ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិសំខាន់ៗ ប្រចាំសប្ដាហ៍

ចិន ផ្ដល់ប្រាក់កម្ចីមកកម្ពុជា ជិត ៣ពាន់លានដុល្លារ ខណៈកម្ពុជា មិនរើសអើងប្រភពថវិកា

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិន ផ្ដល់ប្រាក់កម្ចីមកកម្ពុជា ជិត៣ពាន់លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ខណៈកម្ពុជាក៏មិនរើសអើង ប្រភពថវិកាមកពីបណ្ដាប្រទេសដទៃ ដែលចង់ជួយកម្ពុជានោះទេ ។

ឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋ ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣» នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ចិនផ្ដល់ប្រាក់កម្ចីមកកសាង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមាន ៖ ផ្លូវជាតិលេខ៣, លេខ៥៧, លេខ៥៨, លេខ៦, លេខ៨, លេខ៤, លេខ១០, លេខ៧១C, លេខ៣១, លេខ៣៣, លេខ៤១ និងមានផ្លូវផ្សេងៗទៀត។

លោកបន្ដថា ក្រៅពីថវិការបស់ចិន មានដូចជា ៖ ជប៉ុន កូរ៉េ វៀតណាម ថៃ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ក៏បានរួមចំណែកការផ្ដល់ប្រាក់កម្ចី និងជំនួយ ដើម្បីកសាងនៅកម្ពុជា ផងដែរ។

លោកបានបញ្ជាក់ថា «ប្រទេសដែលផ្ដល់ថវិកា ជាប្រាក់កម្ចីមកកសាងប្រព័ន្ធ ផ្លូវថ្នល់ ស្ពាន នៅកម្ពុជាយើង គឺប្រទេសចិនដែលផ្ដល់ប្រាក់កម្ចី ជិត៣ពាន់លានដុល្លារ សហរដ្ឋអាមេរិកហើយ ដើម្បីមកកសាងហេដ្ឋារចនាសម្ព័ន្ធ របស់យើង»។

លោករៀបរាប់ទៀតថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ចិនបានផ្ដល់ប្រាក់កម្ចីមកកម្ពុជា ច្រើនណាស់ តើការផ្ដល់ប្រាក់កម្ចីមកកម្ពុជា ត្រឹមត្រូវដែរឬទេ? ប្រទេសណាទាំងអស់ ក្នុងពិភពលោក ដើម្បីឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន ត្រូវមានប្រព័ន្ធដឹកជញ្ជូនឲ្យបានល្អ ទើបសេដ្ឋកិច្ចជាតិមានការរីកចម្រើន។

លោកបញ្ជាក់ទៀតថា «កម្ពុជាមិនរើសអើងប្រភពថវិកាទេ បើមិត្តណាចង់ជួយ យើងនឹងទទួលមិនដែលបដិសេធថា យើងខ្ញុំមិនត្រូវការថវិការបស់ប្រទេសនេះ ឬប្រទេសនោះឡើយ។ ខ្ញុំសូមជម្រាបឲ្យច្បាស់ ដោយសារមានលើកឡើង ឬការចោទប្រកាន់ថា ហេតុដូចម្ដេច? កម្ពុជាពឹងពាក់ទៅលើចិនច្រើនម្លេះ? មិនមែនរើសអើងទេ មិត្តណាផ្ដល់ជំនួយ ឬប្រាក់កម្ចីទាន់ពេលវេលា ដើម្បីមកកសាង ស្ពាន ផ្លូវរបស់យើង យើងទទួល»។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ដ្រី ក៏បានពន្យល់ពីនីតិវិធី ប្រាក់កម្ចីរបស់ប្រទេសនីមួយៗ មានភាពខុសគ្នា។ លោកថា ប្រទេសខ្លះប្រើប្រាស់រយៈពេល ៣ ទៅ ៥ឆ្នាំ សិក្សាហើយ សិក្សាទៀត ទើបឯកភាពផ្ដល់ប្រាក់កម្ចីមកកម្ពុជា។ ដោយឡែក ប្រទេសមួយចំនួនទៀត ងាយស្រួលក្នុងការផ្ដល់ប្រាក់កម្ចីមកកម្ពុជា ៕

