ភ្នំពេញ ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Zoom ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោកឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រួមទាំងមានការចូលរួមពីអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា និងលោកនាយក/លោកស្រីនាយិកាក្រុមហ៊ុនកាស៊ីណូ ទូទាំងប្រទេស។
លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ដើម្បីរត់តាមស្ថានភាពនៃការកើនឡើងនូវសកម្មភាព ក្នុងវិស័យល្បែងពាណិជ្ជកម្មនេះ រាជរដ្ឋាភិបាលបានជំរុញឲ្យមានការគ្រប់គ្រងវិស័យល្បែងនេះប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាពនិងសន្តិសុខសង្គម។
លោកថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលត្រូវបានដាក់ឲ្យប្រើប្រាស់កន្លងមក មានជាហូរហែររួមមាន ៖ ច្បាប់បង្ក្រាបល្បែងស៊ីសង សេចក្ដីសម្រេច និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ប្រកាសអន្តរក្រសួង និងសៀវភៅបន្ទុក ជាដើម។
អគ្គលេខាធិការរូបនេះបន្តថា ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មត្រូវបានរៀបចំតាក់តែងឡើង និងទទួលបានការអនុម័តកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំ ពេញអង្គលើកទី៦ នីតិកាលទី៤ និងត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២០។
ច្បាប់នេះ បានអនុញ្ញាតឲ្យមានការគ្រប់គ្រងលើវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មដទៃទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការកំណត់ចំនួនទុនវិនិយោគអប្បបរមា សម្រាប់អាជីវកម្មកាស៊ីណូ ការកំណត់តំបន់ដែលគួរអនុញ្ញាតឲ្យមានល្បែងពាណិជ្ជកម្ម ឬមិនគួរអនុញ្ញាត ការពង្រឹងសមត្ថភាពស្ថាប័ន និងការបំពាក់នូវបច្ចេកវិទ្យាសមស្របក្នុងការត្រួតពិនិត្យជាប្រចាំ លើកិច្ចដំណើរការ របស់ប្រតិបត្តិករល្បែងពាណិជ្ជកម្ម ជាដើម។
ការផ្សារភ្ជាប់ជាមួយច្បាប់នេះ បានបើកផ្លូវឲ្យមានការរៀបចំអនុក្រឹត្យស្តីពីការកំណត់ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ និងចូលជាធរមាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដើម្បីកំណត់ ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូនៅកម្ពុជា។
ចំណែកលោក ឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាក៏បានថ្លែងដែរថា នេះជាការបើកកិច្ចប្រជុំផ្សព្វផ្សាយលើកដំបូងរបស់កម្ពុជា ពីការដាក់ឲ្យដំណើរការច្បាប់ ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ពាក់ព័ន្ធនិងល្បែងគ្រប់ប្រភេទ ហើយគោលបំណងនៃការបង្កើតច្បាប់នេះ ដើម្បីពង្រឹង សមត្ថភាពសមត្ថកិច្ច ពង្រឹងឯកសារគតិយុត្តិឲ្យមានសុគតិភាព តម្លាភាព និងយុត្តិធម៌ ៕