នយោបាយ

លិខិតមិត្តអ្នកអាន៖ តើការព្យាយាម ស្វែងរកប្រភព នៃវីរុសកូវីដ-១៩ របស់សហរដ្ឋអាមេរិក ដើម្បីអ្វី?

សហរដ្ឋអាមេរិក បានព្យាយាមម្ដងហើយ ម្ដងទៀតក្នុងការស្វែងរកប្រភព នៃវីរុសកូវីដ-១៩ ដោយផ្អែកទៅលើការសន្និដ្ឋានមួយ គឺវីរុសនេះ បានលេចធ្លាយចេញពីមន្ទីពិសោធន៍ នៃទីក្រុងវូហាន ប្រទេសចិន ទោះបីជាមានការជំទាស់ និងបដិសេធពីប្រទេសចិនក្ដី ទាក់ទងទៅនឹងការសន្និដ្ឋាន ឬទ្រឹស្ដីនៃការផ្ទុះចេញ ពីមន្ទីពិសោធន៍របស់ខ្លួន។

ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពីប្រភពនៃវីរុសនេះផងដែរថា ភាគរយតិចតួចណាស់ ដែលជំងឺនេះ គឺបង្កើតឡើងដោយមនុស្ស ប៉ុន្តែវាមានភាគរយខ្ពស់ ក្នុងការឆ្លងពីសត្វច្រើនជាង។

នាពេលថ្មីៗនេះប្រធានាធិបតី នៃសហរដ្ឋអាមេរិកលោក Joe Biden បានកំណត់ពេលវេលាជាថ្មីម្ដងទៀត សម្រាប់ក្រុមស្រាវជ្រាវរបស់ខ្លួន ឱ្យសិក្សាស្រាវជ្រាវសារជាថ្មីម្ដងទៀត ដោយតម្រូវឱ្យធ្វើសេចក្ដីរាយការណ៍ ជូនលោកវិញក្នុងរយៈពេល ៩០ថ្ងៃ ស្ដីពីប្រភពនៃវីរុសកូវីដ-១៩។

គួរឱ្យកត់សម្គាល់ផងដែលថា បន្ទាប់ពីលោក Joe Biden បានចូលមកធ្វើជា ប្រធានាធិបតី បន្ទាប់ពីយកឈ្នះ ដោយសម្លេងឆ្នោត ទៅលើលោក Donald Trump គឺលោកបានព្យាយាមសាកសួរ អំពីបញ្ហានេះម្ដងរួចមកហើយ ប៉ុន្តែក្រុមស្រាវជ្រាវ មិនអាចបង្ហាញភស្តុតាងណាមួយ ទាក់ទងទៅនឹងមន្ទីពិសោធន៍ នៃប្រទេសចិននោះឡើយ ទោះបីជាខណៈពេល ដែលលោក Donald Trump នៅជាប្រធានាធិបតី បានធ្វើការចោទប្រកាន់ជាខ្លាំង ទៅលើប្រទេសចិន ព្រមទាំងទាមទារឱ្យប្រទេសចិន សងទៅផលប៉ះពាល់ នៃជំងឺរាតត្បាតនេះទៀតផង។

ដូច្នេះហើយតើការស្រាវជ្រាវបន្ថែម ត្រឹមរយៈពេល ៩០ ថ្ងៃបន្ថែមនេះយើងអាចជឿជាក់ បានដល់កម្រិតណា? តើសហរដ្ឋអារមេរិក កំពុងស្វែងរកការពិត ឬស្វែងរកមូលហេតុណាមួយ ដើម្បីបំពេញទ្រឹស្ដីរបស់ខ្លួន ដែលចោទប្រកាន់ថា ប្រភពនៃវីរុសនេះផ្ទុះចេញ ពីមន្ទីពិសោធន៍ នាទីក្រុងវូហាន? សកម្មភាពទាំងនេះ តើសហរដ្ឋអាមេរិក ធ្វើដើម្បីសុខាមាលភាពពិភពលោក ឬដើម្បីគេងចំណេញ នយោបាយរបស់ខ្លួន?

