ថា ការវិលមកវិញរបស់តាលីបង់នៅKabul គឺជាភេរវសញ្ញាមួយប្រាប់ឱ្យដឹងជាមុនថា អំពើហិង្សា ភាពវឹកវរ អស្ថិរភាព និងដែនដីពិសិដ្ឋសម្រាប់កម្លាំងភេរវកម្មធ្វើសកម្មភាពបានរស់ឡើងវិញ! មានឱកាសធ្វើឱ្យតំបន់អាស៊ីកណ្ដាលមួយនេះបន្តធ្លាក់ទៅក្នុងភាពគ្មានសុវត្ថិភាព សន្តិសុខម្ដងទៀតតាមរយៈអំណាចProxy Warទៀត!។
នៅក្នុងឯកសារមួយដែលសរសេរដោយលោក Zbigniew Brzezenski ស្ដីពីThe Grand Chessboard ដោយលោកបានអះអាងថា សហរដ្ឋអាមេរិកឬនិយាយឱ្យត្រង់គឺពួកDeep States មានសន្លឹកបៀរនៅក្នុងដៃយ៉ាងច្រើនសម្រាប់លេងពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ពីមួយទសវត្សរ៍ទៅមួយទសវត្សរ៍! ក្នុងការបន្តពង្រឹង និងរក្សាអត្ថិភាពរបស់អាមេរិកនៅតែជាSuper of Superpowers ដដែល!។
មុននេះ សហរដ្ឋអាមេរិកបង្កើតឡើងពួកMujahedeen និងចិញ្ចឹមកម្លាំងតាលីបង់ តែក្រោយពីពេលនេះអាមេរិកនឹងបង្កើតឡើងនូវកម្លាំងអ៊ីស្លាមនិយមជ្រុលមួយថ្មី ក្រោមបាតដៃរបស់ប៉ាគីស្ថាននិងតួកគីដោយលើកនេះរុញស្ថានភាពអសន្តិសុខទៅកៀកព្រំដែនរុស្ស៊ីនិងចិន សំដៅបង្កើតភាពវឹកវរ នៅខាងក្នុងដែនដីតាជីហ្គីស្ថាន គកជីស្ថាន តួមេនីស្ថាន អ៊ុយបេគីស្ថាន ល.ល…ដែលកំពុងមានពន្លួងប្រឆាំងទៅនឹងអំណាចរុស្ស៊ី និងផ្ដល់ការគាំទ្រដល់ពួកអ៊ុយហ្គរ ក្នុងរដ្ឋXinjiang ប្រឆាំងទៅនឹងអាជ្ញាធររបស់ចិន!ដែលពួកអ៊ីស្លាមនិយមជ្រុលទាំងនេះមានគោលដៅតែមួយ គឺការបង្កើតឡើងនូវរដ្ឋអ៊ីស្លាមដាច់មុខតែមួយនៅក្នុងតំបន់នេះ! អនាគតរបស់អាហ្កានីស្ថាននៅតែស្ថិតនៅក្នុងភាពឥតទាន់ច្បាស់លាស់នៅឡើយ! នៅក្នុងកណ្ដាប់ដៃរបស់មនុស្សមួយក្រុមតូចជាអ្នកសម្រេចនោះ!។
ក្ដារអុកដែលត្រូវបន្តលេង ពុំមែននៅអាហ្កានីស្ថានទៀត! គឺស្ថិតនៅក្រុងហាណូយម្ដងវិញ!
រឿងចម្លែកដែលបានកើតឡើងជាបន្តបន្ទាប់គួឱ្យចាប់អារម្មណ៍នោះ គឺបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់ Lloyd Austin ប្រមុខជាន់ខ្ពស់របស់មន្ទីរ Pentagon មិនដល់មួយខែផង ស្រាប់តែមានមេធំរបស់ White House លោកស្រី Kamala Harris ប្រញាប់ប្រញាលហោះមក វៀតណាម ភ្លាមក្រោយទីក្រុង Kabul របូតបាត់ទៅក្នុងដៃរបស់ពួកទមិឡឥតសាសនា Taliban មិនបានពីរសប្ដាហ៍ត្រឹមត្រូវផង!។
ទាំងអស់នេះបានស្ថិតនៅលើក្ដារអុកយុទ្ធសាស្រ្ត Chessboard of Great Games ដែលពួក Deep States បានរៀបចំជា Scenario យូរមកហើយ ហើយដែលត្រូវបន្តលេងនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ដែលល្បែងនេះចាប់លេងមុនគេគឺផ្ដើមចេញពីទីក្រុង ហាណូយនេះឯង!។
ទោះបីជាសភាពការណ៍មានការវិវត្តន៍ទៅយ៉ាងណាក៏ដោយ ក៏ពួកអ្នកយុទ្ធសាស្រ្តយោធានិយមនៅតែអះអាងថា ក្រុង ហាណូយ ទេដែលស្ថិតនៅចំកណ្ដាលស្នូលរបស់ល្បែងលេង Great Games វិញទេ ដែលពុំមែនក្រុង Kabul, Yangon , Taiwan ស្អីនោះទេ!។
ព្រោះពុំដឹងថា វៀតណាម បានរ៉ាយរ៉ាប់អ្វីខ្លះប្រាប់ Lloyd Austin នោះទេ! គ្រាន់តែបានដឹងថា មានមន្រ្តីការទូតជាន់ខ្ពស់របស់ វៀតណាម បាននិយាយប្រាប់ BBC នាថ្ងៃទី ១៨ សីហា នេះថា នៅមុនពេលមានដំណើរទស្សនកិច្ចរបស់ Kamala Harris នៅ វៀតណាម ថា …….. វត្តមានជាយោធារបស់ចិននៅលើទឹកដីអង្គរ គឺជាការសម្ងាត់តែចំហរមួយ! ដែលក្នុងករណីមានវិបត្តិនៅលើសមុទ្រចិនខាងត្បូង គឺចិននឹងដាក់ពង្រាយនាវាចម្បាំង និងយន្តហោះយោធានៅកម្ពុជាតាមរយៈមូលដ្ឋានជើងទឹក និងវាលយន្តហោះដែលមាននៅកោះកុង(Sic)នោះ! ហើយដោយឡែកមន្រ្តីជាន់ខ្ពស់រូបនេះបានអះអាងបន្ថែមទៀតថា ការបង្កើតឱ្យមានជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គឺជា Just in-time ! ហើយមានតែលំហរអាកាសមួយគត់ដែលអាចកំណត់ កំហិតបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមិត្តភាព វៀតណាម-អាមេរិក បាននោះ!៕
ដោយ ហើស សិរិធន់