ព័ត៌មានជាតិ

អាជ្ញាធរត្រៀម យានជំនិះជាង ១៧០០គ្រឿង ជួយពលរដ្ឋ ពេលជួបគ្រោះទឹកជំនន់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចរាល់ នូវឧបករណ៍សង្គ្រោះបន្ទាន់ និងយានជំនិះផ្សេងៗ ជាង១៧០០គ្រឿង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលអាចនឹងជួបបញ្ហា គ្រោះមហន្តរាយដោយទឹកជំនន់ ក្នុងរដូវវស្សា នៅឆ្នាំ២០២១នេះ ។

ក្នុងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រង គ្រោះមហន្តរាយ ក្នុងខែសីហា និងទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ក្រុមការងារ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការពិនិត្យតាមដានជាប្រចាំ អំពីស្ថានភាពអាកាសធាតុ ដែលងាយបង្កឲ្យមានជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ជាពិសេសនៅតំបន់ភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រ ។

របាយការណ៍បន្តថា ក្រុមការងារកំពុងពិនិត្យផ្ទៀងផ្ទាត់ តំបន់ភូមិសាស្រ្ត តាមដងទន្លេមេគង្គ សម្រាប់ការត្រៀមលក្ខណៈ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះគ្រោះទឹកជំនន់ទន្លេមេគង្គ ហើយនឹងពង្រឹង-ពង្រីកការងារ ក្នុងប្រព័ន្ធព័ត៌មាន គ្រប់គ្រងគ្រោះមហន្តរាយ មានប្រព័ន្ធ១២៩៤ និងប្រព័ន្ធ PRISM ដោយមានកិច្ចសហការ ជាមួយអង្គការដៃគូ សម្រាប់ឆ្លើយតប និងអន្តរាគមន៍ជួយសង្គ្រោះ ។

របាយការណ៍បញ្ជាក់ថា “ក្នុងនោះបានត្រៀមរថយន្តធំចំនួន ១ ២០៦គ្រឿង, អូប័រ១៧៩គ្រឿង និងកាណូតល្បឿនលឿនចំនួន ៣២០គ្រឿង សម្រាប់ជួយសង្គ្រោះ ពលរដ្ឋរងការប៉ះពាល់​ ដោយគ្រោះមហន្តរាយទឹកជំនន់ ក្នុងរដូវវស្សាឆ្នាំនេះ”។

គួរបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបានទទួលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានរាជធានី និងខេត្តទាំង២៤ ក្នុងនោះខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ រងគ្រោះធ្ងន់ បង្កឲ្យមានមនុស្សស្លាប់ ចំនួន ៥៨នាក់ ពលរដ្ឋរងផលប៉ះពាល់ចំនួន ២២២ ៨៩២គ្រួសារ និងពលរដ្ឋជម្លៀសសរុបចំនួន ១៧ ៥១៧គ្រួសារ ៕

To Top