ព័ត៌មានជាតិ

កម្ពុជា ស្នើឥណ្ឌូណេស៊ី បញ្ជូន ជនល្មើស មកផ្តន្ទាទោស និងយកប្រេងឆៅកម្ពុជាមកវិញ (Video)

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្ដចាត់វិធានការផ្សេងៗ ដើម្បីយកប្រេងឆៅមកវិញ បន្ទាប់ពីនាវាដឹកប្រេង MT Strovolos និងប្រេងឆៅ ប្រហែល ៣០ម៉ឺនបារ៉ែលរបស់កម្ពុជា ត្រូវអាជ្ញាធរឥណ្ឌូណេស៊ីចាប់បាន ក្រោយពីនាវានោះ បើករត់គេចពីកម្ពុជា។

នាវា MT Strovolos ត្រូវបានឃាត់ទុកនៅឥណ្ឌូណេស៊ី ដោយសង្ស័យថា បានបំពានច្បាប់ឥណ្ឌូណេស៊ី។ ណែកឯនៅកម្ពុជាវិញបណ្ដឹងមួយចំនួន ត្រូវបានធ្វើឡើងប្រឆាំង នឹងម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និងបក្សពួក ពាក់ព័ន្ធនឹងបទល្មើសមួយចំនួន ក្រោមច្បាប់កម្ពុជា ហើយបណ្ដឹងទាំងនេះ កំពុងតែត្រូវបានតុលាការ មានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងរ៉េ និងថាមពល ស្ដីពី ការពាក់ព័ន្ធនឹងនាវាដឹកប្រេង MT Strovolos និងប្រេងឆៅរបស់ កម្ពុជា ចេញផ្សាយនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា «រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយពី រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីនាំខ្លួនជនល្មើស និងបក្សពួករបស់គេ មកផ្តន្ទាទោស និងដើម្បីយកប្រេងឆៅកម្ពុជាមកវិញ ស្របតាមច្បាប់ជាតិរបស់ប្រទេសទាំងពីរ និងច្បាប់អន្តរជាតិផងដែរ»។

ក្រសួង បានបន្ដថា បច្ចុប្បន្ននាវិកទាំងអស់ត្រូវបានឃាត់ខ្លួន ដើម្បីស៊ើបអង្កេតលើ ករណីពាក់ព័ន្ធនឹងបទល្មើស ឬត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើសដែល ប្រព្រឹត្តិនៅក្នុងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី។ បញ្ហានេះ គឺជានីតិវិធីផ្លូវច្បាប់សុទ្ធសាធ ហើយមិនពាក់ព័ន្ធនឹងបញ្ហានយោបាយ ឬពាណិជ្ជកម្មឡើយ។

ក្រសួង បានបញ្ជាក់ថា «ក្នុងនាមជាម្ចាស់នៃប្រេងឆៅ រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្តចាត់វិធានការផ្សេងៗទៀត ដែលចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយត្រឹមត្រូវ និងពេញលេញ។ ដោយសារបញ្ហានេះ កំពុងតែស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត ក្រសួងរ៉ែ និងថាមពល សូមមិនធ្វើការអត្ថាធិប្បាយ អ្វីផ្សេងបន្ថែមទៀតទេ»។

សូមបញ្ជាក់ថា ក្រុមហ៊ុន World Tankers Management Pte Ltd គឺជាអ្នកគ្រប់គ្រងនាវា MT Strovolos ដែលត្រូវបានជួលដោយក្រុមហ៊ុនមួយ នៃគ្រីសអេនើជីគ្រប (KrisEnergy Group) ដើម្បីធ្វើជានាវាស្តុកទុក និងផ្ទេរ (Floating Storage and Offloading) ប្រេងឆៅពីតំបន់អប្សរាប្លុក A ក្នុងដែនសមុទ្រកម្ពុជា (តំបន់ប្លុក A កម្ពុជា)។

នាវា MT Strovolos ត្រូវបានជួលដោយ ក្រុមហ៊ុន គ្រីសអេនើជី ដើម្បីផ្តល់សេវាខាងលើ ដែលក្រុមហ៊ុននេះ មានកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងរ៉ែ និងថាមពល សម្រាប់ការស្វែងរុករក និង អភិវឌ្ឍក្នុងតំបន់អប្សរា ប្លុកA កម្ពុជា៕

To Top