កូនប្រុស សម្ដេច ស ខេង ៖ សម្តេច ស ខេង ទៅបារាំង ពិនិត្យសុខភាពសុទ្ធសាធ ពុំជួបអ្នកនយោបាយណាម្នាក់ឡើយ

ភ្នំពេញ ៖ លោក ស សុខា កូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា វត្តមានសម្តេច ស ខេងទៅប្រទេសបារាំង ក្នុងរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់ ដូចការលើកឡើងរបស់អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិនោះឡើយ ។

យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក ស សុខា បានបញ្ជាក់ថា «ចំពោះការលើកឡើងទាំងមិនពិតរបស់អ្នកនយោបាយទាំងនោះ វាគ្រាន់តែជាការប្រឌិតឡើងដើម្បីបំភាន់មតិជាតិ និងអន្តរជាតិ សំដៅកេងចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួន និងបក្ខពួកប៉ុណ្ណោះ ពិសេសអាចគ្រាន់តែជាសារដង្ហើយរកផ្លូវចរចានយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ពោលគឺផ្ទុយពីអ្វីដែលថ្នាក់ដឹកនាំ ក៏ដូចជា សាធារណជន បានធ្វើ និងមើលឃើញជាក់ស្តែង»។

លោកបានបន្ដថា ក្រៅពីនេះការលើកឡើងរបស់អ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ សំដៅមុតស្រួចក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បាននិងកំពុងប្រកាន់ខ្ជាប់ខ្ជួននូវសាមគ្គីផ្ទៃក្នុងយ៉ាងរឹងមាំ ពោលគឺមិនមែនអ្នកណាម្នាក់ ឬក្រុមណាមួយ អាចបំបែកបំបាក់ផ្ទៃក្នុងបានឡើយ ។

លោកបានបន្ថែមថា ទង្វើរបស់អ្នកនយោបាយ ដែលធ្វើគ្រាន់តែដើម្បីមហិច្ឆតាផ្ទាល់ខ្លួនរស់ទោះអ្នកដទៃស្លាប់ក៏ដោយចុះបែបនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចរិកអ្នកនយោបាយគ្មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងចេតនាទុច្ចរិតដដែលៗ បំភ្លៃរឿងមិនពិត ប្រឌិតបំពុលសង្គម និងបរិយាកាសនយោបាយនៅកម្ពុជា ជាពិសេសបាននិងកំពុងតែមួលបង្កាច់ទម្លាក់កំហុសយ៉ាងពិសពុលលើ សម្តេចក្រឡាហោម ស ខេង ផងដែរ។

លោក ស សុខា បានបញ្ជាក់ទៀតថា «ដូច្នេះសូមសាធារណជនទាំងអស់ កុំជឿលើការលើកឡើង នៃក្រុមអ្នកនយោបាយអាត្មានិយម ដែលក្នុងចិត្តគំនិតគិតតែពីចង់បានអំណាច ផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ដោយមិនគិតពីផលប្រយោជន៍ជាតិរួម មិនយកការពិតជាមូលដ្ឋាន នោះឲ្យសោះ»៕

កម្ពុជា បញ្ជាទិញវ៉ាក់សាំង ៥លានដូសបន្ថែម នឹងមកដល់នៅខែកញ្ញា ដើម្បីចាក់ដូសជំរុញ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាល បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល បានបញ្ជា ទិញវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥លានដូសបន្ថែមទៀត ដែលនឹងមកដល់កម្ពុជា នៅក្នុងខែកញ្ញាខាងមុខនេះ ដើម្បីចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ ។

ការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាលនេះ ខណៈវ៉ាក់សាំងស៊ីណូវ៉ាក់២លានដូស ដែលរាជរដ្ឋាភិបាល បញ្ជាទិញពីក្រុមហ៊ុន ស៊ីណូវ៉ាក់សាំង បានដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃ៣១ សីហានេះ ដែលធ្វើឲ្យរាជរដ្ឋាភិបាល មានវ៉ាក់សាំងក្នុង ដៃសរុប២៧លានដូស ។

