ព័ត៌មានជាតិ

ក្រសួងសុខាភិបាល នឹងឲ្យមន្ទីរពេទ្យឯកជន ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល តែត្រូវភ្ជាប់លក្ខខណ្ឌ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹងអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជន ដែលមានច្បាប់អនុញ្ញាតពីក្រសួង មានសិទ្ធិផ្តល់សេវាថែទាំ ព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយគោរព តាមលក្ខខណ្ឌ ចាំបាច់មួយចំនួន។

យោងតាមសេចក្ដី ជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាល បានឲ្យដឹងថា «ក្រសួងនឹងអនុញ្ញាត ឲ្យសេវាសុខាភិបាលឯកជន ដែលមានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល មានសិទ្ធិផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយត្រូវគោរព តាមលក្ខខណ្ឌចាំបាច់” ។

លក្ខខណ្ឌចាំបាច់ទាំងនោះ ដូចជា ៖ មូលដ្ឋានសុខាភិបាលឯកជន ដែលមានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរ-សម្រាកព្យាបាល)។ ត្រូវមាន គ្រូពេទ្យ និងបុគ្គលិកបានបណ្តុះបណ្តាល ត្រឹមត្រូវសម្រាប់ផ្តល់ សេវាថែទាំ ព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល តាមផ្ទះ ពីក្រុមគ្រូបង្គោលថ្នាក់ជាតិ នៃក្រសួង សុខាភិបាល ។ ក្រុមគ្រូពេទ្យទាំងនេះ ត្រូវបាន ចាត់ ដោយឡែកពីក្រុមគ្រូពេទ្យ ព្យាបាលអ្នកជំងឺធម្មតា ហើយក្រុមគ្រូពេទ្យ ទាំងនេះ ត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ បន្ទាប់ពីបានថែទាំ ព្យាបាលអ្នក ជំងឺកូវីដ-១៩ ។

ជាមួយគ្នានោះ ត្រូវត្រៀម ទុកជាមុន ក្នុងករណីជំងឺវិវត្តន៍ធ្ងន់ធ្ងរ ដោយធានា ឲ្យមានប្រព័ន្ធ បញ្ជូនជំងឺ តាមបទដ្ឋាន បច្ចេកទេស ត្រឹមត្រូវ ពីផ្ទះទៅសេវា សុខាភិបាលឯកជន ដែលមានច្បាប់អនុញ្ញាត ឲ្យផ្តល់ សេវាថែទាំព្យាបាល អ្នកជំងឺកូវដ-១៩ ឬសេវា សាធារណៈ ដែលមានព្យាបាលកូវីដ-១៩ ។ ការផ្ដល់សេវាថែទាំ ព្យាបាល អ្នកជំងឺកូវដ-១៩ កម្រិតស្រាល នៅតាមផ្ទះ ត្រូវតែមានការអនុញ្ញាត ពីអាជ្ញាធរមូលដ្ឋាន ចៅសង្កាត់ ឬមេឃុំ និងមន្ត្រីសុខាភិបាល នៃការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ ដែលអ្នកជំងឺតាំងនៅ។

សូមរំលឹកថា គិតថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩២,៦១៦នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៨៨,៤៤៣នាក់ និងអ្នកស្លាប់ ចំនួន១,៨៩២នាក់ ៕

To Top