ព័ត៌មានជាតិ

សក្តានុពលភ្នំជីសូរ តើគួរបន្តទុកចោល ឫក៏ត្រូវអភិវឌ្ឍ បន្ថែមទៀត?

ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បើគេធ្វើដំណើរតាមរថយន្ត ពីភ្នំពេញទៅច្រកភ្នំឌិន (ច្រកព្រំដែន អន្ដរជាតិកម្ពុជានិងវៀតណាម) តាមផ្លូវជាតិលេខ២ គេត្រូវឆ្លងកាត់តាមក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកបាទីនិងប្រាសាទនាងខ្មៅ មានចំងាយ៦២ គីឡូម៉ែត្រ ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ឆ្វេងចូលតាមផ្លូវកៅស៊ូ ដ៏ស្អាតរលោងមួយ មានចំងាយ៥ គីឡូម៉ែត្រ ពីផ្លូវជាតិ ទើបបានមកដល់ទីតាំងភ្នំជីសូរ ខណៈតួប្រាសាទស្ថិតនៅលើកំពូល នៃកូនភ្នំដាច់ដោយឡែកមួយនេះ។ ដោយឡែកបើគេបើគេធ្វើដំណើរ ពីទីរួមខេត្តតាកែវមកវិញ ភ្នំជីសូរ មានចំងាយ ២៧គីឡូម៉ែត្រ។ ភ្នំជីសូរមាន កំពស់ ១៣០ ម៉ែត្រ ធៀបនឹងកម្ពស់នីវ៉ូ ទឹកសមុទ្រ។

១/ រចនាបទ និងរូបរាងប្រាសាទភ្នំជីសូរ
ប្រាសាទភ្នំជីសូរ ស្ថិតនៅក្នុងរចនាបថ ឃ្លាំងនិងបាពួន បើតាមសិលាចារឹក គេអាចដឹងបានថា ប្រាសាទនេះត្រូវបានកសាងឡើង ក្នុងអំឡុងរជ្ជកាល របស់ព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ នៅក្នុងរវាងឆ្នាំ១០១០ ដល់ឆ្នាំ១០១២ នៃគ.ស។ បើគិតពីរាជព្រះអង្គ រវាងឆ្នាំ១០០២ ដល់ ឆ្នាំ១០៥០នៃគ.ស។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនាគឺព្រះឥសូរ បានជាគេថាឧទ្ទិស ចំពោះព្រះឥសូរ ពិព្រោះគេសំអាងលើចម្លាក់ នៅលើហោជាងនិងផ្ដែរ ដែលមានឆ្លាក់ទាក់ទង និងព្រះឥសូរអង្គុយ ជាមួយមហេសីនាងឧមារ នៅលើគោននិ្ទន និងព្រះឥសូររាំរបាំ ជាដើម។ ប្រាសាទនេះកសាងពីថ្មភក់ និងថ្មបាយក្រៀម។

តាមសិលាចារឹក លើភ្នំជីសូរ មានឈ្មោះថា ស្រីសូរ្យបព៌ត ឫ សូរ្យបព៌ត ដែលមានន័យថា ភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១។នៅក្នុងប្រាសាទភ្នំជីសូរមាន សិលាចារឹកពីរ សិលាចារឹកទីមួយ និយាយពីការថ្វាយ គ្រឿងសក្ការៈបូជានានា ចំពោះអាទិទេព នៅលើភ្នំដែលមានឈ្មោះថា នៅសូរ្យបព៌ត ដែលមានន័យថា ភ្នំសូរ្យ នៅក្នុងឆ្នាំ ១០១៩ នៃគ្រិស្តសករាជ។ ចំណែកឯ សិលាចារឹកមួយទៀត គឺសិលាចារឹកទីពីរ បានអធិប្បាយ ពីរាជវង្ស របស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាអាយ្យកាអាយ្យកោ របស់ព្រះអង្គ គឺជាកូនចៅរបស់ស្ដេចហិន្យវរ្ម័ន។