ស្របពេលជាមួយគ្នានេះដែរ ភាគីចិនក៏បានសម្ដែងនូវការមិនពេញចិត្ត ចំពោះទង្វើទាំងនេះ ហើយបានលើកឡើង អំពីការគាំទ្រទៅលើការត្រួតពិនិត្យ ពេញលេញលើមូលដ្ឋានសម្ងាត់ និងមន្ទីពិសោធន៍ជីវសាស្រ្តនានា ទូទាំងសកលលោក រួមទាំងនៅក្នុងសហរដ្ឋអាមេរិក ផងដែរ។ យោងតាមសេចក្ដីរាយការណ៍ របស់ទីក្រុងប៉េកាំង គេបានសង្គត់ធ្ងន់ថា ជំងឺរាតត្បាតកូវីដ-១៩ នេះអាចនឹងមានប្រភពចេញ ពីមន្ទីពិសោធន៍នៃសហរដ្ឋអាមេរិក ផងក៏ថាបាន។

ទោះបីជាយ៉ាងណាក្ដីប្រភព នៃមេរោគពិតប្រាកដ គឺមិនទាន់ត្រូវបានរកឃើញ នៅឡើយទេដោយមានត្រឹមតែ ការសន្និដ្ឋានប៉ុណ្ណោះ ចំពោះបញ្ហានេះដែរ ត្រូវបានអ្នកជំនាញជឿថា មិនងាយនឹងស្វែងរកការពិត នៃជំងឺនេះបានឡើយ ដរាបណាប្រទេសចិន មិនចូលរួមសហការណ៍ ហើយត្រូវបានគេជឿថា ការចម្លងចេញពីមន្ទីពិសោធន៍ នៃប្រទេសចិន គឺមិនទំនង និងស្ទើរតែមិនអាចទៅរួចឡើយ។

សូមរំលឹកផងដែរថា កាលពីដើមឆ្នាំនេះអង្គការ សុខភាពពិភពលោក (WHO) បានចេញរបាយការណ៍មួយ រួមជាមួយចិន ស្ដីអំពីដើមកំណើត នៃជំងឺកូវីដ-១៩ ដែលបានលើកឡើងថា ឱកាសនៃការចាប់ផ្តើម នៅក្នុងមន្ទីរពិសោធន៍គឺ“ មិនទំនងទាល់តែសោះ”។

លើសពីនេះទៅទៀត លោក Liang Wannian បានលើកឡើងថា ជំងឺរាតត្បាតនេះទំនងនឹងកើតមានឡើង មុននឹងមានវត្តមាន នៅទីក្រុងវូហានទៅទៀត។ អ្នកជំនាញនៃអង្គការសុខភាព ពិភពលោក Peter Daszak បានមានប្រសាសន៍ថា ការស្វែងរកនៃប្រភព នៃមេរោគអាចនឹងផ្ដោតទៅលើ តំបន់ផ្សេងវិញដោយផ្ដោតសំខាន់ ទៅលើខ្សែសង្វាក់ផលិតកម្ម។

