ព័ត៌មានជាតិ

អតីតអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ បោះពុម្ពសៀវភៅ «អគ្គកុងស៊ុល» ដើម្បីជំនួយស្មារតី ក្នុងវិស័យការទូត


ភ្នំពេញៈ អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ លោកបណ្ឌិត តាំង សុខងី បានសរសេរសៀវភៅ សម្រាប់មន្ត្រីរាជការ និងនិស្សិត ដោយសង្ឃឹមថា នឹងចែករំលែកចំណេះដឹង និងបទពិសោធន៍របស់គាត់ ក្នុងវិស័យការទូត។


លោក សុខងី មានអាយុ ៤៥ ឆ្នាំ លោកធ្លាប់កាន់តំណែងជា អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញពីឆ្នាំ ២០១១ ដល់ ២០១៣។

បច្ចុប្បន្ន លោកជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលបង្រៀនលើ មុខជ្ជាទំនាក់ទំនងការទូត។


លោក ថ្លែងថា ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក បានសរសេរសៀវភៅ ដែលមានកម្រាស់ ៣២៨ ទំព័រដែលផ្តោតលើ ការអនុវត្តកិច្ចការកុងស៊ុល រវាងរដ្ឋ ស្របតាមអនុសញ្ញាក្រុងវីយែន ស្តីពីទំនាក់ទំនង កុងស៊ុល ឆ្នាំ ១៩៦៣។


លោក សុខងី បានថ្លែងឲ្យ​ដឹង​ទៀត​ថា លោក​បានសរសេរសៀវភៅដែលមានចំណងជើងថាអគ្គកុងស៊ុលនេះគឺដើម្បីបំពេញនូវគម្លាតនៃចំណេះដឹងផ្នែកការទូតដែលត្រូវបានមើលរំលងក្នុងចំណោមមន្រ្តីកម្ពុជាដែលកំពុងធ្វើការក្នុងវិស័យនេះ។


លោកសុខងី បានមានប្រសាសន៍ថា៖ «សៀវភៅនេះ មានគោលបំណងជួយដល់ អ្នកការទូតកុងស៊ុល ក៏ដូចជារូបខ្ញុំផ្ទាល់ ដើម្បីបំពេញភារកិច្ចកុងស៊ុល ឱ្យកាន់តែប្រសើរ។

វាក៏ជួយមន្រ្តីការទូតនិងនិស្សិតឱ្យយល់ដឹង អំពីចំណុចការទូតដែលមើលរំលង»។
លោកថា លោកចង់ឲ្យអ្នកការទូត និងកុងស៊ុល មានការយល់ដឹងផ្នែកច្បាប់ កាន់តែប្រសើរ ដើម្បីពួកគេអាច​​ការពារខ្លួន ពេលបំពេញភារកិច្ចនៅបរទេស។

លោក បានមានប្រសាសន៍ថា៖«ជាពិសេសច្បាប់អន្តរជាតិដែលផ្តោត យ៉ាងជ្រាលជ្រៅ លើបញ្ហាដែលពួកគេគួរដឹង»។


លោក សុខងី បានចំណាយពេល ១៥ខែ នៅក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ -១៩ នៅផ្ទះរបស់គាត់ នៅស្វាយជ្រុំ-អរិយក្សត្រ ដើម្បីសរសេរសៀវភៅនេះ​ឡើង។ ហើយសៀវភៅនេះ ​​ទើប​ចេញផ្សាយ​នៅថ្ងៃទី ២៦ ខែសីហានេះ។

លោកក៏ពិចារណា អំពីការបោះពុម្ព ជាភាសាអង់គ្លេស ផងដែរ​ ប្រសិនបើសៀវភៅនេះ ​ទទួលបានការគាំទ្រច្រើន៕​

To Top