២/ ស្ថានភាពអភិវឌ្ឍបច្ចុប្បន្ន របស់រមណីដ្ឋាន ប្រវត្តិសាស្ត្រភ្នំជីសូរ

នៅលើភ្នំជីសូរ មានប្រាសាទបុរាណ មួយថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសពីប្រាសាទនានា នៅក្នុងតំបន់នេះ ដូចជាប្រាសាទសែន ត្មុលឫឆ្មស់(ត្មុលជាពាក្យបាលីសាស្រឹ្តត ដែលមានន័យថាគោ ដែលសំដៅលើគោននិ្ទន ដែលជាយានជំនិះ របស់ព្រះឥសូរ ប្រាសាទសែនត្មុល សម្រាប់តម្កល់គោននិ្ទន) ប្រាសាទសែនរវាំង (សែនភូវាំង) និងទន្លេអុំ។ ទន្លេអុំដែលជាបារាយណ៏ទឹកថ្លា ឫតំណាងឳ្យទន្លេគង្គា ប្រើសម្រាប់ពីធីសេវលិង្គ ដើម្បីធ្វើពិធីលាងបាប។ គេនិយមដើរឡើង លើភ្នំជីសូរ តាមជណ្តើរថ្ម ខាងលិច ដែលមានចំនួន ៣៩០កាំ ហើយចុះតាមជណ្តើរដដែលវិញផងដែរ។ លើសពីនេះគេ ក៏អាចធ្វើដំណើរតាមផ្លូវឡើង ដែលទើបឈូសឆាយថ្មីៗ ពីតាំងជើងភ្នំ នៅទិសខាងត្បូង សម្រាប់យាន្តយន្តគ្រប់ប្រភេទ ធ្វើដំណើរឡើងទៅដល់កំពូលភ្នំ នៃប្រាសាទ ផ្ទាល់តែម្តង។

ដោយឡែក ពីខាងកើតភ្នំ គេសង្កេតឃើញ មានផ្លូវជណ្តើរបុរាណ មួយខ្សែរផងដែរ ភ្ជាប់ពីប្រាសាទនៅកំពូលភ្នំ ចុះមកត្រង់ភ្លឹង មកដល់ប្រាសាទសែនត្មុល ប្រាសាទសែនរវាំង និងទន្លេអុំ ដែលជាស្រះដ៏ធំមួយ កាលពីអតីតកាល ដែលគេចាត់ទុកជាស្រះ ដ៏ពិសិដ្ឋ សំរាប់ធ្វើពិធីងូតទឹកលាងបាប តាមលទ្ធិព្រហ្មញ្ញសាសនា។ ជណ្តើរបុរាណ ខាងលើនេះ មានសភាពខូចខាត ទ្រុឌទ្រោម បាក់បែក ដោយអន្លើ ដោយសារសំណឹកទឹកភ្លៀង ព្រៃឈើ និងស្មៅដុះលប់លើជណ្តើរថ្មបុរាណ។ ជណ្តើរបុរាណនេះ មិនសូវមានអ្នកទេសចរណ៏ ធ្វើដំណើរឡើង ចុះ ឫឆ្លងកាត់ឡើយ ដោយសារមានសភាពចោតខ្លាំង និងមានសភាពខូចខាតច្រើនផងដែរ។ ជាការកត់សម្គាល់ នៅឆ្នាំ១៩៣៦ សាលាចុងបូព៌ា ធ្លាប់បានជួសជុលប្រាសាទខាងលើនេះ ម្ដងហើយ តែគួរឱ្យស្ដាយប្រាសាទនេះ មួយភាគធំត្រូវបានខូចខាត ដោយការទម្លាក់គ្រាប់ ក្នុងអំឡុងសង្រ្គាម នាដើមទសវត្សរ៍ឆ្នាំ១៩៧០។

