ព័ត៌មានជាតិ

ក្រសួងកសិកម្ម មិននឹកស្មានថា ជំងឺដុំពកស្បែក គោ ក្របី រាលដាលយ៉ាងលឿន ធ្វើឲ្យឆ្លងជាង៣ម៉ឺនក្បាល (Video)

ភ្នំពេញ ៖ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិននឹកស្មានថា ជំងឺដុំពកស្បែក គោ ក្របី បានរាលដាល យ៉ាងលឿនពីបណ្តា ខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ដែលមកទល់ពេលនេះ ឆ្លងដល់ គោ ក្របី ជាង៣០ ០០០ក្បាល។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រសួងបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺដុំពកស្បែក គោ ក្របី (Lumpy Skin Disease) នៅកម្ពុជា ។ ទន្ទឹមនឹងការខិតខំប្រឹងប្រែង ក្នុងការតាមពិនិត្យ និងព្យាបាលសត្វគោ ដែលឆ្លងជំងដុំពក នៅ លើស្បែក កន្លងមក ក្រសួងក៏បានខិតខំប្រឹង ប្រែងស្វះ ស្វែងរកបញ្ជាទិញ វ៉ាក់សាំងការពារ ជំងឺដុំពកស្បែក គោ ក្របី ក៏បានដំណើរការព្រមគ្នា ផងដែរ។

លោកបានបញ្ជាក់ថា «ប៉ុន្តែ អ្វីដែលក្រសួងមិននឹកស្មាន ដល់នោះ ការរីរាលដាល នៃជំងឺឆ្លងនេះ បានរាលដាល យ៉ាងលឿន ពីបណ្តាខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាល នៃប្រទេសកម្ពុជា ជាពិសេស នៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង ដែលមកទល់ពេលនេះ ជំងឺឆ្លងនេះបានធ្វើឲ្យ ប៉ះពាល់និងធ្វើឲ្យ សត្វគោឈឺចំនួនជាង ៣០ ០០០ ក្បាលហើយ ជាពិសេស បានឆ្លងទៅលើកូនគោ ដែលបានធ្វើឲ្យសត្វគោ បានងាប់មួយចំនួន និងដែលធ្វើក្រសួងមានការព្រួយបារម្ភជាខ្លាំង»។

លោកបានបន្ដថា ក្រសួងមានវ៉ាក់សាំងចំនួន២ម៉ឺនដូស នៅក្នុងដៃ រួចហើយ ដែលបានបង្កលក្ខណៈគ្រាប់គ្រាន់ សម្រាប់ចាប់ផ្តើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងទប់ស្កាត់ជំងឺ ដុំពកស្បែក គោ ក្របី ។

លោកបានបន្ថែមថា ក្រសួងកសិកម្ម មានក្តីសង្ឃឹមថា វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ចំនួន ៤០ ០០០ ដុស បន្ថែមទៀត នឹងមកដល់កម្ពុជា នៅសប្តាហ៍បន្ទាប់ ៕

To Top