ព័ត៌មានជាតិ

មន្រ្តីសាលារាជធានីភ្នំពេញ ជាច្រើននាក់ទៅចាក់វ៉ាក់សាំងដូសទី៣ នៅថ្ងៃដំបូង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូង នៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញសំរាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិករដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ (ស្វាមីឬភរិយា) នៅក្នុងរាជធានីភ្នំពេញ បានសម្រុកមកចាក់វ៉ាក់សាំងនេះ តាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ យ៉ាងច្រើនកកកុញ ជាមួយរក្សាគម្លាតសុវត្ថិភាពបានល្អប្រសើរ ។


លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក្នុងសកម្មភាពចុះពិនិត្យទីតាំង ចាក់វ៉ាក់សាំង នៃមណ្ឌលសុខភាពផ្សារដើមថ្កូវ ខណ្ឌចំការមន បានឲ្យដឹងថា នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ មានមន្ត្រីរាជការ គ្រូបង្រៀន និង បុគ្គលិកចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ បានទៅចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាច្រើននាក់ ។ ស្របពេលនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដុសជំនួញ សម្រាប់មន្ត្រីរាជការនេះ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ក៏បានទទួលការចាក់វ៉ាក់សាំង ជូនយុវវ័យដែលមានអាយុពី ១២ឆ្នាំទៅ១៧ឆ្នាំ ចាក់សាំងដូសទី២ផងដែរ ។

លោក ថេង សុថុល ក៏បានបញ្ជាក់ផងដែរថា មន្ត្រីរាជការចំណុះ ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមចាក់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៩កញ្ញា ហើយសម្រាប់ប្រជាពលរដ្ឋ ដែលមានអាយុ៦០ឆ្នាំឡើងទៅ នឹងចាប់ផ្ដើមចាក់ដុសទី៣ ឬដុសជម្រុញនៅថ្ងៃទី៩រហូតដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២១។

លោកអភិបាលខណ្ឌចំការមន ក៏បានសូមអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ រួសរាន់ទៅទទួលការចាក់វ៉ាក់សាំង តាមការបែងចែក និងការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយវ៉ាក់សាំងនេះជា វ៉ាក់សាំងដែលបានមកពី ការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីឱ្យបងប្អូនជៀសផុត ពីការឆ្លងរាលដាលជំងឺ-១៩។

គួរបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ កញ្ញា គឺបានជំរុញអោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ (ស្វាមី ឬភរិយា) និងប្រជាពលរដ្ឋ ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និង ដួសទី២រួចរាល់ សូមមកទទួលការចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៣ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ តាមកម្មវិធី និងទីកន្លែងដែល បានកំណត់ ដោយភ្ជាប់មកជាមួយ រួមមាន (១) ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ (២) ប័ណ្ណ សម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក និង (៣) អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការ ចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌ នៃការទទួលបានវ៉ាក់សាំងដូសជំរុញ របស់ពួកគាត់ដែលបាន ចាក់វ៉ាក់សាំង ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាត រយៈពេលចាប់ពី ០៤ (បួន) ទៅ ០៦ (ប្រាំមួយ) ខែឡើង បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន៕

To Top