ព័ត៌មានជាតិ

លោក ជា ចាន់តូ៖ ប្រព័ន្ធធនាគាររក្សាបានភាពធន់ និងរួមចំណែកគាំទ្រ សកម្មភាពសេដ្ឋកិច្ច

ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធធនាគាររក្សាបានភាពធន់ និងរួមចំណែកគាំទ្រ សកម្មភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេស ជួយដល់វិស័យទទួល រងផលប៉ះពាល់ និងប្រជាជនងាយរងគ្រោះ ដោយកូវីដ-១៩។

ក្នុងជំនួបពិភាក្សាការងារ ជាមួយក្រុមបេសកកម្ម ពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Alasdair Scott សេដ្ឋវិទូជាន់ខ្ពស់ និងជាប្រធាន ក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV សម្រាប់កម្ពុជា តាមរយៈប្រព័ន្ធអនឡាញ នាពេលថ្មីៗនេះ លោក ជា ចាន់តូ បានលើកឡើងពីស្ថានភាព សេដ្ឋកិច្ចកម្ពុជា ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងវិធានការគាំទ្រសង្គម និងសុខាភិបាល ដែលត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព។

លោកបញ្ជាក់ថា «គ្រប់គ្រងសម្ពាធអតិផរណា ដោយកម្ពុជារក្សាបានក្នុងកម្រិតទាបជាង៣% ជាមួយស្ថិរភាពអត្រាប្តូរប្រាក់ (ប្រែប្រួលទាបជាង ២%)។ កម្ពុជាក៏បានរក្សាកម្រិតខ្ពស់ គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលអាចធានាការនាំចេញ ទំនិញនិងសេវាប្រមាណ ១០ខែ។ ទន្ទឹមនេះ ប្រព័ន្ធធនាគារក៏បានរក្សាភាពធន់ និងបានរួមចំណែកក្នុងការ គាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានជួយដល់វិស័យ ដែលទទួលរងផលប៉ះពាល់ និងប្រជាជនងាយរងគ្រោះ» ។

នាឱកាសនោះ លោក ជា ចាន់តូ ក៏បានវាយតម្លៃខ្ពស់ចំពោះ ជំនួយបច្ចេកទេសរបស់ IMF ជាពិសេសវត្តមាន ការិយាល័យតំណាងរបស់ IMF នៅកម្ពុជា និងជំនាញការ IMF នៅធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកគាំទ្រ ការរៀបចំអនុវត្តគោលនយោបាយនានា ក៏ដូចជា ការអភិវឌ្ឍធនធានមនុស្ស។

សូមរំលឹកថា បេសកកម្មពិគ្រោះយោបល់មាត្រា IV ជាបេសកកម្មរបស់ IMF ដែលត្រូវបានធ្វើឡើងជាប្រចាំឆ្នាំ នៅគ្រប់បណ្តាប្រទេសជាសមាជិក ក្នុងគោលបំណងតាមដានស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលើកជាអនុសាសន៍គោលនយោបាយ សម្រាប់អនុវត្តសំដៅគាំទ្រ ការអភិវឌ្ឍសេដ្ឋកិច្ច ៕

To Top