៣/ ទីកន្លែងដែលទាក់ទាញ ទេសចរណ៏និងទាមទារ ការអភិវឌ្ឍបន្ថែម

ភ្នំជីសូរ ជារមណីដ្ឋានទេសចរណ៍ ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ នៅលើកំពូលភ្នំនេះ គេអាចគយគន់មើល ទេសភាពវាលស្រែ នៅក្នុងខេត្តតាកែវ ដ៏ល្អប្រណិត គ្រប់ទិសទី។ បច្ចុប្បន្ន បើទោះបីជាបណ្តាញផ្លូវថ្នល់ មានភាពខ្វាត់ខ្វែង និងងាយស្រួល ក្នុងការធ្វើដំណើរកំសាន្ត ទៅមកហើយក៏ដោយ ក៏គេសង្កេតឃើញថា ការអភិវឌ្ឍនៅតំបន់ រមណីដ្ឋានទេសចរណ៏ ប្រវត្តិសាស្ត្រមួយនេះ នៅមានកម្រិតឡើយ ក្នុងការទាក់ទាញភ្ញៀវទេចរណ៏ ទាំងជាតិនិងអន្តរជាតិ ឱ្យមកទស្សនាបានច្រើន តាមដែលអាចធ្វើបាន។
ទន្លេអុំ (ទន្លេឱម)

ទន្លេអុំ​ ដែលជាបារាយណ៏ទឹកថ្លា កាលពីសម័យបុរាណនោះ បានគោករីងស្ងួត និងមានសភាព រាក់ខ្លាំង នៅក្នុងរដូវប្រាំង។ រចនាសម្ព័ន្ធ របស់បារាយណ៏ទឹកថ្លា ដែលអ្នកស្រុកនិយមហៅថា ទន្លេអុំ បានតភ្ជាប់ ដោយផ្លូវលំបុរាណមួយឆ្ពោះមកកាន់ ប្រាសាទសែនរវាំង ប្រាសាទសែនត្មុល និងជណ្តើរបុរាណឡើង មកកាន់ប្រាសាទភ្នំជីសូរ។ តែបើគេឈរគយគន់ មើលចេញពីប្រាសាទ លើកំពូលភ្នំ មកកាន់ប្រាសាទនីមួយៗ នៅខាងក្រោមវិញ គឺទាំងប្រាសាទសែនត្មុល និង ប្រាសាទសែនរវាំង មានរាងជាកាកបាទ បង្ហួសទៅមុខទល់នឹងមុខទន្លេអុំ (ទន្លេឱម) មានលក្ខណៈត្រង់ដូចបន្ទាត់ ដែលធ្វើឱ្យគេនឹកឃើញ និងកោតស្ងប់ស្ងែងនូវស្នាដៃសាងសង់ប្រាសាទនេះឡើង ប្រកបដោយភាពហ្មត់ចត់ និងបច្ចេកទេសធរណីមាត្រ បានយ៉ាងល្អឥតខ្ចោះរបស់បុព្វបុរសដូនតានាសម័យនោះ។

