ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា សុខសន្តិភាព គឺជាកត្តាមិនអាចខ្វះបាន ក្នុងការគ្រប់គ្រងបរិស្ថាន និងដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
![](https://dap-news.com/wp-content/uploads/2021/08/photo_2021-08-31_13-37-15-1024x566.jpg)
ក្នុងជំនួបពិភាក្សាការងារជាមួយលោក James Larsen អ្នកសម្របសម្រួលកិច្ចការ ប្រែប្រួលអាកាសធាតុ និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក សាយ សំអាល់ បានបញ្ជាក់ថា «សុខសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាន ក្នុងការគ្រប់គ្រងបរិស្ថាន ការដោះស្រាយបញ្ហាការ ប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាល បាននិងកំពុងចាប់យកកាលានុវត្តភាព តាមរយៈការវិនិយោគចម្បងៗ ដែលអាចជំរុញកំណើនសេដ្ឋកិច្ច បានឆាប់រហ័ស»។
![](https://dap-news.com/wp-content/uploads/2021/08/photo_2021-08-31_13-37-17-1024x573.jpg)
នាឱកាសនោះ លោក James Larsen បានលើកឡើងថា អូស្រ្តាលី បានផ្តល់ការគាំទ្រជាច្រើន ដល់បណ្តាប្រទេសតាមដងទន្លេមេគង្គ រួមមាន ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងធនធានទឹក និងការអប់រំបរិស្ថាន។ លោកថា ចំពោះសន្និបាតសហប្រជាជាតិលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុ អូស្រ្តាលី គាំទ្រដល់ចក្រភពអង់គ្លេស ក្នុងការរៀបចំកិច្ចប្រជុំទល់មុខគ្នា ដែលផ្តលឱកាសដល់គ្រប់រដ្ឋជាសមាជិក បានជជែកគ្នាដោយផ្ទាល់។
![](https://dap-news.com/wp-content/uploads/2021/08/photo_2021-08-31_13-37-19-1024x389.jpg)
លោកបានបន្ដថា អូស្រ្តាលីបានផ្តួចផ្តើមឲ្យមាន ពិភាក្សាគ្នាអំពីការផលិតអគ្គីសនី ដោយប្រើប្រាស់ឧស្ម័នអ៉ីដ្រូសែន នៅក្នុងសន្និបាតសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីជាជម្រើសមួយដ៏ប្រសើរ សម្រាប់លើកកម្ពស់ផែនការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឲ្យនៅកម្រិតសូន្យ នៅឆ្នាំ២០៥០។
![](https://dap-news.com/wp-content/uploads/2021/08/photo_2021-08-31_13-37-20-1024x436.jpg)
ជាការឆ្លើយតប លោករដ្ឋមន្ត្រីបរិស្ថាន បានសស្វាគមន៍ចំពោះការ លើកឡើងរបស់ភាគីអូស្រ្តាលី ក្នុងការប្រយុទ្ធប្រឆាំងនឹង ការប្រែប្រួលអាកាសធាតុ ក៏ដូចជា បញ្ហាបរិស្ថានសកល។ លោកក៏បានលើកជាសំណើ ចំនួន២ រួមមាន ៖ ទី១-បង្កើតមជ្ឈមណ្ឌលចែករំលែក ព័ត៌មានអំពីថាមពលឧស្ម័នអ៉ីដ្រូសែន ដោយមានការចូលរួមពី ក្រសួងបរិស្ថាន គ្រឹះស្ថានសិក្សាស្រាវជ្រាវរបស់កម្ពុជា និងអូស្រ្តាលី និងទី២- បង្កើតឲ្យមានផែនទីបង្ហាញផ្លូវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចរវាង កម្ពុជា និងអូស្រ្តាលី ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)