ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ប្រជុំជាមួយ ភាគីពាក់ព័ន្ធ មុនឈានដល់ ការបើកសាលា គោលដៅ មុនគេឡើងវិញ

កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តកណ្ដាលដែលមានហានិភ័យទាប មុនដល់ការបើកសាលារៀន រដ្ឋ និងឯកជនដែលជាសាលាគោលដៅសាកល្បងមុនគេ ឡើងវិញ ។

លោក គង់ សោភ័ណ្ឌ បានថ្លែងថា «ដើម្បីត្រៀមបើកសាលាឡើងវិញ រដ្ឋបាលខេត្ត នឹងជ្រើសរើសយកសាលា ដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ ដើម្បីបើកដំណើរការសាកល្បងមុនគេ និងឈានទៅបើកសាលាបន្តបន្ទាប់ យោងតាមស្ថានភាពសមស្រប»។

លោកអភិបាលបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរអប់រំ និងអាជ្ញាធរ មុននឹងបើកសាលាសាកល្បងឡើងវិញ ត្រូវអនុវត្តទៅតាមនីតិវិធីស្តង់ដារប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា ៖ទី១-ធ្វើសំណាកតេស្តវិភាគរកជំងឺកូវីដ-១៩ យ៉ាងទៀងទាត់ចំពោះសិស្ស និងគ្រូ ដើម្បីធានាថា ការបើកសាលាសាកល្បងឡើងវិញរបស់យើង មិនមានហានិភ័យនៃការឆ្លងជំងឺនេះ។

ទី២-ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានទទួលការចាក់វ៉ាក់សាំងទាំងពីរដូស រួចរាល់ទើបអនុញ្ញាតឲ្យចូលរៀន និងចូលបង្រៀន។ ចំពោះសិស្ស និងគ្រូដែលមិនបានចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យចូលរៀន និងបង្រៀននោះទេ ប្រសិនបើមិនមានការបញ្ជាក់ហេតុផលច្បាស់លាស់ ។

និងទី៣-ត្រូវមានម៉ាស៊ីនវាស់កម្តៅ អាល់កុល ឬជែល កន្លែងលាងសម្អាតដៃដាក់នៅតាមមុខថ្នាក់រៀន ដើម្បីឲ្យសិស្ស និងគ្រូលាងសម្អាតដៃមុនពេលចូលសាលា និងត្រូវរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គមជាចំបង ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣ការពារ និង៣កុំ ៕

To Top