ជាទស្សនៈទាន ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៏ជាតិ អន្តរជាតិឱ្យកាន់តែ ចាប់អារម្មណ៏ទស្សនា តំបន់ភ្នំជីសូរនេះ គេគួរតែជីកស្តារស្រះទន្លេអុំនេះ ឡើងវិញ ឱ្យបានជ្រៅ តាមដែលអាចធ្វើទៅបាន ដែលវានឹងផ្តល់នូវ សក្កានុពលដូចជាទី១ យកអាចម៌ដី ដែលកាយចេញពីស្រះ យកមកចាក់ពង្រីកធ្វើផ្លូវ ទាំងជុំវិញស្រះ និងគ្រប់ផ្លូវចេញ ចូលឆ្ពោះមកកាន់ប្រាសាទនានា ព្រមទាំងស្រះនេះដោយផ្ទាល់ បានដោយងាយស្រួល ក្នុងការធ្វើដំណើរ។ សក្តានុពលទី២ ក្រោយស្តារស្រះបានជ្រៅ ត្រូវរៀបចំសោភ័ណភាព ដាំដើមឈើ ដើមផ្កា ទាំងក្នុងស្រះទឹក(ឈូក ព្រលឹត រំចង់…) និងមាត់ស្រះ ដោយរៀបរចនាសម្ព័ន្ធ លើផ្ទៃស្រះ ឱ្យមានរបៀបរៀបរយ ដោយមាន កន្លែងជិះទូក លំហែរជុំវិញស្រះ(តុបតែងទូកលក្ខណៈបុរាណ) ភោជនីយដ្ឋាន កន្លែងលក់វត្ថុអនុស្សាវរីយ៏ ចំណតរថយន្ត និងការថតរូបកម្សាន្ត ជាលក្ខណៈឯកជន គ្រួសារ ឫក៏ថតតែង អាពាហ៏ពិពាហ៏(Pre-Wedding) ជាដើម។ សក្តានុពលទី៣ បង្កើតឱ្យមានប្រព័ន្ធប្រឡាយបង្ហូរទឹក តូច ធំ ចេញពីរង្វង់ទន្លេអុំ ដែលស្តាររួចនេះ ដើម្បីយកទឹកស្រោចស្រព ដំណាំស្រូវប្រាំង និងដំណំាគួបផ្សំ ផ្សេងទៀត របស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នេះ បង្កើនជីវភាពដាំដុះ ឱ្យបានល្អប្រសើរឡើង។

៤/ប្រាសាទសែនត្មុល និង ប្រាសាទសែនរវាំង

ថ្វីត្បិតតែប្រាសាទទាំងពីរនេះ មានសភាពបាក់បែក ដុំថ្មធ្លាក់រប៉ាត់រប៉ាយ លើដីនៅជុំវិញក៏ពិតមែន ក៏ប៉ុន្តែគ្រឹះរបស់ប្រាសាទ និងតួប៉មរបស់ប្រាសាទមួយចំនួន ហាក់ដូចជារក្សាបាននូវទម្រង់ និងរូបរាងដើម របស់ប្រាសាទដដែល ប៉ុន្តែទាមទារឱ្យ មានជួសជុល ថែរក្សា និងអភិរក្សបន្ថែមទៀត។ បើតាមសេចក្តីរាយការណ៏ របស់ប្រជាពរដ្ឋ ដែលឧស្សាហ៏ចេញចូល រកកាប់អុស និងឃ្វៀលគោ នៅតំនប់ប្រាសាទ ទាំងពីរខាងលើ ប្រាប់ឱ្យដឹងថា ប្រាសាទនេះ ហាក់ដូចជាខ្វះការថែទាំ ឱ្យបានដិតដល់ខ្លាំងណាស់ ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។ ពួកគាត់បានបញ្ជាក់ថា នៅរដូវប្រាំង ឃើញមានឡាន ដឹកដី ដឹកថ្មភ្នំ ឆ្លងកាត់មុខប្រាសាទ ដែលទង្វើនេះវានឹងធ្វើឱ្យប៉ះពាល់ដល់គ្រឹះប្រាសាទ ហើយអាចនឹងដួលរលំពេលណាមួយនាថ្ងៃអនាគត ជាមិនខាន។ ដោយឡែកក្នុងរដូវវស្សា ឃើញមានស្មៅ ព្រៃ ដុះ លុបប្រាសាទ ហ្វូងគោដើរស៊ី និងជុះអាចម៌ដាក់ ជុំវិញប្រាសាទ ជាដើម។

