ព័ត៌មានជាតិ

ដំណឹងល្អ! កម្ពុជា-ចិន កំពុងចាប់ផ្តើម ចរចា លើការនាំចេញ ផ្លែមៀនកម្ពុជា ទៅកាន់ប្រទេសចិន

ភ្នំពេញ៖ ក្រោយបញ្ចប់ទស្សនកិច្ច ប្រមុខការទូតចិន នៅក្នុងប្រទេសកម្ពុជា ភ្លាម ដូចដែលការសន្យា ភាគីចិនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានរៀបចំទិញផ្លែមៀនជួយកសិករខ្មែរ ដែលកំពុងជួបបញ្ហាប្រឈម។

សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានសន្យាយ៉ាងច្បាស់លាស់ថា ចិននឹងនាំផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។

ការសន្យានេះស្របពេលដែល ប្រទេសកម្ពុជាក៏ដូចជាបណ្ដាប្រទេសជិតខាង កំពុងជួបប្រទះនូវវិបត្តិកូវីដ១៩ ដែលបណ្ដាលឱ្យការនាំចេញ-ចូល កសិផល មានភាពយឺតយ៉ាវ មិនទាន់សភាពការនៃការប្រមូលផល របស់កសិករខ្មែរ។

នៅលើគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា «ការទិញផ្លែមៀនជួយកសិករ ដោយស្ថានទូតចិននិងសភាពាណិជ្ជកម្មចិន នៅកម្ពុជា ត្រូវបានរៀបចំឡើង នៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង»។

លោក Pan Dongfeng អនុប្រធានអចិន្រ្តៃយ៍ សភាពាណិជ្ជកម្មចិននៅកម្ពុជា និងជាប្រធានសមាគម វិស័យកសិកម្ម និងលោក ឈឹម វជីរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ។

លោក ឈឹម វជីរា បានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មចិននៅកម្ពុជា ដែលបានជួយទិញផ្លែមៀន ពីកសិករក្នុងស្រុក ដោយតាមរយៈមន្ទីរកសិកម្មខេត្ត នេះជាការជួយដ៏មានតម្លៃ និងទាន់ពេលវេលាបំផុត ជូនដល់កសិករខេត្តបាត់ដំបង។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា ចិននិងកម្ពុជាពុះពាររាល់បញ្ហាប្រឈម នៃជំងឺវីរុសកូវីដ១៩ បានចាប់ផ្តើមកិច្ចចរចា ស្តីអំពីការនាំចេញផ្លែមៀនកម្ពុជា ទៅកាន់ប្រទេសចិន។

ភាគីកម្ពុជាកំពុងរៀបចំ ផែនការនិងវិធានការ ការពារចំពោះហានិភ័យសត្វល្អិត ដែលអាចកើតទៅតាមតម្រូវការ។ រំពឹងទុកថា ផ្លែមៀនកម្ពុជានឹងក្លាយជាផ្លែឈើស្រស់ប្រភេទទីបី ដែលទទួលបានការអនុញ្ញាតនាំចេញ ទៅកាន់ប្រទេសចិន បន្ទាប់ពីផ្លែចេកនិងស្វាយ៕

To Top