ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិសំខាន់ៗ ប្រចាំសប្ដាហ៍

សម្តេចតេជោ យល់ព្រមឲ្យ រថយន្តពាក់ស្លាកលេខ ខ.ម និងន.ប បង់ពន្ធនាំចូល និងពន្ធផ្លូវប្រចាំឆ្នាំ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យយានយន្តឯកជនជ្រកក្រោមផ្លាកលេខ ក្រសួងស្ថាប័នរដ្ឋ ជាពិសេស ផ្លាកលេខ ខ.ម និង ន.ប បំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពី គយ ។

យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច ផ្ញើជូន សម្ដេចតេជោ នាពេលថ្មីៗនេះ បានឲ្យដឹងថា យានយន្តនាំចូលជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ថវិកាជាតិ។ ក្នុងឆ្នាំ២០១៩ ចំណូលពីក្រុមទំនិញនេះ ដើរតួនាទីជាងពាក់កណ្តាល (៥៣%) នៃចំណូលសរុបដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ ខណៈឆ្នាំ២០២០ តួលេខនេះបានធ្លាក់ចុះមកត្រឹម ៤៣% ដោយសារទីផ្សារយានយន្ត រងផលប៉ះពាល់ដោយសារកូវីដ១៩ ៕

លោក ផៃ ស៊ីផាន អំពាវនាវឲ្យបណ្តាមិត្តបរទេស នៅកម្ពុជា និងអ្នកនៅក្រៅប្រទេស ចូលរួមវិនិច្ឆ័យទោស លោក រ៉ុង ឈុន

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានអំពាវនាវឲ្យប្រទេសជាមិត្តដែលកំពុងនៅកម្ពុជា និងក្រៅប្រទេស ចូលរួមសហការ ក្នុងការវិនិច្ឆ័យទោសលោក រ៉ុង ឈុន ទាំងអស់គ្នា ។

លោក រ៉ុង ឈុន និងសកម្មជនសិទ្ធិមនុស្ស២នាក់ទៀត កាលពីថ្ងៃ១៨ សីហា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្នុងបទ “ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធការជ្រៀតជ្រែកកិច្ចការងារព្រំដែនកម្ពុជា-វៀតណាម និងបង់ប្រាក់១០ម៉ឺនដុល្លារដល់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ ក្រោយការកាត់ទោសលោក រ៉ុង ឈុន ភ្លាមៗ ស្ថានទូតអាមេរិក អង់គ្លេស បារាំង និងអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានបង្ហាញការមិនពេញចិត្ត និងការបារម្ភជាដើម ហើយពួកគេក៏បានលើកឡើងស្រដៀងគ្នាពីឯករាជ្យភាពតុលាការ និងការបញ្ចេញមតិនៅកម្ពុជាផងដែរ ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃ២១ សីហា លោក ផៃ ស៊ីផានបានតបថា មានក្រុមសកម្មជនតាំងខ្លួនជាសង្គមស៊ីវិលបានបញ្ចេញយោបល់បន្ទរ តាមបរទេសអគតិនិយម ក្នុងទិសដៅជ្រៀតជ្រែកឯករាជ្យភាពរបស់តុលាការកម្ពុជា ក្នុងកិច្ចវិនិច្ឆ័យក្តី លើសំណុំរឿងរបស់លោក រ៉ុង ឈុន ។

លោកថា តុលាការវិនិច្ឆ័យក្តីនោះ ដោយផ្អែកលើមូលដ្ឋានអង្គហេតុ និងអង្គច្បាប់ដែលបុគ្គលរូបនោះ បានប្រព្រឹត្តិអំពើផ្ទុយពីច្បាប់កម្ពុជាដែលបានហាមប្រាម និងបញ្ញត្តិជាធរមាន។ កង្វល់អាទិភាពបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា គឺថែរក្សាសន្តិភាព និងសន្តិសុខជាតិ។

លោកសង្កត់ធ្ងន់ថា “ហេតុដូចនេះ ខ្ញុំសូមអំពាវនាវដល់បណ្ដាមិត្តបរទេសទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្តី ឬនៅឯនាយសមុទ្រក្តី សូមមេត្តាចូលរួមសហការជាមួយប្រជាពលរដ្ឋកម្ពុជា ការវិនិច្ឆ័យក្តីនេះ ស្ថិតនៅក្នុងនាម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ក្នុងកិច្ចប្រឹងប្រែងថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខជាតិដែលជាសេចក្តីប៉ងប្រាថ្នា និងតម្រូវការចាំបាច់របស់យើងទាំងអស់គ្នា” ៕