លោក ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល បានផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃ៣១ សីហា ខណៈទទួលវ៉ាក់សាំង នៅព្រលាន យន្តអន្តរជាតិភ្នំពេញថា ការវ៉ាក់សាំងនៅកម្ពុជា មានភាពលឿន ជាងបណ្តាប្រទេសផ្សេងៗ ។ រាជរដ្ឋាភិបាលបានកំណត់ឲ្យរដ្ឋមន្ត្រីក្រសួងអប់រំពិនិត្យមើលទីតាំងណាដែលបានចាក់វាក់សាំងការពារជំងឺកូវីដ១៩បានចំនួន១០០ភាគរយ ហើយគ្មានករណីឆ្លងត្រូវអនុញ្ញាតឲ្យបើកដំណើការសាលារៀនឡើងវិញ។

លោកស្រីថា ចំពោះវ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញនេះ នឹងត្រូវចាក់ ជូនក្រុមមន្ត្រីជួរមុខ ដែលធ្វើការជាមួយ អ្នកឆ្លងជំងឺកូវីដ ដូចជាក្រុមមន្ត្រីសុខាភិបាល អាជ្ញាធរ សមត្ថកិច្ច ជាពិសេសនៅតំបន់ ព្រំដែនទីក្រុង និងកន្លែង ទីប្រជុំជនជាដើម ។

លោកស្រីក៏បានអះអាងថា ជាគោលការណ៍រាជរដ្ឋាភិបាលនឹងបន្តចាក់វ៉ាក់សាំងដូសជំរុញដល់ប្រជាជនទាំងអស់ដែលក្នុងនោះមានចំនួន១០លានជាគោលសិន ។ ក្នុងករណីមានភាពស៊ាំក្នុងការចាក់វ៉ាក់សាំងហើយ រាជរដ្ឋាភិបាលនឹងធ្វើការចាក់ដូសជំរុញដល់ប្រជាជន យ៉ាងតិចជាង១២លាននាក់ ។

ជាមួយគ្នានោះដែរ លោកស្រីក៏បានអះអាង ថា ពេលនេះក្រុមការងារ ជំនាញរបស់ក្រសួង កំពុងសិក្សាជា មួយអង្គការដៃគូនានា ដូចជាអង្គការ សុខភាពពិភពលោក ក្រុមវ៉ាក់សាំងមួយចំនួនទៀត ដើម្បីពិនិត្យពីការចាក់វ៉ាក់សាំង ជូនកុមារក្រោមអាយុ១២ ឬចាក់ដូសជំរុញដល់កុមារដែលបានចាក់វ៉ាក់សាំងរួច ទាំងដូសទី១ និងទី២ ផងដែរ៕ 

ក្រសួងអប់រំ ឲ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត នៅតាមតំបន់មានហានិភ័យទាប

ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឲ្យបើកដំណើរការឡើងវិញចំពោះគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានី-ខេត្តត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្តែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលនានា។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងចេញនារសៀលថ្ងៃ៣១ សីហា។

ការចេញលិខិតរបស់ក្រសួងនេះ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ជួបពិភាក្សាជាមួយ អភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ជានិច្ច។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំដដែលក៏បានណែនាំពីការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ដ្រ ដែលមានហានិភ័យទាប ដោយមានសិស្សានុសិស្ស ចំនួនតិចជាង១៥នាក់ នៅតាមថ្នាក់រៀន។

ប្រភពបន្តថា ក្នុងអំឡុងពេល នៃការផ្អាកដំណើរការគ្រឹះស្ថានសិក្សា ដោយសារព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ គ្រឹះស្ថានសិក្សាបានដំណើរការការបង្រៀន និងរៀនពីចម្ងាយតាមគ្រប់រូបភាព ក្នុងនោះ ក៏មានការបង្រៀន និង រៀនតាមបណ្តុំ ដែលជាការមករៀនជុំគ្នាក្នុងទ្រង់ទ្រាយតូច រវាងគ្រូបង្រៀន និងសិស្ស នៅទីកន្លែងដែលមាន សុវត្ថិភាព។

