ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឲ្យដឹងថា ស្ដ្រីមានផ្ទៃពោះ ឬស្ដ្រីកំពុងបំបៅកូន អាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បាន ដូចគេឯង ប្រសិនបើមានសុខភាពល្អធម្មតា ។
ការលើកឡើងរបស់ លោកស្រី ឱ វណ្ណឌីន ក្រោយពីមានប្រជាពលរដ្ឋមួយ ចំនួនងឿងឆ្ងល់ថា ស្ដ្រីមានផ្ទៃពោះ ឬកំពុងបំបៅកូនដោយទឹកដោះ តើអាចចាក់វ៉ាក់សាំងកូវីដ-១៩ បានឬទេ?
ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ នៅខេត្តកណ្ដាល ជូនពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «ស្ដ្រីមានផ្ទៃពោះ ហើយស្ដ្រីបំបៅកូនដោយទឹកដោះនេះ ប្រសិនបើគាត់មានសុខភាពធម្មតា គាត់អត់មានជំងឺដង្កាត់អីទេ ហើយគាត់ស្ម័គ្រចិត្តចង់ចាក់ គឺគាត់អាចទៅទទួលការចាក់វ៉ាក់សាំងនេះបាន មិនថាពេលណា មិនថាខែណា ឲ្យតែគាត់ស្រួលខ្លួន ហើយគាត់ចង់ចាក់ សូមអញ្ជើញមកចាក់»។
លោកស្រីបានរំលឹកថា កាលពេលមុនមានការណែនាំ ចំពោះស្ដ្រីមានផ្ទៃពោះ ឬស្ដ្រីបំបៅកូនដោយទឹកដោះ មិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បានឡើយ ដោយសារមិនទាន់ មានការសិក្សាច្បាស់លាស់ ប៉ុន្តែបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក មានការសិក្សាយ៉ាងច្បាស់ថា ស្ដ្រីមានផ្ទៃពោះ ឬស្ដ្រីបំបៅកូនដោយទឹកដោះ អាចវ៉ាក់សាំងបាន ។
លោកស្រីរដ្ឋលេខាធិការ ក៏បានណែនាំពលរដ្ឋកុំរើសអើង ប្រភេទវ៉ាក់សាំងកូវីដ-១៩ ព្រោះ វ៉ាក់សាំងទាំងអស់ សុទ្ធតែមានគុណភាពដូចៗគ្នា។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ១១,៣២៨,៣៩៣នាក់៕