ព័ត៌មានជាតិ

ក្លឹបអ្នកកាសែត បើកវេទិកាពិភាក្សា ជាមួយអ្នកព័ត៌មាន ក្រោមប្រធានបទ ការរៀបចំប្រជុំកំពូលអាស៊ី-អឺរ៉ុប

ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំវេទិកាពិភាក្សា ជាមួយអ្នកសារព័ត៌មាន តាមប្រព័ន្ធ Zoom ក្រោមប្រធានបទ «ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប»។

វេទិកាតាមប្រព័ន្ធ Zoom នាពេលព្រឹកនេះ មានវាគ្មិនចូលរួមដោយ លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា លោក លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ និងលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

គួរបញ្ជាក់ថា ដោយទទួលបានសំណូមពរ ជាច្រើនពីអ្នកសារព័ត៌មាន ក្លឹបអ្នកកាសែតកម្ពុជា ក៏បានរៀបចំវេទិកា ដូចប្រធានបទខាងលើ ដើម្បីអ្នកសារព័ត៌មាន បានស្វែងយល់ដឹងអំពីការ ត្រៀមរៀបចំរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរុប លើកទី១៣ ដែលគ្រោងនឹងត្រូវ រៀបចំធ្វើឡើងតាមរយៈ Zoom នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។

តាមរយៈវេទិកានេះ អ្នកសារព័ត៌មានទទួលបាន នូវព័ត៌មានផ្សេងៗទៀត ដូចជា ប្រវត្តិ និងខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប រួមទាំងសារៈប្រយោជន៍ដែលកម្ពុជា នឹងទទួលបានក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣នេះ។

ជាងនេះទៅទៀត ក្លឹបអ្នកកាសែតកម្ពុជា ក៏ចាត់ទុកវេទិកាខាងលើនេះ មានសារៈសំខាន់សម្រាប់ អ្នកសារព័ត៌មានលើកជាសំណួរផ្សេងៗ ទៅវាគ្មិនទាក់ទងការត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរុប រួមទាំងសំណួរមួយចំនួនទៀត ដែលអ្នកសារព័ត៌មានចង់ដឹងលម្អិត សម្រាប់ការចូលរួមយកព័ត៌មាន ក៏ដូចជា ការសរសេរព័ត៌មានអំពី កិច្ចប្រជុំនោះផងដែរ ៕

To Top