ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានស្នើឥណ្ឌាបង្កើនការ វិនិយោគនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលបន្ថែម នូវម៉ាស៊ីនកសិកម្មផ្សេងៗ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្ដិ បានថ្លែងថា «ផលិតផលកសិកម្ម សក្តានុពលរបស់កម្ពុជា ជាតម្រូវការក្នុងទីផ្សារឥណ្ឌា ហើយបានស្នើឲ្យភាគី ឥណ្ឌាបង្កើនការវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលបន្ថែម នូវម៉ាស៊ីនកសិកម្មផ្សេងៗជាដើម» ។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានគាំទ្រក្នុងការជំរុញធុរកិច្ច និងវិនិយោគឥណ្ឌា មកកាន់កម្ពុជាបន្ថែម។ លោកស្រីក៏បានលើកទ្បើង អំពីបំណង ក្នុងការបង្កើតនូវវេទិកា ផ្គូរផ្គងធុរកិច្ចរវាងភាគីទាំងពីរ ក្នុងពេលអនាគតដ៏ខ្លីផងដែរ។
នាឱកាសនោះដែរ លោករដ្ឋមន្រ្ដី និងលោកស្រីឯកអគ្គរដ្ឋទូត បានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាព ពាណិជ្ជកម្មអន្តរជាតិទាំង ក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ហើយបានពិភាក្សារលើការ ជំរុញទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ផងដែរ។ ក្នុងនោះ កិច្ចពិភាក្សាបានធ្វើការកត់សម្គាល់ ពីការរីកចំរើនជាបន្ដបន្ទាប់ និងឯកភាពបន្តលើការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរទ្បើងមួយកម្រិតទៀត ជាការពិសេស ការឈានទៅបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ ៕