តំណាងរោងចក្រម៉េតហាតធេន ប្តឹងលោក ប៉ាវ ស៊ីណា និងលោក សម រង្ស៊ី

ភ្នំពេញ ៖ លោក Min chieh fan តំណាងរោងចក្រ ម៉េតហាតធេន បានប្តឹងលោក ប៉ាវ ស៊ីណា និងលោក សម រង្ស៊ីពីបទ ធ្វើឲ្យខូចខាតដោយចេតនា ក្នុងសំណុំរឿង ព្រហ្មទណ្ឌលេខ ៖ 289 ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣។

បើតាមហ្វេសប៊ុកលោក ប៉ាវ ស៊ីណានាថ្ងៃ២៤ សីហា លោកបង្ហាញការភ្ញាក់ផ្អើលជាខ្លាំងចំពោះការដាក់ពាក្យប្តឹងលោកបែបនេះ។

លោកថា “ប្តឹងតាំងពី ខែធ្នូ២០១៣អត់ដែលបានទទួលដីកាកោះសោះ ។ ឥឡូវមិនដឹងគេកាត់កំបាំងមុខឲ្យជាប់ទោស ប៉ុន្មានខែឆ្នាំទេ”៕

សម្តេច ស ខេង ទៅបារាំង មិនមែនទៅជួបមន្រ្តីអតីត បក្សប្រឆាំងទេ 

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានអញ្ជើញទៅកាន់ប្រទេសបារាំងនោះ មិនមែនទៅជួបមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិទេ គឺសម្តេចទៅមាន ភារកិច្ចផ្ទាល់ខ្លួន។ នេះបើតាមលិខិតបដិសេធរបស់លោក ខៀវ សុភ័គរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃនាថ្ងៃ២៣ សីហា។

លោក ខៀវ សុភ័គបន្តថា “ការធ្វើដំណើរទៅបារាំងរបស់សម្តេច ស ខេងដោយសារមានធុរះផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងក្រៅពីនេះឡើយ”។

ការចេញមកបដិសេធរបស់លោក ខៀវ សុភ័គ ក្រោយមានការចេញផ្សាយរបស់សារព័ត៌មានមាននិន្នាការ ប្រឆាំងផ្សាយថា “មន្រ្តីបក្សប្រឆាំថា ខ្លួនមានគម្រោងជួបពិគ្រោះយោបល់ក្រៅផ្លូវការជាមួយសម្តេច ស ខេងនៅបារាំង”។

សូមបញ្ជាក់ថា សម្តេច ស ខេង ទៅបារាំងចាប់ថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក៏បានទទួលការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ៕

Breaking New: ឥណ្ឌូណេស៊ី រឹបអូស នាវាដឹកប្រេង ដែលកម្ពុជា តាមស្វែងរក

Breaking New: ឥណ្ឌូណេស៊ី រឹបអូស នាវាដឹកប្រេង ដែលកម្ពុជា តាមស្វែងរក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​បារំាង​AFP។

កងទ័ពជើងទឹកឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃពុធ នេះថា ខ្លួនបានរឹបអូសយក នាវាដឹកប្រេងមួយគ្រឿង និងនាវិករបស់ខ្លួន ដែលត្រូវបានចោទប្រកាន់ ពីបទលួចប្រេងឆៅជិត ៣០ ម៉ឺនធុង ពីទុនបំរុងរបស់ប្រទេសកម្ពុជា។

ពួកគេបាននិយាយថា នាវា MT Strovolos ដែលមានទង់ជាតិបាហាម៉ា ត្រូវបានគេយកមក នៅថ្ងៃទី ២៧ ខែកក្កដា នៅឆ្នេរសមុទ្រស៊ូម៉ាត្រា បន្ទាប់ពីប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ពណ៌ក្រហមមួយ ទៅលើប៉ូលីសអន្តរជាតិ ដើម្បីរឹបអូសកប៉ាល់នោះ ដោយអះអាងថា ខ្លួនបានលួចយកប្រេងឆៅ របស់ប្រទេសកម្ពុជា។

កងទ័ពជើងទឹកឥណ្ឌូណេស៊ី បាននិយាយថា ខ្លួនកំពុងសួរចម្លើយនាវិក ជនជាតិឥណ្ឌា ចំនួន ១៣ នាក់ ជនជាតិបង់ក្លាដែស ៣ នាក់ និងជនជាតិមីយ៉ាន់ម៉ា ៣ នាក់ នៅឯមូលដ្ឋានរបស់ខ្លួន ក្បែរប្រទេសសិង្ហបុរី។