ជាទស្សនៈទាន ប្រាសាទទាំងពីរ ខាងលើគួរត្រូវយកចិត្តទុកដាក់ ជួសជុល អភិរក្សឱ្យបានល្អជាងនេះ ពិសេសត្រូវចាត់វិធានការ មិនឱ្យមានរថយន្តធ្ងន់ធ្ងរ ដឹកដី ដឹកថ្ម ឆ្លងកាត់តំនប់នេះឡើយ។ ការឃ្វៀលគោ និងជីករកទំពាំងព្រៃ គួរធ្វើឡើងឱ្យឆ្ងាយ ពីទីតាំងតួប្រាសាទ។ គួរធ្វើផ្លូវវាងឱ្យ បានឆ្ងាយចេញពីទីតាំងប្រាសាទ ចៀសវាងប៉ះពាល់ រង្គោះរង្គើរ ដល់គ្រឹះរបស់ប្រាសាទ។ មែនទែនទៅ ព្រៃរបោះ ដែលដុះ នៅសងខាងផ្លូវលំ ពីប្រាសាទសែនត្មុល ទៅកាន់ ប្រាសាទសែនរវាំង គួរតែធ្វើការកាប់ឆ្ការចេញ និងពង្រីកផ្លូវឱ្យ បានធំជាងនេះ ព្រមទាំងសាងសង់ ឱ្យបានស្អាតផងដែរ ពិសេសបង្កើតបរិវេណ ឱ្យបានធំទូលាយ សម្រាប់ចតយាន្តយន្ត គ្រប់ប្រភេទបាន។ មួយវិញទៀត ជាទស្សនៈទាន គេអាចសង់ខ្សែរ រ៉ត ដាក់កន្ត្រកយោង ចុះពីលើកំពូលភ្នំ ស្របតាមជណ្តើរបុរាណឡើងប្រាសាទ មកកាន់ប្រាសាទទំាងពីរដែលនៅជើងភ្នំ ដើម្បីភ្ញៀវទេសចរណ៏ ជិះទស្សនាមើលទិដដ្ឋភាព វាលស្រែ ភ្នំ និងលំនៅដ្ឋាន របស់អ្នកស្រុកនៅជុំវិញ។(ទស្សនៈនេះ ទាមទារអ្នកវិនិយោគ ច្បាស់លាស់ និងចំណាយទុនច្រើន និងការគាំទ្រ ពីរាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរដែនដី និងកិច្ចសហការ ពីប្រជាពលរដ្ឋ)។

៥/ ជណ្តើរ បុរាណខាងកើត

បើទោះបីជាជណ្តើរបុរាណ ឡើងទៅកាន់ប្រាសាទ ខាងលើមានលក្ខណៈចោទបន្តិច ពិបាកឡើងក្តី ប៉ុន្តែវាជាភាពទាក់ទាញមួយ សម្រាប់អ្នកចូលចិត្ត ដើរទស្សនាចរណ៏ បែបផ្សងព្រេង និងអ្នកដើរធ្វើ លំហាត់ប្រាណ ដើរឡើងភ្នំជាដើម។ ផ្លូវជណ្តើរឡើង មកកាន់កំពូលប្រាសាទភ្នំជីសូរ ដែលសង់ពីថ្មបាយក្រៀម មានលក្ខណៈធំទូលាយល្អ ប៉ុន្តែជាអកុសល វាត្រូវបាក់ខូចខាត ដោយអន្លើ ដោយសារភាពសឹករេចរឹល នៃទឹកភ្លៀងហូរច្រោះ និងដើមឈើបាក់កាត់ ពិសេស ស្មៅ និងព្រៃឫស្សី ដុះជ្រែកចេញពីរន្ធថ្ម ជាដើម ដែលជាហេតុធ្វើឱ្យជណ្តើរឆាប់រងការខូចខាតខ្លាំង។

ជាទស្សនៈទាន ជណ្តើរបុរាណនេះគួរត្រូវ បានជួសជុល កែលម្អឱ្យបានស្អាតឡើងវិញ ដោយកាប់ឆ្ការព្រៃឫស្សី ស្មៅក្រាស់ៗចេញ ដាក់ជួសថ្មបាយក្រៀមតាមកាំជណ្តើរដែលរបេះ ធ្លាក់បាត់។ បើមានទុនវិនិយោគ គួរសង់ ជាជណ្តើរឈើ ដាក់ពីលើជណ្តើរថ្ម បុរាណនោះ ដោយសង់បង្កាន់ដៃតោង (ធ្វើដូចជណ្តើរឡើង កំពូលប្រាសាទអង្គរ សៀមរាប) ដើម្បីបង្កភាពងាយស្រួល ដល់ភ្ញៀវទេសចរណ៏ ឡើង ចុះ ប្រកប ដោយសុវត្ថិភាព។

