ភ្នំពេញ៖ នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ សាលារៀនចាប់ពីអនុវិទ្យាល័យឡើងទៅ នឹងបើកឲ្យសិស្សចូលរៀន ខណៈមុនពេលឲ្យកូនសិស្ស ចូលក្នុងបរិវេនសាលា អាជ្ញាធរភ្នំពេញបានបាញ់ថ្នាំ សម្លាប់មេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីធានាសុវត្ថិភាពដល់ពួកគេថា នឹងគ្មានហានិភ័យណាមួយកើតឡើង ។
ក្នុងឱកាស ចុះពិនិត្យការបាញ់ថ្នាំសំលាប់មេរោគ ក្នុងបរិវេណវិទ្យាល័យ ជា ស៊ីមសន្ធរម៉ុក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដើម្បីត្រៀមបើកគ្រឹះស្ថានអប់រំ ចំណេះដឹងទូទៅជំហានដំបូង ចាប់ពីថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ដោយបើកចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១តទៅ និងត្រូវគោរពតាម សេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្ដិគ្រប់គ្រាន់ ស្របតាមគោលការប្រតិបត្ដិស្ដង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ជាមួយគ្នានោះ លោក មានចាន់យ៉ាដា ភិបាលរងបានឲ្យដឹងថា ការសិក្សាជារឿងចាំបាច់ សម្រាប់សិស្សានុសិស្ស ប៉ុន្តែការការពារពីជំងឺកូវីដ-១៩ ក៏ត្រូវតែប្រកាន់ភ្ជាប់ជានិច្ចដែរ។

លោកថា “ដូច្នេះ ដើម្បីសុវត្ថិភាពរបស់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ថ្ងៃនេះគ្រប់សាលាអនុវិទ្យាល័យ និងវិទ្យាល័យក្នុងរាជធានីភ្នំពេញ នឹងរៀបចំបាញ់ថ្នាំសម្លាប់មេរោគជាមុន ដើម្បីត្រៀមបើកជូនសិស្សានុសិស្ស ចូលសិក្សានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ”។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា ការឲ្យសិស្សានុសិស្សពីថ្នាក់ទី៧ ដល់១២ ចូលរៀនមុនគេនេះ ដោយសារបានចាក់វ៉ាក់សាំងកូវីដ១៩រួចរាល់ ។ ក្នុងវ័យនេះដែរ ក្រោយចាក់រួច ពួកគេ ចេះការពារសុខភាព ក្នុងការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ និងការសំអាតដៃជាដើម ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