កប៉ាល់ដឹកប្រេងដែលមានប្រវែង ១៨៣ ម៉ែត្រដែលធ្វើដំណើរពីប្រទេសថៃទៅកាន់កោះ Batam ប្រទេសឥណ្ឌូនេស៊ី បានបិទប្រព័ន្ធកំណត់ អត្តសញ្ញាណរបស់ខ្លួន ហើយបោះយុថ្កាដោយខុសច្បាប់ នៅក្នុងដែនទឹកនៃប្រជុំកោះនេះ។

ពួកគេបន្ថែមថា ប្រធានក្រុមបង់ក្លា ដែសអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារ រហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់ ១៤.០០០ ដុល្លារ ប្រសិនបើត្រូវ​បាន​ផ្តន្ទាទោស ពីបទរំលោភលើដែនសមុទ្រ។

មេបញ្ជាការ កងនាវាចរណ៍ទី ១ លោក Arsyad Abdullah បាននិយាយ នៅក្នុង​សេចក្តីថ្លែងការណ៍មួយ ថាកងទ័ពជើងទឹកឥណ្ឌូនេស៊ី នឹងមិនស្ទាក់ស្ទើរ ក្នុង​ការចាត់​វិធានការប្រឆាំងនឹង ឧក្រិដ្ឋកម្មប្រភេទណាមួយ ដែលបានប្រព្រឹត្ត នៅក្នុង​ដែន​សមត្ថកិច្ច​របស់ឥណ្ឌូនេស៊ី ឡើយ។

អាជ្ញាធរបាននិយាយថា នាវាដឹកប្រេងនេះ ត្រូវបានជួលដោយក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី ដើម្បីទុកជាផ្នែកមួយ នៃការដេញថ្លៃថ្មីៗ របស់កម្ពុជា ក្នុងការទាញ​យកប្រេងផ្ទាល់ខ្លួន។

ពួកគេបានបន្ថែមថា ក្រុមហ៊ុនមិនអាចសងបំណុល របស់ខ្លួននិង បានដាក់ពាក្យប្តឹង ឱ្យរំលាយនៅខែមិថុនា ដោយនៅតែចោទថា ជំពាក់លុយក្រុមនាវិក។

“ ក្រុមហ៊ុន…បានរាយការណ៍ មករដ្ឋាភិបាលរបស់យើងថា នាវាដឹកប្រេង បានលួចយកប្រេង។ មានប្រេងឆៅចំនួន ២៩០.០០០ បារ៉ែល” នៅលើទូកលោក ជាប ស៊ូ អគ្គនាយកប្រេងឥន្ធនៈ នៅក្រសួងរ៉ែ និង ថាមពលកម្ពុជា បានប្រាប់ AFP ៕

រាជរដ្ឋាភិបាល លើកទឹកចិត្តពលរដ្ឋ មានលទ្ធភាពទៅចាក់វ៉ាក់សាំងដូសទី៣ នៅមន្ទីរពេទ្យឯកជន កាត់បន្ថយថវិកាជាតិ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពគ្រប់គ្រាន់ ទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ តាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលអនុញ្ញាឲ្យផ្តល់សេវាចាក់នោះ ដើម្បីបានកាត់បន្ថយការចំណាយថវិកាជាតិ។

ក្នុងនោះដែរ រាជរដ្ឋាភិបាល សម្រេចប្រកាសដាក់ចេញនូវ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដល់ប្រជាជនទូទៅចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១ នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩។

យោងតាមសេចក្ដីប្រកាសរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ផ្អែកតាមការសិក្សាស្រាវ ជ្រាវបែបវិទ្យាសាស្ត្រ ក្នុងគោលបំណងបង្កើតឲ្យបានឆាប់រហ័សនូវ «ភាពសុំសហគមន៍រឹងមាំពិត ប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ ការពារអាយុជីវិតប្រជាជន ពីមេរោគកូវីដ-១៩ ពិសេស ប្រភេទដែលតា (Delta) ឬប្រភេទបំប្លែង ខ្លួនថ្មីផ្សេងទៀត ក៏ដូចជា ដើម្បីត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការ នៃការបើកដំណើរ ការប្រទេសពេញលេញ ឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

សម្ដេចតេជោ បន្ដថា រាជរដ្ឋាភិបាល នៅតែបន្តអនុវត្ត «គោលការណ៍ស្ម័គ្រចិត្ត» ដដែល ចំពោះ ការចាក់វ៉ាក់សាំង ដូសជំរុញ នេះជូនដល់ប្រជាជន។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល បន្តផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ជូនប្រជាជនដោយឥតគិតថ្លៃ ដូចការចាក់វ៉ាក់សាំងនៅជុំទី១ ដែរ។