៦/កែលម្អបណ្តាញផ្លូវជុំវិញភ្នំ សម្រាប់ដំណើរទេសចរណ៏ បែបផ្សេងព្រេង

បច្ចុប្បន្នគេសង្កេតឃើញ មានបណ្តាញផ្លូវលំ នៅជុំវិញភ្នំជីសូរនេះ មានស្រាប់ខ្លះៗ រួចស្រេចហើយ។ ជាទម្រង់ផ្លូវដើរបង្កើតឡើង ដោយអ្នកភូមិនៅក្បែរៗនេះ ដែលចេញ ចូលមក ឃ្វៀលគោនិងក្របី អ្នកដើររកជីកទំពាំងព្រៃ និងរកអុស ជាដើម។

ជាទសន្សៈទាន គួររៀបចំ តភ្ជាប់បណ្តាញផ្លូវលំទំាងអស់នេះ ទៅជាលក្ខណៈផ្លូវសៀគ្វីទេសចរណ៏បែបដើរផ្សងព្រេង(Trail Trekking) ជិះកង់ ជិះរទេះគោ ជិះសេះ ជាដើម។ ដំណើរកំសាន្តបែបនេះ ជានិន្នាការថ្មី នាពេលបច្ចុប្បន្ន សម្រាប់យុវជន ក៏ដូចជាភ្ញៀវបរទេសមួយចំនួន ដែលចូលចិត្តដើរ រុករក នូវអ្វីដែលប្លែក និងថ្មីៗ នៅតាមតំបន់ទេសចរណ៏ ធម្មជាតិ និងប្រវត្តិសាស្ត្របែបនេះ។ គេគួរណែនាំ អ្នកភូមិជាអ្នកបង្កើត និងផ្តល់សេវាកម្មនេះ។

ជាសេចក្តីសន្និដ្ឋាន រមណីដ្ឋានប្រវត្តិសាស្ត្រភ្នំជីសូរ ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៏មួយ ដ៏មានសក្តានុពល ដែលទេសចរក្នុងស្រុក និងបរទេស មិនគួរមើលរំលងនោះទេ។ ពិសេស វាស្ថិតនៅមិនឆ្ងាយ ប៉ុន្មាននោះឡើយ ពីរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះ ព្រំប្រទល់រាជធានី បានខិតស្ទើរតែ ជិតមកដល់រមណីដ្ឋាននេះ ទៅហើយ។ បើគេឡើងសំលឹងមើល ពីកំពូលភ្នំជីសូរមក គេអាចមើលឃើញ រាជធានីភ្នំពេញ បានយ៉ាងច្បាស់ តាមរយៈអាគារខ្ពស់ៗ ដែលសង់រីកស្គុះស្គាយ ដុះឈរយ៉ាងខ្ពស់ត្រដែតត្រដឹម នៅក្នុងរាជធានីនោះ។ ដូច្នេះដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនា សម្រាកសម្រាន្ត ក្រោមបំពេញការងារ នឿយហត់ ឱ្យបានច្រើននៅតំបន់នេះ គេគួរតែកែប្រែ និងអភិវឌ្ឍតំបន់រមណីដ្ឋាននេះ ឱ្យបានល្អប្រសើរជាងនេះ ដូចបានរៀបរាប់ ពីខាងដើមមក លើសពីប្រាសាទ ដែលមានសក្កានុពល ស្រាប់៕

( ចូលរួម អត្ថបទដោយ៖ គឹម វណ្ណដន)

To Top