នយោបាយ

លោក ឥន សុផល៖ តើនរណាអាចក្លាយ ទៅជាម្ចាស់គម្រោង ព្រែកជីក Kra Canal?

ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្រ្តនយោបាយ បានចោទជាសំនួរថា តើនរណាអាចក្លាយ ទៅជាម្ចាស់គម្រោងព្រែកជីក Kra Canal? ។

ការលើកឡើង របស់លោក ឥន សុផល បែបនេះ ស្របពេលដែល ទីប្រឹក្សារដ្ឋនិង ជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី បានបំពេញទស្សនកិច្ច នៅកម្ពុជា និងប្រទេស៣ផ្សេងទៀត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៥ កញ្ញា ឆ្នាំ២០២១នេះ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ឥន សុផល បានលើកឡើងយ៉ាងដូច្នេះថា «តើសុបិនជិតក្លាយជាការពិត ឬក៏សុបិននៅតែជាសុបិន? តើនរណាអាចក្លាយ ទៅជាម្ចាស់គម្រោងព្រែកជីក Kra Canal?»។

លោក ឥន សុផល បានរំលឹកថា Kra Isthmus គឺជាទឹកដីខ្មែរសម័យអង្គរ និងជាតំបន់ពាណិជ្ជកម្មអន្តរជាតិ ភ្ជាប់ពីខេត្តលោកបុរីទៅម៉ាឡាយូ, ជ្វា និងឥណ្ឌា។

លោក បន្ថែមថា ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសចិន មកកម្ពុជា គឺបានបង្ហាញយ៉ាងច្បាស់ ឱ្យអន្តរជាតិឃើញថា កម្ពុជាមិននៅឯកោនោះទេ។ កម្ពុជាគឺជាចំណតទី១ ប្រសិនបើចិន ដណ្តើមបានគម្រោងព្រែកជីក Kra Canal នៅថៃភាគខាងត្បូង ហើយគម្រោងនេះ នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា ជាច្រើនបន្ទាប់ពីប្រទេសថៃ។

លោក ក៏បានឱ្យដឹងផងដែរថា គម្រោងព្រែកជីក Kra Canal នេះ បានធ្វើឱ្យប៉ះពាល់ ស្ទើរតែទាំងស្រុង ទៅលើសេដ្ឋកិច្ច សិង្ហបុរីនិងម៉ាឡេស៊ី ដែលធ្លាប់ទទួលបាន ប្រយោជន៍ពាណិជ្ជកម្ម ពីនាវាឆ្លងកាត់ ពីមហាសមុទ្រឥណ្ឌា មកសមុទ្រចិនខាងត្បូង កាត់តាមច្រកម៉ាឡាកា ។ ដោយសារគម្រោងព្រែកជីក Kra Canal នឹងអាចជំរុញឱ្យសេដ្ឋកិច្ចថៃ ស្ទុះឡើងយ៉ាងខ្លាំង ហេតុនេះនៅឆ្នាំ២០០២ រដ្ឋបាលរបស់លោក តាក់ស៊ីន បានអនុម័តបង្កើត គណៈកម្មាធិការសិក្សា ទៅលើគម្រោងព្រែកជីក Kra Canal ប្រវែង១៣៥ គម. ជាមួយក្រុមហ៊ុនចិន។

លោក ឥន សុផល បានលើកឡើងចោទជាសំនួរថា «តើជារឿងចៃដន្យទេថា នៅពេលរដ្ឋបាល របស់លោកតាក់ស៊ីន អនុម័តឱ្យសិក្សាលើគម្រោង សាងសង់ព្រែកជីកនេះ ជាមួយក្រុមហ៊ុនចិន ត្រូវបានរដ្ឋប្រហារ ទម្លាក់លោក នៅឆ្នាំ២០០៦ គម្រោងនេះត្រូវបានពន្យាពេល។ នៅឆ្នាំ២០១៣ រដ្ឋបាលរបស់លោកស្រី យីងឡាក់ បានសើររើគម្រោងសាងសង់ព្រែកជីកនេះជាមួយចិនឡើងវិញ ក៏ត្រូវបានរដ្ឋប្រហារយោធានៅឆ្នាំ២០១៤ម្តងទៀត»។

លោកបន្តថា តើព្រែកជីក Kra Canal ជាលាភ ឬក៏ជាគ្រោះសម្រាប់ប្រទេសថៃ? ហេតុនេះហើយទើបគម្រោងនេះ ស្ថិតនៅក្នុងការប្រទាញ ប្រទង់គ្នាយ៉ាងស្វិតស្វាញរវាងប្រទេស មហាអំណាចចិន, សហរដ្ឋអាមេរិក, ឥណ្ឌា និងអូស្ត្រាលី។ បច្ចុប្បន្នក្រុមហ៊ុនចំនួន៣០ កំពុងមានចំណាប់អារម្មណ៍ និងយល់ព្រមគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការសាងសង់គម្រោងនេះ។

គម្រោងព្រែកជីក Kra Canal ក៏ត្រូវបានសិក្សាដោយ UN ហើយបានផ្តល់យោបល់ឱ្យរដ្ឋាភិបាលថៃសាងសង់គម្រោងព្រែកជីកនេះដែរ។ ប៉ុន្តែរដ្ឋាភិបាលថៃ កំពុងសិក្សាដោយប្រុងប្រយ័ត្នបំផុត ព្រោះគម្រោងនេះ អាចនាំលាភ ហើយក៏អាចនាំគ្រោះដល់ថៃខ្លាំងណាស់ដែរ ប្រសិនបើរដ្ឋាភិបាលថៃធ្វើការសម្រេចមិនបានត្រឹមត្រូវទេនោះ ថៃអាចក្លាយទៅជាមីយ៉ាន់ម៉ាទី២។

ប្រទេសមីយ៉ាន់ម៉ា ក៏ជាចំណុចយុទ្ធសាស្ត្រ នៃការដណ្តើមគម្រោងព្រែកជីក Kra Canal នេះដែរ ហេតុនេះហើយមានប្រទេសមហាអំណាចខ្លះ ដែលនៅលើឆាក Media បានថ្កោលទោសរដ្ឋាភិបាល យោធាមីយ៉ាន់ម៉ា យ៉ាងខ្លាំង ប៉ុន្តែនៅក្រោមឆាកកំពុងគាំទ្រ និងទាក់ទាញមីយ៉ាន់ម៉ា ឱ្យឃ្លាតឆ្ងាយពីចិន ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top