សម្ដេចតេជោ មានប្រសាសន៍ទៀតថា «ទន្ទឹមនេះ ដើម្បីបង្កើនល្បឿននៃការចាក់ វ៉ាក់សាំងដូសជំរុញនេះ ក៏ដូចជា ដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ រាជរដ្ឋាភិបាល លើកទឹកចិត្ត និងអំពាវនាវដល់ប្រជាជន ដែលមានលទ្ធភាពគ្រប់ គ្រាន់ឲ្យទៅទទួលយកការ ចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញា តឲ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ នេះ»។

សម្ដេចតេជោ បន្ថែមថា ផ្តល់ការអនុញ្ញាតឲ្យ ប្រើប្រាស់ជាវ៉ាក់សាំងដូសជំរុញ តែចំពោះប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់ ដោយអង្គការសុខភាពពិភពលោក និងដោយ ក្រសួងសុខាភិបាលកម្ពុជាប៉ុណ្ណោះ៕

កុងស៊ុលខ្មែរ នៅហូជីមិញ ជួយពលរដ្ឋខ្មែរជួបការលំបាក ក្រោយវៀតណាម ដាក់ចេញគោលការណ៍ “អ្នកណានៅទីកន្លែងណា បន្តនៅទីនោះ”

ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម ប្រកាសជួយពលរដ្ឋខ្មែរជួបការលំបាកក្នុងជីវភាពរស់នៅ ខ្វះខាតថវិកា ចំណាយថ្លៃជួលផ្ទះ និងត្រូវការជំនួយដើម្បីចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ក្រោយនាយករដ្ឋមន្រ្តីវៀតណាមដាក់ចេញគោលការណ៍ “អ្នកណានៅទីកន្លែងណា បន្តនៅទីកន្លែងនោះ” ត្រូវផ្តល់ព័ត៌មានមកកាន់កុងស៊ុល ៕

ភូមិសាស្ត្រនយោបាយ៖ កុំយកភ្លើងបោះចូលផ្ទះ អ្នកក្បែរខាងម្តងទៀត 

ភ្នំពេញ៖ លោក សយ សុភាព សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា ចិន បានលើកឡើងថា ទំរាំខ្មែរបានដូចសព្វថ្ងៃនេះ ខ្មែរបានបាត់បង់ទឹកដី ព្រាត់ប្រាស់ជាតិសាសន៍ អស់ច្រើនលាននាក់ ដោយ បែងចែក ជា ៣ចម្រៀក( ខ្មែរលើ ខ្មែរកណ្តាល និង ខ្មែរក្រោម) ដោយឡែកខ្មែរកណ្តាល គេមិនឱ្យសុខទៀតដោយសារមហាអំណាច ចែកពិភពលោកគ្នាគ្រប់គ្រង ហើយ អ្នកខ្លះឆ្លៀតកេងពីមហាអំណាច មកចង់ផ្តាច់ផ្តិលយើង។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលបានសង្កត់ធ្ងន់ថា “ឥឡូវនេះអ្នកធ្វើអីធ្វើទៅ កុំតែមករំខាន ច្រណែន ឈ្នានីសខ្មែរទៅបានហើយ។ សហរដ្ឋអាមេរិក អ្នកឯងមិនបានសងគុណខ្មែរ ចំពោះទង្វើរបស់អ្នកឯងទំលាក់គ្រាប់បែក គ្រាប់បែកគីមីលើខ្មែរទេ តែអ្នកឯងកុំមកកកូកកាយខ្មែរទៀត។ ពួកក្រុមអង្កការសង្គមស៊ីវិល ក្នុងស្រុកក្រៅស្រុកដែល អ្នកឯងជួលឱ្យលុយស្រែកជេរខ្មែរ រាល់ថ្ងៃចោទខ្មែរថា លំអៀងទៅរកចិន។ល។ អ្នកឯងដៀលយើង រាល់ថ្ងៃពេកហើយ”។

សូមរំលឹកថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានជួបជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់វៀតណាមនានា នៅក្នុងអំឡុងដំណើរ ទស្សនកិច្ចតំបន់អាស៊ី ហើយលោកស្រីបានផ្តល់ការគំាទ្រ ដល់ប្រទេសវៀតណាមក្នុងបំណង ទប់ទល់នឹងវត្តមានកើនឡើង របស់ចិន នៅដែនសមុទ្រចិនខាងត្បូង ៕

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក្លាយជាប្រធាន ក្រុមការងារ ស្រាវជ្រាវស៊ើបអង្កេត ករណីជម្លោះដីធ្លី 

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចកែសម្រួល សមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេត ករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាបការទន្ទ្រានកាន់កាប់ដី របស់រដ្ឋដោយខុសច្បាប់ ។

