ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់សមត្ថកិច្ច ត្រូវអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយគ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ព្រោះដើម្បីអាយុជីវិតប្រជាពលរដ្ឋ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ ប្រចាំខែសីហា ឆ្នាំ២០២១ ពិនិត្យមើលឃើញថា បណ្តាលឲ្យអត្រាជនរងគ្រោះ បាត់បង់ជីវិតកើនឡើង នៅពេលដែលអត្រាអ្នក រងរបួសមានចំនួនថយចុះ បើធៀបនឹងខែកក្កដា។
សម្ដេចបន្ដថា ជាប្រការគួរឲ្យសោកស្ដាយ បំផុតនោះដ្បិតតែ ក្នុងខែសីហា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើង ចំនួន១៩៩លើក ថយចុះ ចំនួន៩លើក ហើយអ្នករងរបួស ចំនួន២៤១នាក់ ថយចុះ៤១នាក់ ប៉ុន្តែចំនួនអ្នកស្លាប់ចំនួន១២៣នាក់ កើនរហូតដល់ទៅ១៦នាក់ បើធៀបនឹងខែកក្កដា មានអ្នកស្លាប់ ចំនួន១០៧នាក់។

សម្ដេច មានប្រសាសន៍ថា «ក្នុងនាមប្រធាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំក៏សូមក្រើនរំលឹកដល់ មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្តឲ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង»។
សម្ដេច ស ខេង ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ពេលវេលា នៃការធ្វើដំណើរលើដងផ្លូវ និងមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់ អធ្យាស្រ័យឲ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនឯង និងអ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់៕