លិខិតបានបញ្ជាក់ថា «ដើម្បីធានាបាននូវការបន្តការសិក្សារបស់សិស្សានុសិស្ស និស្សិត ចាប់ពីខែកញ្ញា រហូតដល់ការបិទ បញ្ចប់ឆ្នាំសិក្សា២០២០-២០២១ នៅខែវិច្ឆិកា ឆ្នាំ២០២១ និងដើម្បីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិក្នុងខែវិច្ឆិកា និងមធ្យមសិក្សាទុតិយភូមិក្នុងខែធ្នូ ឆ្នាំ២០២១ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន អាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀននិងរៀនតាមបណ្តុំ អាស្រ័យលើស្ថានភាព ធនធាន និងការច្នៃប្រឌិតរបស់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ នៅភូមិសាស្ត្រ ដែលធានាថា មិនមានការឆ្លងជំងឺកូវីដ-១៩ ជាពិសេសនៅតាមក្រុង-ស្រុក-ខណ្ឌ ដែលចាត់ទុកថាមា នសុវត្ថិភាព នៅតាមខេត្តមួយចំនួន ឬយ៉ាងហោច ណាស់ការរៀនជាបណ្ដុំចំនួនតិចជាង១៥ នាក់នៅតាមថ្នាក់រៀន នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលគ្មានការឆ្លងជំងឺ កវីដ-១៩»៕

សម្ដេច ទៀ បាញ់ អំពាវនាវវិស័យឯកជន រ៉ាប់រងថ្លៃ វ៉ាក់សាំងកូវីដ-១៩ ដោយខ្លួនឯង

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងវិស័យឯក ជនទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតភាពស៊ាំសហគមន៍ តាមរយៈរ៉ាប់រងថ្លៃវ៉ាក់សាំងកូវីដ-១៩ ដោយខ្លួនឯង។

សម្ដេច ទៀ បាញ់ លើកឡើងបែបនេះក្រោយពី រាជរដ្ឋាភិបាល បន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនប្រជាជនដោយឥតគិតថ្លៃ ដូចការចាក់វ៉ាក់សាំងនៅជុំទី១ដែរ។ ទន្ទឹមនេះ ដើម្បីបង្កើនល្បឿននៃការចាក់ វ៉ាក់សាំងដូសជំរុញនេះ ក៏ដូចជា ដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ រាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្ត ដល់ប្រជាជន និងវិស័យឯកជន ដែលមានលទ្ធភាពគ្រប់គ្រាន់ ឲ្យទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញាតឲ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩នេះ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា «សូមបងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាព ក៏ដូចជាវិស័យឯកជន ចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្កើតភាពស៊ាំសហគមន៍ តាមរយៈការរ៉ាប់រងថ្លៃវ៉ាក់សាំង ដើម្បីការពារអាយុជីវិតខ្លួន ក្រុមគ្រួសារ ញាតិមិត្ត និងសហគមន៍របស់យើង ពីជំងឺកូវីដ-១៩»។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១០,៨០១,៦៩១នាក់៕

អត្រាឆ្លង ជំងឺកូវីដ-១៩ នៅភ្នំពេញ ថយចុះ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ

ភ្នំពេញ៖ ការចាក់ស្រោចវ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែង របស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយ អនុគណៈកម្មការទាំង៣ បានធ្វើឲ្យការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញមានការថយចុះយ៉ាងខ្លាំង ពោលគឺបានថយចុះពីជាង១០០០នាក់ មកនៅជាង១០០នាក់ ហើយបន្តធ្លាក់មកនៅ ជាង៦០នាក់ ។

ការថយចុះនេះជាសញ្ញាដ៏ល្អមួយ ក្នុងការបើករាជធានីភ្នំពេញ ទៅជាធម្មតាឡើងវិញ ទាំងវិស័យទេសចរណ៍ និងសាលារៀន ។ នេះបើតាមការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ Video Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃទី០១ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយ ឈានទៅរក ការកាត់ផ្តាច់ ឲ្យបាននូវការរីករាលដាល នៃជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងខ្លួនថ្មី ដែលតា (Delta) ។

លោកឃួង ស្រេង លើកឡើងថា ការថមថយ នៃឆ្លងជំងឺកូវីដ-១៩នេះ ពិតជាបានមកពី ការស្រោចវ៉ាក់សាំង ជូនប្រជាលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែង របស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយ នឹងអនុគណៈកម្មការទាំង៣ ។

លោក ឃួង ស្រេង បន្តថា យើងបានអនុវត្តការងារ លើការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩នេះ បានល្អប្រសើរហើយ ។ ចំណែក អ្នកស្លាប់ដោយជំងឺកូវីដ-១៩ បានថយចុះពី៣០នាក់ មកនៅត្រឹម៦នាក់ ឬ២នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ។ ដែលនេះជាមោទនភាព របស់យើងទាំងអស់គ្នា ដែលយើងត្រូវតែខិតខំប្រឹងប្រែងបន្តទៀត៕