ដោយសមាសភាពក្រុមការងារនេះមាន លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ធ្វើជាប្រធាន និងអនុប្រធាន ចំនួន៤រូប និងសមាជិក ចំនួន១៦រូបទៀត។

យោងតាមសម្រេច របស់អគ្គស្នងការនគរបាលជាតិ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមការងារមានភារកិច្ចដូចជា ៖ ប្រមូលព័ត៌មាន អំពីសកម្មភាពញុះញង់ ឧបត្ថម្ភគាំទ្រដល់ការបង្កើតឲ្យមានការតវ៉ា ទាមទារ ឬ ប្រើប្រាស់ល្បិចកលអុជអាលឲ្យមានជម្លោះដីធ្លី ឬក៏ធ្វើសកម្មភាពទន្ទ្រាន កាន់កាប់ដីរបស់រដ្ឋ ដោយខុសច្បាប់ ដែលបង្កចលាចលនៅតាមបណ្តា ភូមិសាស្ត្ររាជធានី-ខេត្ត។

ជាងនេះទៅទៀត កំណត់មុខសញ្ញាសកម្មជនដីធ្លី ពាក់ព័ន្ធនឹងសកម្មភាពបទល្មើស ដើម្បីបង្ការទប់ស្កាត់ និង បង្ក្រាបកុំឲ្យបទល្មើសដដែលកើតឡើងសាជាថ្មី ដំឡើងបញ្ជីករណីរឿង ដើម្បីកំណត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា។ ព្រមទាំង វាយតម្លៃករណីរឿង និងស្នើសុំគោលការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកការ ស៊ើបអង្កេត ស្រាវជ្រាវប្រមូលភស្តុតាង ដំឡើងបញ្ជីមុខសញ្ញា និងកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធី ៕

លោក សុខ ឥសាន ៖ បើផ្លែតាង៉ែន សម្តេចតេជោ ពុលមែនគឺពុលរាប់ម៉ឺននាក់ហើយ មិនមែនពុល៤០ នាក់ទេ

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា បើផ្លែតាង៉ែន របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋហូបទៅហើយពុលនោះ មិនមែនពុលត្រឹម៤០នាក់ទេ គឺពុលរាប់ម៉ឺននាក់ទៅហើយ ។

តាមរយៈបណ្តាញតេឡេក្រាម នាថ្ងៃ២៧ សីហា លោក សុខ ឥសាន ថ្លែងថា “បើពុលមែននោះ គឺពុល រាប់ម៉ឺននាក់ហើយ ។ តែមនុស្សរាប់ម៉ឺនសែននាក់ អត់ឃើញពុលផង ក្រែងពុលសិប្បនិម្មិតទេដឹង” ។

លោកបន្តទៀត ម្ហូបពុល និងផ្លែឈើពុល មិនអាចហូបយូរថ្ងៃហើយ ទើបពុលនោះទេ គឺហូបហើយនឹងពុលភ្លាមក្នុងរយៈពេលខ្លី ដូចនេះ អ្នកលើកឡើងថា ពុលនោះ គឺមានបំណងមិនល្អចង់បំពុលសង្គម ។

ការលើកឡើងរបស់លោក សុខ ឥសាននេះ ក្រោយពីវិទ្យុអាស៊ីសេរីផ្សាយថា ពលករខ្មែរត្រឡប់មកពីធ្វើការនៅប្រទេសថៃប្រមាណ៤០នាក់ ក្នុងចំណោមជាង៣០០នាក់ដែលកំពុងធ្វើចត្តាឡីស័ក នៅអនុវិទ្យាល័យទឹកជោរតាប៉ុន ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានធ្លាក់ខ្លួនឈឺ និងក្អួតចង្អោរ ដោយអ្នកខ្លះត្រូវសង្គ្រោះបន្ទាន់ ក្រោយហូបតាង៉ែន ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា” ។

សម្តេចតេជោ កាលពីថ្ងៃ១៧ សីហា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន ឬតាង៉ែន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកសិករកំពុងជួបបញ្ហាប្រឈម ក្នុងការនាំចេញ ទៅលក់នៅក្រៅប្រទេស ។ ក្រោយការបញ្ជាលោក ហ៊ីង ប៊ុនហៀង បានចុះទៅទិញដល់ចំការតែម្តងរាប់ម៉ឺនតោន ដើម្បីយកមកចែកជូនឲ្យមន្រ្តីនៅតាមស្ថាប័នរដ្ឋ កងទ័ពតាមព្រំដែន និងអ្នកធ្វើចត្តាឡីស័កហូប ៕

To Top