ព័ត៌មានជាតិ

កម្ពុជា បញ្ជាក់ពីចំណងមិត្តភាព «ដែកថែបកម្ពុជា-ចិន» និងគម្រោងប្រាក់កម្ចី

ភ្នំពេញ៖ ច្បាស់ហើយថា ក្រុមអ្នកប្រឆាំងនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ តែងតែលើកយកបញ្ហា ចំណងមិត្តភាពនិងប្រាក់កម្ចីពីប្រទេសចិន មកវាយប្រហារ លើបណ្ដាប្រទេស ដែលជាសម្ព័ន្ធមិត្តជាមួយចិន។ ជាក់ស្ដែងប្រទេសកម្ពុជា ត្រូវបានប្រទេសលោកខាងលិច និងសហគមន៍អឺរ៉ុប តាមរយៈប្រព័ន្ធឃោសនា និងបណ្ដាកូនជឹងរបស់ខ្លួន ដែលមានទាំងបក្សនយោបាយ និងអង្គការ សង្គមស៊ីវិល មួយចំនួន តែងតែបានលើកពីបញ្ហា ចំណងមិត្តភាពនិងប្រាក់កម្ចី កម្ពុជា-ចិន មកវាយប្រហារគ្មានលុះថ្ងៃនោះឡើយ។

ជុំវិញការលើកឡើង របស់ក្រុមអគតិមួយចំនួននោះ ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ចេញមុខអះអាង និងបញ្ជាក់យ៉ាងច្បាស់ៗថា មិត្តភាពដែកថែប កម្ពុជា-ចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ទោះបីជាមាន ប្រទេសដទៃ ចង់បំបែកបំបាក់ ហើយចំពោប្រាក់កម្ចីពីមិត្តចិន មិនទាន់មានហានិភ័យ ជាមួយបំណុលជាតិនោះទេ។

ពាក់ព័ន្ធប្រាក់កម្ចី នៅចំពោះមុខ លោក វ៉ាង យី ប្រមុខការទូតចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនទាន់មានហានិភ័យ ជាមួយបំណុលជាតិនោះទេ។

ប្រមុខការទូតកម្ពុជា បញ្ជាក់ថា «បើនិយាយពីការគ្រប់គ្រងបំណុលវិញ យើងត្រូវយល់ថា អ្វីទៅជាអន្ទាក់បំណុលនោះ? បំណុលជាតិអាចមានហានិភ័យ ចាប់ពីទំហំបំណុលនេះ កើនឡើងលើសពី ៤០ភាគរយ នៃ GDP (ផលិតផលក្នុងស្រុកសរុប) តើប ណុលកម្ពុជាមានប៉ុន្មាន គឺអត់ដល់៣០ភាគរយទេ អញ្ចឹងយើងចេះគ្រប់គ្រងបំណុលរបស់យើងឱ្យនៅក្នុងកម្រិតមួយដែលអាចយើងគ្រប់គ្រងបាន ហើយយើងចេះ គ្រប់គ្រងហិញ្ញវត្ថុរបស់យើង យើងចេះគ្រប់គ្រងសេដ្ឋកិច្ចរបស់យើង យើងខ្ចីលុយយើងចេះប្រើប្រាស់កម្ចីនោះ ឱ្យសមរម្យ»។

ដោយឡែក ចំពោះចំណងមិត្តភាព កម្ពុជា-ចិន ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា «មិត្តភាពដែកថែប កម្ពុជា-ចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ទោះបីជាមាន ប្រទេសដទៃ ចង់បំបែកបំបាក់»។

ថ្លែងក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា « មិនតិចទេប្រទេសដែលមាន កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត ឬភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននឹងប្រទេសដទៃ! ប៉ុន្តែនៅទីនេះ ឯកឧត្ដម ស៊ី ជីនពីង បានបន្ថែមពាក្យ គឺមិត្តដែកថែប »។

សម្ដេចបញ្ជាក់ថា «ចំនុចដែលយល់ដឹងពីន័យនេះ គឺការជឿទុកចិត្តគ្នា ខាងនយោបាយពិតប្រាកដ ដែលគ្មានពេលណារង្គួសរង្គើររវាងភាគីទាំងពីរ ទាំងបីត្រូវរងសម្ភាធពីខាងនេះ សម្ភាធពីខាងនោះ ក៏ប៉ុន្តែយើងមិនបានដោយរោយទៅតាម ការគម្រាម ដោយរោយទៅតាមការលួងលួម របស់អ្នកណាទាំងអស់ ព្រោះយើងត្រូវគោរព ស្មោះត្រង់ក្នុងទំនាក់ទំនងជាមួយគ្នា»។

សម្ដេចតេជោ បានបញ្ជាក់ថា «បើមិនឱ្យខ្ញុំពឹងចិន ឱ្យខ្ញុំទៅពឹងអ្នកណា?»។ សម្ដេច បន្ដថា នេះមិនមែនជាសម្ដីលេងសើច ឬដើម្បីចាញ់ឈ្នះជាមួយអ្នកណាទេ។ សម្ដេចថា តើមានអ្នកដើរតួនាទីជំនួសចិនឬទេ? ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា ខណៈចិន បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាយ៉ាងច្រើន។

សម្ដេចតេជោ មានប្រសាសន៍ថា «តើខ្ញុំមានកំហុសទេ នៅពេលដែលខ្ញុំទៅទាក់ទំនងជាមួយនឹងមិត្តចិន ហើយបានមកស មិទ្ធផលបែបនេះ (សមិទ្ធផលពហុកីឡាដ្ឋានជាតិមរតកតេជោ)។ នេះគ្រាន់តែជាសមិទ្ធផលមួយក្នុងចំណោមសិទ្ធផលរាប់រាយ ដែលការដ្ឋានធំៗ»៕

To Top