ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសភារកិច្ចលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក មកជាអភិបាលខណ្ឌឬស្សីកែវ និងលោក ជា ពិសី ជាអភិបាលខណ្ឌឬស្សីកែវ មកជាអភិបាលខណ្ឌទួលគោកវិញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ជាផ្លូវការហើយ ។
ការប្រកាសជាផ្លូវការនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរភារកិច្ច មន្ត្រីរាជការចំនួន២រូប នេះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។
លោកឃួង ស្រេង ក៏បានជំរុញឲ្យអភិបាលខណ្ឌទាំងពីរ អនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ឲ្យបានល្អប្រសើរ ដើម្បីឈានទៅទទួលនូវភាពជោគជ័យ នៃការកាត់ផ្ដាច់ជំងឺកូវីដ-១៩នេះ។ ត្រូវធ្វើទំនាក់ទំនងគ្នាឲ្យបានល្អប្រសើរ រវាងក្រុមប្រឹក្សា និងគណៈអភិបាល ជាមួយនិងការខិតខំធ្វើការ ដោះស្រាយទំនាស់ដីធ្លី និងទប់ស្កាត់ឲ្យបាននូវ ទំនាស់ដីធ្លីដែលកើតឡើងថ្មីៗទៀត ។
បន្ថែមពីលើនេះទៀត អភិបាលរាជធានី ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌឫស្សីកែវថ្មី លោក ឯក ឃុនដឿន ត្រូវខិតខំបំពេញការងាររបស់ខ្លួន ឲ្យបានល្អប្រសើរ ពិសេសទប់ស្កាត់ឲ្យ បាននូវការហ៊ាចូលមកវិញ នូវបែរត្រី នៅតាមដងទន្លេសាប ក្រោយគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញបានរៀបចំឲ្យមាន សណ្ដាប់ធ្នាប់ល្អប្រសើរហើយនោះ ។
ក្នុងឱកាសនោះដែរ អភិបាលខណ្ឌថ្មីទាំងពីរ ក៏បានប្តេជ្ញាចិត្តបំពេញការងារ និងអភិវឌ្ឍន៍ខណ្ឌ ឲ្យបានរីកចំរើន មួយកម្រិតថែមទៀត ៕