ក្រុមមន្រ្តីអង្គការសុខភាពពិភពលោក ក្នុងទីក្រុងវូហាន កាលពីដើមឆ្នាំ២០២០

អ្នកវិទ្យាសាស្រ្តជាច្រើន បានធ្វើការបដិសេដ និងមិនគាំទ្រទៅលើទ្រឹស្ដី នៃការលេចធ្លាយវីរុស ចេញពីមន្ទីពិសោធន៍ នាទីក្រុងវូហាន ហើយថែមទាំងបានចោទថា ការលើកឡើងបែបនេះ ដោយសហរដ្ឋអាមេរិក គឺមានពំនោលទាក់ទង ទៅនឹងផលប្រយោជន៍ នយោបាយ ជាជាងស្វែងរកការពិត ដែលជាផលប្រយោជន៍ របស់ពិភពលោក។ ជាក់ស្ដែងលោក Sir Jeremy Farrar ដែលជាប្រធាននៃ Wellcome Trust ជាមនុស្សម្នាក់ ដែលមានមន្ទិលសង្ស័យ ទៅលើការលេចធ្លាយចេញ នៃវីរុសនេះ ពីមន្ទីពិសោធន៍ របស់ប្រទេសចិន ប៉ុន្តែក្រោយមកបន្ទាប់ ពីលោកបានធ្វើការពិភាក្សា និងស្រាវជ្រាវ ជាមួយក្រុមស្រាវជ្រាវជាច្រើន លោកបានផ្លាស់ប្ដូរ ទស្សនៈរបស់លោកទាំងស្រុង ដោយលោកជឿជាក់ថា វាជាបុព្វហេតុធម្មជាតិ ព្រមទាំងបានលើកឡើង ក្នុងសៀវភៅថ្មីមួយ របស់លោកថា “ ដូចអ្វីដែលបច្ចុប្បន្ន កំពុងឈរ ភស្តុតាង បានបង្ហាញយ៉ាងច្បាស់ថា ជំងឺកូវីដ-១៩ បានកើតឡើង បន្ទាប់ពីព្រឹត្តិការណ៍ លេចធ្លាយធម្មជាតិ” នេះបើយោងតាមគេហទំព័រ The Guardian។ គួរឱ្យចាប់អារម្មណ៍ផងដែរថា ការលើកឡើងរបស់លោក បានទទួលការគាំទ្រ ដោយសាស្រ្តាចារ្យ James Wood មកពីសាកលវិទ្យាល័យ ខេមប្រីដផងដែរ។

ខណៈពេលដែលអ្នកវិទ្យាសាស្រ្តជាច្រើន បានយល់ស្របគំនិតជារួមថា ទស្សនៈដែលគិតថាប្រភពនៃមេរោគ ដែលកើតចេញពីមន្ទីពិសោធន៍ គឺមិនទំនងព្រមទាំង មិនលើកទឹកចិត្ត ឱ្យសិក្សាបន្តទៀត ផ្ទុយទៅវិញសហរដ្ឋអាមេរិក ដែលបានបរាជ័យ ក្នុងការរកភស្តុតាងម្ដងហើយម្ដងទៀតនោះ នៅតែព្យាយាម រកភស្ដុតាងបន្ថែមទៀត រាប់ចាប់តាំងពីរដ្ឋបាលលោក Donald Trump រហូតមកដល់រដ្ឋបាល ប្រធានាធិបតីថ្មី លោក Joe Biden។

តើចេតនានៃការស្វែងរកនេះ ដើម្បីរកការពិត ឬដើម្បីយកមកបំពេញ នូវចំណុចខ្វះខាតរបស់ខ្លួន ក្នុងការបំពេញទ្រឹស្ដី ដែលជាផលប្រយោជន៍ នយោបាយ? ការព្យាករណ៍នេះ គឺមិនអាចទទួលយកបានឡើយ បើមិនមានការចូលរួម ពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសនោះគឺ ប្រទេសសាម៉ី។ ប្រសិនបើសហរដ្ឋអាមេរិក បន្តធ្វើសកម្មភាពដោយឯកតោភាគី បែបនេះបន្តទៀត គឺមិនបានបង្ហាញពីតម្លាភាព និងភាពចុះសម្រុងគ្នានោះឡើយ ដែលមិនបានធ្វើឱ្យស្ថានការណ៍ ល្អប្រសើរនោះឡើយ ផ្ទុយទៅវិញ វានឹងនាំទៅឱ្យមានឱនភាព នៃពហុភាគីនិយម តែប៉ុណ្ណោះ។

នៅកាលៈទេសៈនេះការរួបរួមគ្នា នៃសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ គឺពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសនោះ រវាងមហាអំណាចទាំងពីរ ហើយការយកនយោបាយ មកលាយលំជាមួយបញ្ហានេះ នេះពិតជាមិនអាចទទួលយក បាននោះឡើយ៕ រៀបរៀងដោយ៖ Yim Samphea

To Top