ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ឲ្យកងទ័ពបញ្ឈប់​ ស្នើសុំប័ណ្ណខេមរភូមិន្ទ បំពាក់រថយន្ដឯកជន ទោះយកមកបម្រើ អង្គភាពក៏ដោយ (Video)

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានណែនាំឲ្យកងទ័ពបញ្ឈប់ការស្នើសុំប័ណ្ណខេមរភូមិន្ទ ដើម្បីបំពាក់លើរថយន្ដឯកជន ទោះបីយករថយន្ដនោះ មកបម្រើការងារក្នុងអង្គភាពក៏ដោយ ។ លោកក៏បានឲ្យយករថយន្ដ មិនទាន់បង់ពន្ធនាំចូល ត្រូវប្រញ៉ាប់បង់ពន្ធជូនរដ្ឋ ។

យោងតាមសេចក្ដីណែនាំ របស់អគ្គបញ្ជាការដ្ឋាន នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាឲ្យកង យោធពលខេមរភូមិន្ទទាំងអស់ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ របស់រាជរដ្ឋាភិបាល លើការប្រមូលពន្ធ ចំពោះយានយន្តឯកជនដែលជ្រកក្រោម ផ្លាកលេខខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍បញ្ជាក់ថា «បញ្ឈប់រាល់ការស្នើបណ្ណខេមរភូមិន្ទ ដើម្បីបំពាក់លើរថយន្តឯកជន បើទោះបីជារថយន្តទាំងនោះ ចូលរួមផ្នែកណាមួយក្នុងការបម្រើការងារអង្គភាពក្តី។ ត្រូវយករថយន្តចង្កូតស្តាំកែទៅជាចង្កូតឆ្វេង ។ រីឯរថយន្ត ចង្កូតឆ្វេងដែលមិនទាន់បង់ពន្ធនាំចូល ត្រូវប្រញាប់ទៅបង់ពន្ធជូនរដ្ឋ តាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា»។

នាយឧត្តមសេនីយ៍បន្ដថា ត្រូវបញ្ឈប់ជាបន្ទាន់ នូវការបន្តប្រើប្រាស់ដោយខុសច្បាប់ ការផ្ទេរដោយការធ្វើអំណោយ ការជួល ឬការលក់រថយន្តផ្លាកលេខ ខេមរភូមិន្ទទៅឲ្យអ្នកដទៃ។ ប្រសិនបើរកឃើញថា មានហេតុការណ៍ ខាងលើនេះ កើតមានឡើង យោធិននោះនឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ។

យោងសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានស្នើក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជន ដែលជ្រកក្រោមផ្លាកលេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេស ផ្លាកលេខ ខ.ម និង ន.ប ដើម្បីឲ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់គយ៕

To Top