ព័ត៌មានជាតិ

រដ្ឋមន្ដ្រីឧស្សាហកម្ម ៖ ការផលិតទឹកស្អាតត្រូវមានច្បាប់ ទើបសម្រេចបានតំបន់ប្រជុំជន មានទឹកស្អាតប្រើ ១ ០០% នៅឆ្នាំ២០២៥

ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានថ្លែងថា ការផលិតទឹកស្អាត ត្រូវតែមានច្បាប់គ្រប់គ្រងត្រឹមត្រូវ បើមិនដូច្នេះទេ មិនអាចសម្រេចបានតាមគោលដៅរបស់ រាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៥ តំបន់ទីប្រជុំជននឹងមានទឹកស្អាត ប្រើប្រាស់១០០% និងឆ្នាំ២០៣០ ទឹកស្អាតសម្រាប់ទាំងអស់គ្នា។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងឧស្សាហកម្ម។

ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងទឹកស្អាត នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ចម ប្រសិទ្ធ បានលើកឡើងពីសារៈសំខាន់នៃច្បាប់នេះ ដោយមានការគិតគូតាំងពីចុងឆ្នាំ២០១៣មកម្លេះ។

លោកបានបញ្ជាក់ថា «ការផលិតទឹកស្អាតត្រូវតែមានច្បាប់គ្រប់គ្រងត្រឹមត្រូវមួយ បើមិនដូច្នេះទេ យើងមិនអាចសម្រេចបានតាមគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជា គោលដៅអភិវឌ្ឍប្រកបដោយចិរភាព ដែលកំណត់យកឆ្នាំ២០២៥ តំបន់ទីប្រជុំជននឹងមានទឹកស្អាតប្រើប្រាស់១០០% និងឆ្នាំ២០៣០ ទឹកស្អាតសម្រាប់ទាំងអស់គ្នា នោះទេ។ម៉្យាងច្បាប់នេះ ជាច្បាប់ដែលបម្រេីផលប្រយោជន៍សាធារណៈ ប្រជាជន និងសេដ្ឋកិច្ចទាំងមូល»។

លោកទេសរដ្ឋមន្ដ្រី ក៏បានរីករារីករាយ បន្ទាប់ពីច្បាប់នេះចេញហើយ ស្ថាប័នពាក់ព័ន្ធទាំងអស់ មិនត្រឹមតែអនុវត្ត មិនមានការជាន់សមត្ថកិច្ចគ្នាទេ តែបានក្លាយទៅជាដៃគូសហការ និងបែងចែកភារកិច្ចគ្នាធ្វើប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះ រាជរដ្ឋាភិបាល និងប្រជាជនម្ចាស់ឆ្នោត៕

To Top