ភ្នំពេញ៖ លោក ស៊ុន ហួរ ចេញលិខិតស្រាយបំភ្លឺ និងបដិសេធ ប្រកាសច្រានចោលការចោទប្រកាន់ខុស ពីការពិត ដែលប្រឌិតអង្គហេតុបំភ្លៃការពិតពី សំណាក់ជនជាតិចិនឈ្មោះ ជី កានយូ ដែលធ្វើឲ្យប៉ះពាល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់លោក យ៉ាងខ្លាំង។
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ុន ហួរ សូមច្រានចោលព័ត័មាន ដែលចោទប្រកាន់ និងបំភ្លៃពីការពិត ពីសំណាក់ជនជាតិចិនលោក ជី កានយូ នាយកក្រុមហ៊ុន ធិដាប់បេលយូ លីស៊ីង ថេកណឡជី (TW LI XIN TECNOLOGY CO., TD) ដែលថា លោកគេចវេស តាមពិតមកពីជនជាតិចិននេះមិនប្រគល់ប្លង់ដីជូនគាត់វិញនោះទេ ហើយរងចាំការដោះស្រាយគ្រប់ពេលវេលា។
ក្នុងលិខិតបំភ្លឺ និងបដិសេធ លោក ស៊ុន ហួរ សូមធ្វើការបំភ្លឺ និងបកស្រាយជូនមហាជន ជៀសវាងការយល់ច្រលំ និងការចោទប្រកាន់ខុសពីការពិត ដែលប្រឌិតអង្គហេតុខុសពីការពិតរបស់ជនជាតិចិនឈ្មោះ ជី កានយូ នាយកក្រុមហ៊ុន ធីដាប់បេលយូ លីស៊ីន ថេកណឡជី (TW LI XIN TECNOLOGY CO., TD) ដែលបានទម្លាក់កំហុសមកលើខ្ញុំបាទតាមរយៈសារព័ត៌មានថា៖ បានលក់ដីខ្យល់ ហើយគេចវេសមិនព្រមប្រគល់ប្រាក់ចំនួន៦៦ម៉ឺនដុល្លារ (ហុកសិបប្រាំមួយម៉ឺនដុល្លារ) ដែលជាប្រាក់កក់ជូនលោក ជី កានយូ វិញ ដូច្នេះខ្ញុំសូមបកស្រាយជូនមហាជនដូចតទៅ៖
១. ខ្ញុំបាទមិនបានប្រព្រឹត្ដអំពើរំលោភទំនុកចិត្ត និងឆបោកចំពោះលោក ជី កានយូ នាយកក្រុមហ៊ុន ធីដាប់
បេលយូ លីស៊ីន ថេកណឡជី (TW LI XIN TECNOLOGY CO., TD) ដូចការចោទប្រកាន់ និងផ្សព្វផ្សាយតាម
រយៈសារព័ត៌មានមួយចំនួននោះទេ។
២.នៅដើមឆ្នាំ២០១៨ ខ្ញុំបាទសូមទទួលស្គាល់ថា ពិតជាបានចុះកិច្ចសន្យាទិញលក់ដីទំហំ ៥៨ម x ១៦០ម ស្មើនឹងទំហំ ៩២៨០ម២ (ប្រាំបួនពាន់ពីររយប៉ែតសិបម៉ែត្រការ៉េ) មានទីតាំងស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត
ព្រះសីហនុ ជាមួយនឹងលោក ជី កានយូ នាយកក្រុមហ៊ុន ធីដាប់បេលយូ លីស៊ីន ថេកណឡជី (TW LI XIN TECNOLOGY CO., TD) ក្នុងតម្លៃ៣៥៥/ម២ ពិតប្រាកដមែន។ ខ្ញុំបាទបានទទួលប្រាក់ចំនួន២លើក មួយលើកចំនួន៣៣០,០០០$ (សាមសិបបីម៉ឺនដុល្លារ) សរុបទាំង២លើកស្មើនឹងចំនួន ៦៦០,០០០$ (ហុកសិបប្រាំមួយម៉ឺនដុល្លារ)។ ខ្ញុំបាទហ៊ានទទួលប្រាក់កក់នេះ គឺដោយសារខ្ញុំជាម្ចាស់ដី ហើយសំអាងទៅលើលិខិតប្រគល់សិទ្ធកាន់កាប់បន្ដ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ និងមានក្នុងប្លង់បង្ហាញទីតាំងដីរបស់ឈ្មោះ ង៉ែត សារិន ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៦។ ក្នុងការទិញដីលក់ គឺទុករយៈពេល១ឆ្នាំ ដើម្បីធ្វើប្លង់កម្មសិទ្ធផ្អែកលើលិខិតប្រគល់សិទ្ធកាន់កាប់បន្ដ ចុះថ្ងៃទី០៧ ខែកក្កដា
