ព័ត៌មានជាតិ

ក្រសួងការងារ ឲ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្ន ការផ្សព្វផ្សាយ រើសពលករ ទៅធ្វើការនៅអូស្ដ្រាលី

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយជ្រើសរើសពលករខ្មែរ ទៅធ្វើការនៅប្រទេសអូស្ដ្រាលី ក្រោយពីរដ្ឋាភិបាល អូស្ដ្រាលី ពុំទាន់ផ្ដល់ទិដ្ឋាការជូនកម្ពុជា ។

ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសពីការបង្កើតទិដ្ឋាការ កសិកម្មអូស្ត្រាលី (Australian Agriculture Visa) ដើម្បីឆ្លើយតបទៅនឹងកង្វះខាតកម្លាំងពលកម្ម ក្នុងវិស័យកសិកម្មនៅអូស្ត្រាលី ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្ត្រាលី បាននឹងកំពុងពិភាក្សា ទ្វេភាគី អំពីការផ្តល់ទិដ្ឋាការកសិកម្ម អូស្ត្រាលី ជាមួយបណ្តា ប្រទេស ជាដៃគូនានា រួមទាំងកម្ពុជា ផងដែរ។

យោងតាមសេចក្ដី ជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ចាប់ពី ឆ្នាំ២០១៧ មក ក្រសួងការងារ បានទំនាក់ទំនងជាមួយ រដ្ឋាភិបាល អូស្ត្រាលី ទាំងកម្រិតរដ្ឋ និងរដ្ឋាភិបាល សហព័ន្ធ ដោយក្រសួង បានផ្ញើជូន រដ្ឋមន្ត្រីក្រសួង មុខរបរ ក្រសួងកិច្ចការនារី និងជារដ្ឋមន្ត្រីទទួលបន្ទុកជួយ នាយករដ្ឋមន្ត្រី លើវិស័យសេវាសាធារណៈអូស្ត្រាលី តាមរយៈលិខិតលេខ ០29/I7M.L.V.T នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ជាពិសេស បានពិភាក្សាការងារនេះ ជាមួយ ស្ថានឯកអគ្គរដ្ឋទូត អូស្ត្រាលី ប្រចាំកម្ពុជា និងសមាគម កសិកម្ម និងសហគ្រាស ធុនតូចអូស្ត្រាលី ជាបន្តបន្ទាប់ផងដែរ ។

ក្រសួងបានបញ្ជាក់ថា «ក្នុងដំណើរការ ចរចានេះ ក្រសួងការងារ បានសហការ យ៉ាងជិតស្និទ្ធ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី ផងដែរ។ ដូច្នេះ ក្នុងដំណាក់កាលដែលរដ្ឋាភិបាល អូស្ត្រាលីពុំទាន់សម្រេចថា នឹងផ្តល់ទិដ្ឋាការនេះ ជូនកម្ពុជានៅឡើយ សូមសាធារណជន មានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះរាល់ការ ផ្សព្វផ្សាយអំពីការ ជ្រើសរើស និងបញ្ជូន ពលករខ្មែរទៅធ្វើការ នៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារ ជ្រើសរើស ឬអង្គភាពណាមួយ»។

ជាងនេះទៅទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការចរចាជាមួយរដ្ឋាភិបាល អូស្ត្រាលី ដើម្បីឲ្យមានការទទួល យកពលករទេសន្តរប្រវេសន៍ ពីកម្ពុជាក្រោម ទិដ្ឋាការ កសិកម្មអូស្ត្រាលី៕

To Top