រាជរដ្ឋាភិបាល ទាត់ចោលសំណើទិញដីបឹង ជាង១ពាន់ហិកតា ក្នុងស្រុកល្វាឯម សម្រាប់អភិវឌ្ឍជាទីក្រុងរណប

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទាត់ចោលនូវសំណើ ទិញដីបឹងដែលមាន ទំហំ១០០០ ហិកតា នៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ។

ថ្មីៗនេះ ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល បានស្នើសុំរាជរដ្ឋាភិបាល ទិញដីបឹង ១០០០ ហិកតា ក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល សម្រាប់រៀបចំអភិវឌ្ឍ ជាទីក្រុងរណបបែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ។

យោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី ចេញផ្សាយនាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានឆ្លើយតបវិញថា «ត្រូវរក្សាទីតាំងដីដែលក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ ស្នើសុំទិញនោះជាផ្ទៃបឹងធម្មជាតិ សម្រាប់បម្រើប្រយោជន៍សាធារណៈ»។

រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ថា ចាំចាត់ត្រូវរក្សាទុកបឹងនេះ ហើយរកវិធីជីកឲ្យបានជ្រៅដើម្បីរក្សាទឹក ។ ជាពិសេស នោះ ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្ដាល ត្រូវបញ្ឈប់ការទទួល និងលើសំណើដីតំបន់នេះមកទៀត ៕

លោក ឃួង ស្រេង ឲ្យរៀបចំសាលារៀន ដើម្បីត្រៀមបើកវិញ ខណៈសាលាមួយចំនួនដាក់អ្នកជំងឺកូវីដ-១៩ នឹងបញ្ជូនទៅ ព្រីមៀរ សែនសុខ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត រៀបចំចាត់ចែង សំអាតអនាម័យ បរិស្ថានក្នុងសាលានានា នៅមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ខណៈសាលាមួយចំនួន ដែលដាក់អ្នកជំងឺកូវីដ-១៩ នឹងត្រូវបញ្ជូនទៅកន្លែងព្យាបាលអ្នកជំងឺនេះ នៅមជ្ឈមណ្ឌលព្រីមៀរ សែនសុខវិញ ។

ក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សា លើការរៀបចំបើកសាលារៀន ឲ្យដំណើរការឡើងវិញ តាម Video Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញាទៅនេះ លោក ឃួង ស្រេង លើកឡើងថា មកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ បានថមថយហើយ ដោយអាចបើកសាលារៀន ឲ្យសិស្សានុសិស្ស បានចូលរៀនវិញហើយ ពិសេសនៅកន្លែង ដែលមានហានិភ័យទាប ។ ដូច្នេះអាជ្ញាធរអាជ្ញាធរខណ្ឌទាំង១៤ ត្រូវដឹកនាំក្រុមការងារ ចុះសំអាតអនាម័យ បរិស្ថាន ជាមួយនឹងការបាញ់ថ្នាំ សម្លាប់មេរោគ នៅក្នុងទីតាំងសាលា ឲ្យបានស្អាត។

បន្ថែមពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងសុំអន្តរាគមន៍ពីកងទ័ព ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងសាលាបន្ថែមទៀត ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា សាលារៀនមួយចំនួន ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល យកជាទីតាំង សម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩ តែចាប់ពីពេលនេះតទៅ ត្រូវបញ្ជូនអ្នកជំងឺ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ ដូចជានៅទីតាំងរៀបអាពាហ៍ពិពាហ៍ ព្រីមៀរ សែនសុខជាដើម ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញ សារសម្លេងបន្ទាន់មួយ ដោយណែនាំឲ្យ ក្រសួង អប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បិពិនិត្យលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំ ការបើកសាលារៀនព្រមគ្នា នៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការ សុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕

នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈម សម្រាប់គ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមដ៏ចម្បង និងក្ដៅគគុក សម្រាប់មនុស្សជាតិទាំងមូល ជាពិសេស បង្កគ្រោះធម្មជាតិ ដូចជា គ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃ ជាដើម។

ក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងបរិការណ៍ដែលពិភពលោកទាំងមូល បាននិងកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការរៀបចំវេទិកានេះ គឺជាការក្រើនរំលឹកកុំឲ្យទាំងអស់គ្នា បំភ្លេចចោលនូវបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ដែលទាមទារឲ្យបន្តមានការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ តាមរយៈការគិតគូរជាប់ជានិច្ច ក្នុងការស្វែងរកដំណោះស្រាយសកលរួម។

សម្ដេចតេជោបន្ដថា ក្នុងបរិការណ៍ដែលបណ្តា ប្រទេសជាច្រើន បាននិងកំពុងគិតគូររៀបចំផែនការ ស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ការរៀបចំវេទិកានេះ នឹងបង្កើតជាកាលានុវត្តភាពដ៏ល្អមួយ ក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍថាមពលកាបូនទាប សំដៅ ដោះស្រាយបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន និងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

សម្ដេចតេជោ មានប្រសាសន៍ថា «ជាការពិត បញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជាពិសេស ការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមដ៏ចម្បង និងក្ដៅគគុក សម្រាប់មនុស្សជាតិទាំងមូល ដែលបន្តគំរាមកំហែង ដល់សុខភាពមនុស្ស សន្តិសុខស្បៀង ហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី ជារួម ជាពិសេសតាមរយៈការបង្កនូវគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃ ជាដើម»។

សម្ដេចតេជោ បន្ដថា ការណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីភាពចាំបាច់នៃ «ការធ្វើបដិវត្តថាមពល ឲ្យបានលឿន និងប្រកប ដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូន ច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាត, អាចកកើតឡើងវិញ និងមានប្រសិទ្ធភាពជាងមុន» ។

នាយករដ្ឋមន្រ្តីបន្តថា ជាមួយគ្នានេះ ការអភិវឌ្ឍថាមពលកាបូនទាប ដូចជា បច្ចេកវិទ្យាធ្យូង ថ្មស្អាត ការប្រើប្រាស់បច្ចេកវិទ្យាស្តុកទុកកាបូន ការប្រើបច្ចេកវិទ្យាផលិតអីដ្រូហ្សែនពីធ្យូងថ្ម ជាដើម នឹងក្លាយជាវិធីសាស្ត្រដ៏ចាំបាច់ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុក្នុងទ្រង់ទ្រាយធំ៕

លោក មុត ចន្ថា ៖ រដ្ឋាភិបាល រក្សាបឹង ១.០០០ ហិកតា នៅល្វាឯម ជាការសម្រេច ត្រឹមត្រូវ ដើម្បីប្រយោជន៍ សាធារណៈ និង មនុស្ស ជំនាន់ក្រោយ

ភ្នំពេញ ៖មនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា បានគាំទ្រចំណាត់ការរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចិត្តរក្សា ផ្ទៃបឹងចំនួន ១.០០០ហិកតា នៅស្រុកល្វាឯម ខេត្តកណ្តាល ។ ការសម្រេចរក្សាទុក នេះ ជាការអភិរក្សបឹងធម្មជាតិ ដើម្បីឧត្តមប្រយោជន៍សាធារណៈ ជាពិសេស ទុកឲ្យកូនចៅជំនាន់ក្រោយ។

លោកបានលើកឡើងក្នុង បណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២ កញ្ញាថា “នេះជាការសម្រេច ដ៏ត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ សាធារណៈ និងសម្រាប់ មនុស្សជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ ពីបឹងធម្មជាតិ”។

លោកបង្ហាញក្តីសង្ឃឹម យ៉ាងមុតមាំថា រាជរដ្ឋាភិបាល នឹងបន្តថែរក្សា និងអភិរក្សបឹងធម្មជាតិដទៃទៀត ។

យោងតាមលិខិតរបស់គណៈរដ្ឋមន្រ្តីចេញកាលពីថ្ងៃ២៧ សីហា ហើយផ្សាយ ជាសាធារណៈ កាលពីថ្ងៃ២ កញ្ញានោះ គឺរាជរដ្ឋាភិបាលកម្ពុជា បានទាត់ចោលនូវសំណើទិញដី បឹងដែលមាន ទំហំ១.០០០ហិកតា នៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណប បែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ៕

To Top