ឆ្នាំ២០១៧ និងអាចពន្យារយៈពេល០៦ខែ។
៣.ដើម្បីជាទំនុកចិត្តនៅក្រោយពេលប្រគល់ប្រាក់លើកទី១ ចំនួន៣៣០,០០០$ (សាមសិបបីម៉ឺនដុល្លារ) រួចរាល់គឺភាគីអ្នកទិញបានឲ្យខ្ញុំបាទ ដាក់ទ្រព្យធានា ដែលទ្រព្យទាំងនោះរួមមាន៖
៣.១- វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ៖ ១៨០១០២០៣-០៤០៣ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥
មានទំហំ ៩៦១ម២ ។ (ដីនេះមានតម្លៃ២,៥០០$ ក្នុងមួយម៉ែត្រការ៉េ)
៣.២- វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ៖ ១៨០៣០៣០៣-០៣៧៦ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦
មានទំហំ១៩៦៧ម២។ (ដីនេះមានតម្លៃ២,០០០$ ក្នុងតម្លៃមួយម៉ែត្រការ៉េ)
៣.៣- ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីទំហំ២២ហិកតា ស្ថិតនៅភូមិ២៣ សង្កាត់កោះរ៉ុងសន្លឹម ចុះថ្ងៃទី០៥
ខែឧសភា ឆ្នាំ២០១៧។ (ដីនេះមានតម្លៃ១០០$ ក្នុងមួយម៉ែត្រការ៉េ)
៣.៤- កិច្ចសន្យាលក់ផ្ដាច់ដី ១០០ម x ៣០០ម ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១១។ (ដីនេះមានតម្លៃ៥០០$ ក្នុងមួយម៉ែត្រការ៉េ)
៣.៥- កិច្ចសន្យាលក់ផ្ដាច់ដីទំហំ ៦០,៣៩៨ម៉ែត្រការ៉េ (២០០ម x ២៨៧ម) ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុក
ព្រៃនប់ ខេត្តព្រះសីហនុ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៧។ (ដីនេះមានតម្លៃ២០០$ ក្នុងមួយម៉ែត្រការ៉េ)
៤. ដោយសារតែឈ្មោះ ង៉ែត សារិន ហៅ យូ ណារិន មិនបានសហការបំពេញកិច្ចធ្វើប្លង់កម្មសិទ្ធធ្វើប្លង់កម្មសិទ្ធឲ្យខ្ញុំបាទ ទើបខ្ញុំបានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តព្រះសីហនុ និងបន្ដរហូតដល់តុលាការកំពូល ចុងក្រោយតុលាការកំពូលសម្រេចជាស្ថាពរ ដូចមានក្នុងសាលដីការលេខ ១៥៤ “ញ” ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មានលិខិតលេខ៣០៣/តកក-ករណ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បញ្ជាក់ពីការចូលជាស្ថាពរនៃសាលដីការ និងលិខិតលេខ
៣៤៨/១៩តកក-សរណ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ដីពីរូបមន្ដអនុវត្តសាលដីការទៀតផង។
៥. ពាក់ព័ន្ធនឹងដីដែលខ្ញុំបាទលក់ឲ្យអ្នកទិញខាងលើ គឺខ្ញុំបាទបានប្រមូលទិញតាមរយៈឈ្មោះ យូ ណារិន ហៅ ង៉ែត សារិន ដោយតុលាការក៏បានទទួលស្គាល់ពីការទិញលក់របស់ខ្ញុំបាទ និងទទួលស្គាល់លិខិតប្រគល់សិទ្ធកាន់កាប់លិខិតប្រគល់សិទ្ធកាន់កាប់បន្ដ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។ នៅក្នុងចំណាត់ការនីតិវិធីតុលាការនាពេលកន្លងមក រហូតទទួលបានសាលាក្រម និងសាលដីការខាងលើនេះ គឺខ្ញុំបាទតែងតែជូនដំណឹងទៅភាគីអ្នកទិញជានិច្ច ដោយបានផ្ដល់ឯកសារសម្រេចរបស់តុលាការឲ្យដឹងទៀតផង។ ចំពោះការយឺតយ៉ាវពេលវេលាខុសពីការកំណត់ក្នុងកិច្ចសន្យា គឺខ្ញុំបាទតែងតែទំនាក់ទំនង នឹងបានមកជួបតាមការណាត់ជួបរបស់ភាគីអ្នកទិញ ដោយបង្ហាញហេតុផលខាងលើនេះឲ្យអ្នកទិញបានដឹងលឺទៀតផង។
៦. ខ្ញុំបាទពិតជាមិនបានរំលោភទំនុកចិត្ត និងឆបោកចំពោះដើមបណ្ដឹងទាល់តែសោះ ហើយខ្ញុំបាទពិតជាបានបញ្ជាក់ថា ខ្ញុំបាទគឺពិតជាម្ចាស់ដីស្របច្បាប់ ដែលមានក្នុងប្លង់បង្ហាញទីតាំងដីរបស់ឈ្មោះ ង៉ែត សារិន ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៦ និងលិខិតប្រគល់សិទ្ធកាន់កាប់បន្ដ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។ ចំពោះការចោទប្រកាន់ថា ខ្ញុំបាទមិនបានសហការ ហើយគេចវេស គឺមិនត្រឹមត្រូវឡើយ ពីព្រោះខ្ញុំតែងតែផ្ដល់ដំណឹង និងឯកសារនានាឲ្យភាគីអ្នកទិញជានិច្ច និងពេលខ្លះផ្ដល់តាមរយៈឈ្មោះ PAUL UNG ជាអ្នកនាំខ្ញុំបាទឲ្យស្គាល់ភាគីអ្នកទិញទៀតផង។ បើខ្ញុំបាទពិតជាមានចេតនាមិនល្អ ដូចការប្ដឹងចោទប្រកាន់ខាងលើនេះមែន នោះខ្ញុំបាទពិតជាមិនព្រមប្រគល់ទ្រព្យដាក់បញ្ចាំទាំងអស់ខាងលើដែលមានតម្លៃរាប់លានដុល្លារអាមេរិក ឲ្យដើមបណ្ដឹងរក្សាទុក ដើម្បីធានាប្រាក់ដំណាក់កាលទី១ និងទី២ សរុបត្រឹម ៦៦០,០០០$ (ហុកសិបប្រាំមួយម៉ឺនដុល្លារអាមេរិក)។
៧. ពាក់ព័ន្ធនឹងរឿងប្ដឹងចោទប្រកាន់ខាងលើ គឺកើតចេញពីទំនាក់ទំនងកិច្ចសន្យាទិញលក់ដី ដែលជារឿង
រដ្ឋប្បវេណីសុទ្ធសាធ ហេតុនេះខ្ញុំបាទសូមឲ្យភាគីលោក ធីដាប់បេលយូ លីស៊ីន ថេកណឡជី (TW LI XIN TECNOLOGY CO., TD) ប្រគល់ឯកសារដីច្បាប់ដើមទាំងអស់ខាងលើនេះឲ្យខ្ញុំបាទវិញ ទើបខ្ញុំបាទយល់ព្រមប្រគល់ប្រាក់ចំនួន៦៦០,០០០ដុល្លារ (ហុកសិបប្រាំមួយម៉ឺនដុល្លារ) ឬកាត់យកដីតាមចំនួនទឹកលុយជាក់ស្ដែង។
អាស្រ័យហេតុនេះសូមសាធារណៈជន និងអ្នកសារព័ត៌មាន ជ្រាបជាព័ត៌មាន ហើយពិចារណា ដោយខ្ញុំបាទពុំបានគេចវេសទៅកន្លែងណានោះទេ ដោយខ្ញុំបាទនៅតែទទួលឯកសារដីដែលកម្មសិទ្ធខ្ញុំបាទមកវិញតែប៉ុណ្ណោះ ហើយករណីតុលាការក៏បានដង្កល់រឿងឥតចាត់ការផងដែរ៕
ដោយ: សយ សុភា